(កំពង់ធំ)៖ លោក ជា ចាន់តូ អគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ បានដាស់តឿនដល់យុវជនទាំងអស់ថា ត្រូវរៀនរកជំនាញមួយឱ្យមានភាពច្បាស់លាស់ ដើម្បីរកការងារបានត្រឹមត្រូវ។

ការថ្លែងបែបនេះធ្វើឡើងក្នុងពិធីប្រគក្នុងពិធីប្រគល់ម៉ូតូដល់សិស្សប្រឡងបាក់ឌុបជាប់និទ្ទេស A នៅខេត្តកំពង់ធំ ឆ្នាំសិក្សា២០២១-២០២២ និង ២០២២-២០២៣ ចំនួន៤៧នាក់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។

នាឱកាសនោះ លោក ជា ចាន់តូ បានដាស់តឿនដល់សិស្សដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះដឹងទូទៅ និងបំពេញវិជ្ជា ដែលទើបកន្លងផុតថ្មីៗនេះ ត្រូវតែខិតខំប្រឹងប្រែងកសាងខ្លួនឱ្យបានល្អ ដើម្បីក្លាយជាធនធានមនុស្សដ៏ល្អសម្រាប់អនាគតរៀងៗខ្លួន និងសម្រាប់ប្រទេសជាតិទាំងមូលផងដែរ។

លោកបានបន្ថែមថា ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស គឺជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ដែលមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ឆ្នាំ២០២៣-២០២៨ ដើម្បីកំណើនការងារសមធម៌ ប្រសិទ្ធភាព និងចីរភាពសំដៅគាំទ្រដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមលើគ្រប់វិស័យ ហើយមានលក្ខណៈសមាហរណកម្មជាមួយនឹងប្រទេសក្នុងតំបន់។ ក្នុងដំណាក់កាលដែលសេដ្ឋកិច្ច កំពុងមានការអភិវឌ្ឍរីកចម្រើន ការធ្វើឯកទេសកម្ម គឺមានសារៈសំខាន់ណាស់ ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារ និងដើម្បីក្លាយជាធនធានជន្ទល់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងការរក្សាភាពប្រកួតប្រជែងរបស់ជាតិ។

លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បានឲ្យដឹងថា សម័យប្រឡង ០៥ ធ្នូ ២០២២ មានបេក្ខជនសរុបចំនួន៥,៤៤៥នាក់ ស្រី៣,០២៥នាក់ បេក្ខជនប្រឡងជាប់មានចំនួន៤,១៣៦នាក់ ស្មើ៧៥.៩៦% (ថ្នាក់ជាតិ ៧២.៣៣%) ស្រី២,៤១៩នាក់ ស្មើ៧៩.៩៧% ក្នុងនោះបេក្ខជននិទ្ទេស A មានចំនួន២៦នាក់ ស្រី១៦នាក់

ចំណែកឯសម័យប្រឡង ០៦ វិច្ឆិកា ឆ្នាំ ២០២៣ មានបេក្ខជនសរុបចំនួន៥,៨២៣នាក់ ស្រី៣,២០០នាក់ បេក្ខជនមកប្រឡងចំនួន៥,៧៣៨នាក់ ស្រី៣,១៥៥នាក់ ហើយបេក្ខជនប្រឡងជាប់មានចំនួន៤,៦១៥នាក់ ស្មើ៨០.៤៣% (ថ្នាក់ជាតិ ស្រី២,៦៨៨នាក់ ស្មើ៨៥.២០% ក្នុងនោះបេក្ខជននិទ្ទេស A មានចំនួន២១នាក់ ស្រី០៨នាក់៕