(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បាននាំយកអំណោយស្បៀងអាហាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ទៅឧបត្ថម្ភជូនអតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលីចំនួន១២គ្រួសារ ដែលកំពុងមានជីវភាពលំបាកខ្វះខាត នៅឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ព្រោះបងប្អូនអតីតយុទ្ធជន គឺជាអ្នកដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ និងបានរួមចំណែកជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងការអនុវត្តនយោបាយឈ្នះឈ្នះ ធ្វើឱ្យប្រទេសជាតិយើងមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ។

ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានជូនពរដល់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារទាំងអស់ សូមបានប្រកបតែសេចក្តីសុខសេចក្តីចម្រើនសុខភាពល្អ និងសុភមង្គលគ្រប់ៗក្រុមគ្រួសារកុំបីអាក់ខានឡើយ។

លោកបានអំពាវនាវបងប្អូនអតីតយុទ្ធជនពិការ និងគ្រួសាអតីតយុទ្ធជនពលី ត្រូវខិតខំថែទាំសុខភាពរស់នៅស្អាតមានអនាម័យ ដើម្បីចៀសផុតពីជំងឺផ្សេងៗ និងត្រូវខិតខំបង្កបង្កើនផលដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីលើកស្ទួយ ជីវភាពប្រចាំថ្ងៃរបស់ក្រុមគ្រួសារនីមួយៗ និងត្រូវចូលរួមអនុវត្តនូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ពិសេសរួមគ្នាថែរក្សាឱ្យបាននូវសុខសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះ ឱ្យនៅគង់វង្សជារៀងរហូត ដើម្បីប្រទេសជាតិយើងបន្តការអភិវឌ្ឍឱ្យមានការរីកចម្រើនរុងរឿងបន្ថែមទៀត។

លោកបាននាំយកអំណោយស្បៀងអាហារគ្រឿង ឧបភោគបរិភោគ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនដល់បងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនពលី ដែលមានជីវភាពលំបាកខ្វះខាត ចំនួន១២គ្រួសារ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ដោយក្នុង១គ្រួសារទទួលបាននូវ អង្ករចំនួន ២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីចំនួន១យួរ ត្រីខកំប៉ុងចំនួន១យួរ និងថវិកាមួយចំនួនផងដែរ។

លោក ទេព រីន អភិបាលរងស្រុកសណ្តាន់ តំណាងឲ្យបងប្អូនអតីតយុទ្ធជនពិការ និងគ្រួសាអតីតយុទ្ធជនពលី ដែលមានជីវភាពលំបាកខ្វះខាតទាំងអស់ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលបានជួយដោះស្រាយការលំបាកជូនពួកគាត់បានទាន់ពេលវេលា និងសូមគោរពជូនពរសម្ដេច លោកជំទាវ និងក្រុមការងារទាំងអស់ សូមទទួលបាននូវពុទ្ឋពរទាំងឡាយបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ៕