(កំពង់ធំ)៖ ក្នុងពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងជនមានពិការភាពអន្តរជាតិលើកទី៤១ ក្រោមប្រធានបទដំណោះស្រាយមួយប្រកបដោយនិវាអនុវត្តន៍ដើម្បីសង្គមមួយមានផាសុខវត្ថុនិ ងសមធម៌ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅស្រុកសន្ទុក។ លោក លី វេត អភិបាលរងខេត្តកំពង់ធំ បានលើកឡើងថា ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុខវត្ថុ និងសមធម៌។

លោកអភិបាលរងខេត្ត បានសង្កត់ធ្ងន់ថា ជនមានពិការភាព គឺគោលបំណងបង្កើនការផ្សព្វផ្សាយ និងយល់ការដឹងអំពីសិទ្ធិជនមានពិការភាពសំដៅប្រមូលផ្ដុំនូវការគាំទ្រ ដើម្បីរួមចំណែករាល់សកម្មភាព ជាក់ស្ដែងក្នុងការអភិវឌ្ឍន៍ សុខុមារភាពជនមានពិការភាព។

ការប្រារព្ធទិវាជនមានពិការភាពនេះ ធ្វើឡើងដើម្បីរំលឹកអំពីមហាវិនាសកម្មនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុក្ខនូវផលវិបាកជាច្រើនរួមមាន៖ ជនមានពិការភាព ស្ត្រីមេម៉ាយ កុមារកំព្រា ហើយមរតក សង្គ្រាមនេះបានបន្សល់ទុកគ្រាប់មីនកាកសំណល់ជាតិផ្ទុះពាសពេញផ្ទៃប្រទេស ដែលធ្វើឱ្យប្រជាជនកម្ពុជាប្រឈម និងរងគ្រោះ ហើយមួយចំនួនទៀតបានទទួលរងនៅពិការភាពដោយគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ការងារ ពិការពីកំណើត ចាស់ជរាជំងឺរ៉ាំរ៉ៃ និងមូលហេតុផ្សេងៗជាច្រើនទៀត។ល។

លោក លី វេត សូមសំដែងនូវកត្តញ្ញូតាធម៌ដ៏ធំធេងចំពោះអតីតនាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចទាំងទ្វេបានលះបង់ធនធានកម្លាំងកាយថាមពលយកចិត្តទុកដាក់គិតគូរ អំពីសុខទុក្ខជនមានពិការភាពគ្រប់ពេលវេលាគ្រប់ទីកន្លែង។

លោកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានជំរុញឱ្យមានការគោរពសិទ្ធិជាមូលដ្ឋានរបស់ជនមានពិការភាព ដោយមើលឃើញសមត្ថភាពជូនមានពិការភាពនេះ នឹងផ្ដល់ឱកាសស្មើភាពចំពោះជនមានពិការភាពក្នុងការបង្កើតមុខរបរ សំដៅដោះស្រាយ និងបង្កើនប្រាក់ចំណូល ព្រមទាំងទទួលបាននូវសេវាអប់រំ សុខាភិបាល សង្គមកិច្ច ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការចូលរួមសកម្មភាពនយោបាយ និងការអភិវឌ្ឍសង្គមជាតិ។ ដូចនេះ បងប្អូនដែលជាជនមានពិការភាពដែលមានវត្តមាននៅថ្ងៃនេះត្រូវធ្វើយ៉ាងណាកុំមានភាពអស់សង្ឃឹមក្នុងជីវិត ត្រូវពង្រឹងនៅសមត្ថភាពដែលខ្លួនមានឱ្យអស់ពីលទ្ធភាព ដើម្បីបង្ហាញនូវទេពកោសល្យថ្មីៗល្អៗ ពីព្រោះនៅក្នុងស្ថាប័នមន្ត្រីរាជការស៊ីវិលក៏មានបងប្អូនដែលជាជនមានពិការភាពកំពុងតែធ្វើការ ហើយមានជំនាញច្បាស់លាស់ព្រមទាំងទទួលបាននូវការកោតសរសើរពីថ្នាក់ដឹកនាំទៀតផង។

លោក លី វេត កោតសរសើរ និងថ្លៃអំណរគុណចំពោះមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ស្ថាប័នពាក់ព័ន្ធ អង្គការក្រៅរដ្ឋាភិបាលនានាដែលបានចូលរួម និងឧបត្ថម្ភកក្នុងកម្មវិធីនេះ ក៏ដូចជាការគាំទ្រដល់ជនមានពិការភាពផងដែរ។

សូមបញ្ជាក់ថា កម្មវិធីនេះមានអ្នកចូលរួមជាជនមានពិការភាពចំនួន៣២៦នាក់ ក្នុងមួយនាក់ទទួលបានក្រមា១ និងថវិកាមួយចំនួនផងដែរ៕