(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក មាន ចាន់យ៉ាដា អភិបាលរង និងជាតំណាងអភិបាលប្រធានគណៈកម្មាធិការ ត្រួតពិនិត្យ គ្រឿងញៀនរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំពាក់ព័ន្ធនានា និងស្តាប់របាយការណ៍ស្តីពីវឌ្ឍនភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ មានគោលបំណងសំខាន់ ដើម្បីផ្សព្វផ្សាយផែនការ បទបញ្ជា គោលការណ៍ណែនាំ និងវិធានការនានាដែលបានដាក់ចេញ និងសហការ តាមដាន ត្រួតពិនិត្យការអនុវត្តសកម្មភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជធានីភ្នំពេញ ធ្វើកិច្ចពិភាក្សា​ លើកជាយោបល់​ ការពន្យល់លម្អិតវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីបង្កើនប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនស្របតាមឆន្ទៈ និងគោលការណ៍ណែនាំរបស់សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ពាក់ព័ន្ធនឹងការងារអាទិភាពទាំង៥។

ក្នុងនាមលោក ឃួង ស្រេង, ក្នុងឱកាសនោះ លោក មាន ចាន់យ៉ាដា បានលើកឡើងពីការចាត់តាំងអនុវត្ត និងលទ្ធផលលើការងារជាអាទិភាពទាំង៥ និងលិខិតបទដ្ឋាននានាដែលបានដាក់ចុះកន្លងមក និងគ្រប់សមាសភាព ទាំងអស់ត្រូវបន្តរៀបចំផែនការច្បាស់លាស់ កំណត់គោលដៅ មុខសញ្ញាជាក់លាក់ចាត់តាំងអនុវត្តនូវការងារអាទិភាពទាំង៥ឱ្យមានប្រសិទ្ធភាពបន្ថែមទៀត។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានកោតសសើរ លើកទឹកចិត្ត និងបានណែនាំដល់គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ ត្រូវអនុវត្តការងារដូចខាងក្រោម៖

*ទី១៖ បន្តរៀបចំផែនការសកម្មភាពជាក់លាក់ក្នុងការចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនស្របតាមបទបញ្ជា និងគោលការណ៍ណែនាំពាក់ព័ន្ធនានាដែលរាជរដ្ឋាភិបាល និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់ចេញនាពេលកន្លងមក។
*ទី២៖ ត្រូវបង្កើនការផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀនគ្រប់វេទិកាសារធារណៈរបស់រាជធានី ខណ្ឌ សង្កាត់ ជាពិសេស តាមរយៈប្រព័ន្ធទំនាក់ទំនងសង្គមនានា ការដាក់តាំងបដា ប៉ាណូផ្សព្វផ្សាយនៅតាមទីប្រជុំជន រមនីយដ្ឋាន និងទីតាំងសប្បាយដ្ឋាននានា
*ទី៣៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បន្តបង្កើនការត្រួតពិនិត្យរដ្ឋបាលតាមគោលដៅប្រឈមនានា ដូចជា ផ្ទះសំណាក់ សណ្ឋាគារ បារ ក្លឹបកំសាន្ត និងទីតាំងសប្បាយដ្ឋាននានា ដោយត្រូវគ្រប់គ្រង អប់រំណែនាំ និងធ្វើកិច្ចសន្យាឲ្យបានច្បាស់លាស់ជាមួយម្ចាស់ និងអ្នកទទួលខុសត្រូវអាជីវកម្ម ឬទីតាំងទាំងនោះ។
*ទី៤៖ ត្រូវយកចិត្តទុកដាក់ពិនិត្យ ឃ្លាំមើល រកទីតាំង សង្ស័យទាំងឡាយណាដែលអាចកែច្នៃផលិតសារធាតុញៀន ដូចជា ទីតាំងធំៗ បុរី ខុនដូ ។ល ។
*ទី៥៖ ត្រូវបន្តចាត់តាំងអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្តិភាពឲ្យមានប្រសិទ្ធភាព និងប្រកាន់ភ្ជាប់នូវទិសស្លោកជាតិ ៣កុំ ១រាយការណ៍ ។
*ទី៦៖ ត្រូវរៀបចំផែនការអន្តរាគមន៍ និងបញ្ជូនអ្នកញៀនទៅព្យាបាលស្តារនីតិសម្បទានៅតាមមណ្ឌល និងត្រូវបែងចែកអ្នកញៀនកម្រិតស្រាលគួរណែនាំ និងបញ្ជូនទៅរកសេវាព្យាបាលនៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពដែលមានផ្តល់សេវាប្រឹក្សា និងព្យាបាលអ្នកញៀនគ្រឿងញៀន និងពង្រឹងយន្តការសមាហរណកម្ម៕