(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសម្រាប់សិក្សានិងរៀបចំសាងសង់វិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ និងការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា នៅព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំត្រួតពិនិត្យត្រៀមរៀបចំប្រារព្ធខួបលើកទី ២៥ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះឈ្នះ។

កិច្ចប្រជុំនេះមានការចូលរួមពីលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង័ត៌មាន ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធនានាជាច្រើនទៀត។

នាឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានចាត់ទុក ការប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ និងខួប ៥ឆ្នាំ នៃការកសាងវិមានឈ្នះឈ្នះ គឺជាព្រឹត្តិការណ៍សំខាន់ បង្ហាញពីសន្តិភាពដែលកម្ពុជាទទួលបានក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ ដោយនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ននានា ដែលបានចូលរួមចំណែកជួយជ្រោមជ្រែង ដើម្បីជំរុញឱ្យដំណើរការប្រារព្ធខួប ២៥ឆ្នាំ ប្រព្រឹត្តទៅទទួលបានជោគជ័យ។

សូមបញ្ជាក់ថា ក្នុងពិធីប្រារព្ធខួបលើកទី ២៥ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ និងខួប ៥ឆ្នាំ នៃការកសាងវិមានឈ្នះឈ្នះ ក៏បានរៀបចំពិធីតាំងពិព័រណ៍ដោយមានការចូលរួមពីស្ថាប័ន ក្រសួងនានារួមមាន៖ ពិព័រណ៍សមិទ្ធផល ២៥ឆ្នាំ តាមរយៈនយោបាយឈ្នះឈ្នះ ពិព័រណ៍ផលិតផល និង ម្ហូបអាហារខ្មែរ ព្រមទាំងបាញ់កាំជ្រួច នៅពេលរាត្រី អបអរខួបលើកទី ២៥ឆ្នាំ រយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣៕