(ភ្នំពេញ)៖ កុមារកម្ពុជាចំនួន៦០នាក់ ដែលមានមាត់ឆែបពីកំណើត ទទួលបានការព្យាបាល និងការវះកាត់ពីក្រុមគ្រូពេទ្យរបស់អង្គការ Smile Cambodia និងទទួលបានការជួយទំនុកបម្រុងពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហើយពួកគេកំពុងសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។
សកម្មភាពសប្បុរសធម៌ខាងលើ ត្រូវធ្វើឡើងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះ ក្រោមវត្តមានរបស់ លោកស្រី ពេជ្រ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងជាអ្នកដឹកនាំក្រុមការងារចុះសួរទុក្ខកុមារដែលមានមាត់ឆែប ក្នុងមន្ទីពេទ្យបង្អែកខេត្តកំពង់ចាម។
ប្រជាពលរដ្ឋដែលជាអាណាព្យាបាលកុមារខាងលើ បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណចំពោះសកម្មភាពដ៏ល្អប្រពៃ របស់អង្គការ Smile Cambodia, និងមន្ទីពេទ្យបង្អែកខេត្តកំពង់ចាម ក៏ដូចជាសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលបានជួយកូនចៅរបស់ពួកគាត់ ឱ្យមានភាពប្រក្រតីឡើងវិញ ជាមួយនឹងស្នាមញញឹមដ៏ស្រស់ស្អាត។
តាមរបាយការណ៍ព្យាបាលបានឱ្យដឹងថា ការចុះវះកាត់ និងព្យាបាលកុមារដែលមានមាត់ឆែបក្នុងមន្ទីពេទ្យបង្អែកខេត្តកំពង់ចាមនេះ មានរយៈពេល៣ថ្ងៃកន្លះ និងបានវះកាត់មាត់របស់កុមារ ចំនួន៦០នាក់ ដែលនេះ គឺជាការចូលរួមផ្តល់មានស្នាមញញឹម និងក្តីសង្ឃឹមថ្មី ជាមួយនឹងសម្រស់ដ៏ស្រស់ស្អាត សម្រាប់អនាគតដ៏ប្រសើររបស់ពួកគេ។
សូមរម្លឹកថា នេះមិនមែនជាលើកទី១ទេ ដែលអង្គការ Smile Cambodia សហការជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក្នុងការចុះវះកាត់ និងព្យាបាលកុមារដែលមានមាត់ឆែប ដោយបានសហការជាមួយមន្ទីពេទ្យបង្អែកខេត្តនានា ដើម្បជួយឱ្យកុមារដែលមានមាត់ឆែប ឱ្យទទួលបានភាពប្រក្រតីឡើងវិញ បានជាច្រើននាក់ផងដែរ៕