(ព្រៃវែង)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានណែនាំដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដែលបានបែងចែកតួនាទីភារកិច្ចរួមហើយនោះ ត្រូវខិតខំយកចិត្តទុកដាក់ចុះជួយដោះស្រាយរាល់បញ្ហាទុក្ខលំបាករបស់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាដើម្បីឲ្យខេត្តព្រៃវែងនេះកាន់តែរីកចម្រើនបន្ថែមទៀត។

ការណែនាំនេះ ធ្វើឡើងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាខេត្តព្រៃវែង។

លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានលើកឡើងថា ក្រោយពីបានប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ រួចមក ក្រុមការងារបានអនុវត្ត ដោយយកចិត្តទុកដាក់ខ្ពស់ទៅតាមតួនាទីភារកិច្ចរបស់ខ្លួន ជាពិសេសសកម្មភាព រួមគ្នាទាំងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ធ្វើការដោះស្រាយបញ្ហាប្រឈមនានានៅមូលដ្ឋាន ដែលទទួលបានតាមរយៈ ការរៀបចំវេទិកាសាធារណៈនៅថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ ភូមិ ការចុះជួបសំណេះសំណាលសួរសុខទុក្ខ និងការចូលរួមកម្មវិធីផ្សេងៗជាមួយប្រជាពលរដ្ឋ ស្របតាមសេចក្តីណែនាំលេខ០១ សណន ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ស្តីពីតួនាទីភារកិច្ច និងរបៀបរបបការងារសម្រាប់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានី-ខេត្ត។ 

លោកបានបន្តថា ជាក់ស្ដែង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់ថ្នាក់បានប្រជុំផ្ទៃក្នុងចំនួន៣៩២លើក បានចូលរួមសកម្មភាពក្នុងព្រឹត្តិការណ៍នានានៅមូលដ្ឋានចំនួន១,១៤១លើក ចុះជួបប្រាស្រ័យផ្ទាល់ ជាមួយប្រជាពលរដ្ឋចំនួន៧៥៦លើក និងបានរៀបចំវេទិកាសាធារណៈចំនួន១,៦៣៥លើក ក្នុងនោះទទួលបាននូវសំណើ សំណូមពររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងសរុបចំនួន១,៧៦១ករណី បានដោះស្រាយរួចចំនួន១,៤៦៧ករណី កំពុងដោះស្រាយ១៣៣ករណី មិនទាន់ដោះស្រាយចំនួន១៤៥ករណី និងបញ្ជូនទៅថ្នាក់ជាតិចំនួន១៦ករណី។

លោកអភិបាលខេត្ត បានប្តេជ្ញាចូលរួមអនុវត្តឲ្យបានជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសម្រាប់និតិកាលទី៧នៃរដ្ឋសភា ជាពិសេសអនុវត្តតាម អនុសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី ស សុខា បានថ្លែងថា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ដែលបានបែងចែកតួនាទីភារកិច្ចក្នុងការចុះជួយនៅតាមបណ្ដាលស្រុកនីមួយៗក្នុងខេត្តព្រៃវែង ត្រូវខិតខំយកចិត្តទុកដាក់ ចុះជួយដោះស្រាយរាល់បញ្ហាទុក្ខលំបាករបស់ប្រជាពលរដ្ឋធ្វើយ៉ាងណា ដើម្បីឲ្យខេត្តព្រៃវែងនេះកាន់តែរីកចម្រើនបន្ថែមទៀត។

លោកឧបនាយករដ្ឋមន្ត្រីបានណែនាំដល់រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុកទាំងអស់ត្រូវពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីធានានូវសន្តិសុខជូនប្រជាពលរដ្ឋ។ បន្តធ្វើវេទិកាសាធារណៈ និងការចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីក្តាប់ឲ្យបានពីតម្រូវការ សំណូមពរ និងបញ្ហាប្រឈមនានាសម្របសម្រួល កៀរគរគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធពីដៃគូនានា ដើម្បីអភិវឌ្ឍន៍មូលដ្ឋានបន្ថែមទៀត៕