(បាត់ដំបង)៖ ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ នៅថ្នាក់ក្រោមជាតិ ក្នុងខេត្តបាត់ដំបង ក្រោមវត្តមានសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការចូលរួមដោយលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត លោក សុខ លូ អភិបាលខេត្តបាត់ដំបង សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងទាំងបីភេទ អភិបាលក្រុងស្រុក ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្តមេឃុំ ចៅសង្កាត់ សរុបអ្នកចូលរួមចំនួន៣៣៨នាក់។

លោកសន្តិបណ្ឌិត សុខ ផល បានលើកឡើងថា ក្រសួងបានចុះមកត្រួតពិនិត្យវាយតម្លៃនៃការប្រលងប្រណាំងរបស់សមត្ថកិច្ចមូលដ្ឋាន ដែលបានអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្តិភាពកន្លងមកបានល្អប្រសើរ និងចំណុចខ្វះខាតត្រូវខិតខំបន្តធ្វើឲ្យល្អបន្ថែមទៀតក្នុងឆ្នាំ២០២៤នេះ។

លោករដ្ឋលេខាធិការបានបន្តថា ដោយសារអាធរមូលដ្ឋានយើងអនុវត្តបានល្អនេះហើយទើប យើងទទួលបាននូវជ័យជម្នះគ្រប់បែបយ៉ាង ទាំងសុខសុវត្តិភាពសន្តិសុខ នយោបាយ មានភាពស្ងប់ស្ងាត់ល្អប្រសើនៅតាមូលដ្ឋាន។ ក្នុងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ននេះ មានអាទិភាពលើចំណុចទាំង៥ គឺធនធានមនុស្ស ទឹក ភ្លើង ផ្លូវ និងបច្ចេកវិទ្យា។

លោកបន្តទៀតថា ការដោះស្រាយទំនាស់វិវាទក្រៅប្រព័ន្ទតុលាការ គឺមានសារសំខាន់ណាស់ ធ្វើឲ្យយើងបានកាត់បន្ថយការប្តឹងផ្តល់ទៅតុលាការ ចំណាយថវិកានិងពេលយូរជាងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បើយើងអាចសម្រួលគ្នាបាន គឺទទួលបានឈ្នះទាំងអស់គ្នានិងចំណេញពេលវេលាផងដែរ។

ការប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្តិភាព គឺជាការចាំបាច់ណាស់ ដើម្បីឆ្លុះបញ្ចាំងពីប្រសិទ្ធភាពការងាររបស់មូលដ្ឋាននីមួយៗ ក្រោយពីចុះត្រួតពិនិត្យនិងវាយតម្លៃពេលនេះហើយ ក្រសួងក៏រងចាំរបាយការណ៍វាយតម្លៃរបស់ថ្នាក់ខេត្តខ្លួនធ្វើក្រសួងជាមុនសិន ទើបក្រសួងវាយតម្លៃទើបក្រសួងផ្តល់ពិន្ទុចំណាត់ថ្នាក់ប្រឡងប្រណាំងនេះតាមក្រោយបាន។

បញ្ហាគ្រឿងញៀននេះ គឺយើងត្រូវរឹតបន្តឹងបំផុតក្នុងការទប់ស្កាត់ឲ្យបានការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនព្រោះវាបានធ្វើឲ្យប៉ះពាល់ដល់សុខភាព សុវត្តិភាព សន្តិសុខសង្គម ក៏ដូចជាសុខភាពផ្ទាល់ខ្លួនសម្រាប់អ្នកប្រើប្រាស់ផងដែរ។

បញ្ហាជួញដូរមនុស្សក៏ជាបញ្ហាធំសម្រាប់ជនរងគ្រោះ និងសន្តិសុខសង្គមជាតិយើងដែរព្រមទាំងបានរក្សាការពារបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរជូនប្រជាពលរដ្ឋផង៕