(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ១,០០០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ នៅភូមិកោះកែវក្រោម ឃុំកោះកែវ និងផ្លូវក្រាលគ្រួសក្រហម ប្រវែង ៦២០ម៉ែត្រ ទទឹង ៧ម៉ែត្រ កម្រាស់ ០.២ម៉ែត្រ នៅភូមិពាមស្ពឺ ឃុំព្រែកឬស្សី ស្រុកល្វាឯម ខេត្តកណ្តាល។

នាឱកាសនោះលោក គង់ សោភ័ណ្ឌ បានឱ្យដឹងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអគ្គមគ្គុទ្ទេសក៏វ័យក្មេងដ៏ឆ្នើម បានដាក់ចេញគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានអាទិភាពគន្លឹះចំនួន៥៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា ដោយតម្កល់មនុស្សជាអាទិភាពនៅលើគេ។

នយោបាយនេះនៅតែជាអាទិភាព និងស្ថិតនៅលើផ្លូវត្រូវទាំងក្នុងអតីតកាល បច្ចុប្បន្នកាល ក៏ដូចជាអនាគតកាល សម្រាប់ការកសាង ប្រទេសកម្ពុជា ឆ្ពោះទៅរកការរីកចម្រើនលើគ្រប់វិស័យ «មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម និងមានការអភិវឌ្ឍលើគ្រប់វិស័យ, មានសន្តិភាព ទើបមានអ្វីៗដូចថ្ងៃនេះ»

លោកអភិបាលខេត្ត បានណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់អនុវត្តនូវគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង ឱ្យបានល្អប្រសើរ។ បន្តពង្រឹងនិងកែលម្អការ ផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ដោយជំរុញអនុវត្តឱ្យបានតាមទិសស្លោក «ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព» ក្នុងការផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលគ្រប់ប្រភេទជូនប្រជាពលរដ្ឋ។ បន្តរួមគ្នាខិតខំដោះស្រាយ សំណើ សំណូមពរ និងបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ជាពិសេសខិតខំកាត់បន្ថយការថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធភាពខ្ពស់។

នាឱកាសនោះ បងប្អូនប្រជាពលរដ្ឋស្រុកល្វាឯម បានសម្តែងការសប្បាយរីករាយ ត្រេកអរជាពន់ពេកនូវសមិទ្ធផលនេះ និងបានអរគុណដល់លោកអភិបាលខេត្ត, អរគុណដល់រាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ ជួយកសាងហេដ្ឋារចនាសម្ព័ន្ធជូនពួកគាត់ បានធ្វើដំណើងាយស្រួល និងប្ដេជ្ញាគាំទ្រជារៀងរហូត៕