(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។ ពិធីនេះធ្វើឡើងក្រោមវត្តមានលោក ឡោ ដាវុធ រដ្ឋលេខាធិការ តំណាងឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការចូលរយមពីលោក យុង គឹមហ៊ាន អភិបាលរងខេត្ត តំណាងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លោក សំ សារឿន ប្រធានមន្ទីររៀបចំដែនដីខេត្ត ព្រមទាំងមន្ត្រីជាន់ខ្ពស់ក្រសួង មន្ត្រីសុរិយោដី ខេត្ត ក្រុង ស្រុក មន្ត្រីជាប់កិច្ចសន្យា យុវជនស្ម័គ្រចិត្តជាច្រើនរូបទៀត។

លោក ឡោ ដាវុធ បានថ្លែងថា វគ្គបណ្តុះបណ្តាលស្តីពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលបានចាប់ផ្តើមនាពេលនេះមានរយៈ៣ថ្ងៃលើប្រធានបទ ក្រមសីលធម៌វិជ្ជាជីវៈ ការរៀបចំផែនការការងារ ការផ្សព្វផ្សាយជាសាធារណៈ ការចូលរួមបែបសហគមន៍ ការរៀបចំដែនដី ការកំណត់ព្រំ ការវាស់វែង ការងារវិនិច្ឆ័យ ប្រព័ន្ធព័ត៍មានភូមិសាស្ត្រ (GIS) និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ (Database)។

លោកថា ខេត្តព្រះវិហារគឺជាខេត្តទី១៧ ក្នុងចំណោមរាជធានីភ្នំពេញ កណ្តាល កំពង់ចាម កំពង់ស្ពឺ តាកែវ សៀមរាប ស្វាយរៀង បន្ទាយមានជ័យ ត្បូងឃ្មុំ ព្រៃវែង បាត់ដំបង កំពត ពោធិ៍សាត់ ប៉ៃលិន កំពង់ធំ ឧត្តរមានជ័យ ដែលអគ្គនាយកដ្ឋានសុរិយោដីនិងភូមិសាស្ត្រ បានរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង។

លោករដ្ឋលេខាធិការក្រសួងរៀបចំដែនដី បានថ្លែងទៀតថា វគ្គបណ្តុះបណ្តាលស្តីពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បានបង្កើតជាវេទិកាដ៏មានសារៈសំខាន់ និងគួរឱ្យចាប់អារម្មណ៍ដែលយើងទាំងអស់គ្នា បានចូលរួមពិគ្រោះ យោបល់ ពិភាក្សាផ្លាស់ប្តូរមតិយោបល់ លើកជាសំនួរ និងចែករំលែកឱ្យគ្នាទៅវិញទៅមកនូវពុទ្ធិ សំដៅស្វែងយល់ឱ្យកាន់តែច្បាស់ និងស៊ីជម្រៅលើការងារចុះបញ្ជីដីធ្លី ដែលជាសកម្មភាពចំពោះមុខរបស់ក្រសួងរៀបចំដែនដី ដើម្បីសម្រេចបានតាមផែនការគ្រោងទុក លើការចុះបញ្ជីឱ្យបានរួចរាល់ត្រឹមបំណាច់ឆ្នាំ២០២៧ខាងមុខ។

លោក ឡៅ ដាវុធ បានថ្លែងបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានរយះពេលខ្លីពិតមែន តែមានតួនាទីដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាពមន្ត្រី ក្នុងការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សតាមគោលការណ៍ និងនិតិវិធីដែល បានចែងជាធរមាន។ជាមួយនឹងការសម្រេចបានបច្ចុប្បន្នចំនួន១០០% នៃក្បាលដីប៉ាន់ស្មានដំបូង ៧លានក្បាលដី និងការបន្តសម្រេចលើផែនការក្បាលដីប៉ាន់ស្មានប្រមាណ៥លានក្បាលដី ដែលត្រូវសម្រេចឱ្យបានផងដែរ នៅបំណាច់ឆ្នាំ២០២៧ខាងមុខ។

ក្នុងនាមលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់, លោករដ្ឋលេខាធិការ ឡៅ ដាវុធ ក៏បានថ្លែងជំរុញឱ្យមានការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ ដោយឈរលើគោលការណ៍ អព្យាក្រឹត្យ មិនលម្ងៀងលើភាគីវិវាទ ណាមួយ។ បន្តពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដី បង្កើតភាពសុខដុមរមនាសង្គម និងបង្កភាពអនុគ្រោះដល់ដំណើរការនៃការអភិវឌ្ឍ សេដ្ឋកិច្ច សង្គមកិច្ចនៅតាមមូលដ្ឋាន និងបន្តពង្រឹង ការកែលម្អការផ្តល់សេវា សាធារណៈគ្រប់ប្រភេទ ដោយជំរុញអនុវត្តតាមទិសស្លោក «ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព» ក្នុងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ យកចិត្តដោះស្រាយរាល់សំណើ និងសំណូមពរ និងខិតខំកាត់បន្ថយការថ្នាំងថ្នាក់ របស់ប្រជាពលរដ្ឋ។

ដោយឡែកលោក សំ សារឿន ប្រធានមន្ទីរដែនដីខេត្តព្រះវិហារ បានថ្លែងថា ក្នុងចំណោមភូមិសរុបចំនួន២៣២ភូមិទូទាំងខេត្តព្រះវិហារ មន្ទីរដែនដីខេត្តបានចុះបញ្ជីជូនប្រជាពលរដ្ឋបានចំនួន៩៩ភូមិ ស្មើនឹង៤២% ចេញប័ណ្ណកម្មសិទ្ធចំនួន៦៩,១៥៨ប័ណ្ណស្មើ៤១% លើការប៉ាន់ស្មានចំនួនក្បាលដីទូទាំងខេត្តសរុប១៦៨,០០០ក្បាលដី។ អនុវត្តបទបញ្ជា០១ ពីឆ្នាំ២០១២ដល់ឆ្នាំ២០១៣ បានចំនួន៣៩ភូមិ វាស់ចប់៣ភូមិ និង៩ភូមិបានចុះបញ្ជីជាលក្ខណៈប្រព័ន្ធបន្ត ស្មើនឹង២៩,៥០២ប័ណ្ណ ស្មើនឹងផ្ទៃដីទំហ៊ំ៥៣,៦២៨.៤១ហិកតា ស្មើនឹង១៨,២៣៨គ្រួសារ។

ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៣ បានប្រកាសតំបន់វិនិច្ឆ័យចំនួន៧៥ភូមិ(៨ភូមិប្រកាស២លើក) ភូមិបានបញ្ចប់ចំនួន៦៩ភូមិ កំពុងអនុវត្តចំនួន២ភូមិ កំពុងបិទផ្សាយចំនួន២ភូមិ កំពុងចែកប័ណ្ណ ចំនួន២ភូមិ។ចេញវិញ្ញាបនបត្រសម្គាលម្ចាស់អចលនវត្ថុបានចំនួន៣៩,៦៥៦ក្បាលដី ស្មើនឹង២២៥,៤៣០.២៤ហិកតា ស្មើនឹង២៧,៩៥៩គ្រួសារ។ដើម្បីអនុវត្តការងារចុះបញ្ជីទាំង១២៦ភូមិ ស្មើនឹង៦៨,០៥០ក្បាលដី បញ្ចប់ទៅបានក្នុងឆ្នាំ២០២៥។ដោយឡែកក្បាលដីនៅសេសសល់មិនទាន់ចុះបញ្ជីប្រមាណ៨៦,០៥០ក្បាលដី ក្នុងនោះក្បាលដីរដ្ឋនិងឯកជនសរុប៩,៨០០ក្បាលដី និងក្បាលដីប្រជាពលរដ្ឋក្នុងដែនតំបន់ការពារធម្មជាតិ និងតំបន់អភិរក្សជីវៈចម្រុះគ្រប់គ្រងដោយក្រសួងបរិស្ថាន ក្នុងភូមិសាស្ត្រខេត្តព្រះវិហារសរុប៧៦,២៥០ក្បាលដី។ ជាមួយគ្នានេះដែរមន្ទីររៀបចំដែនដីខេត្តព្រះវិហារ ស្នើសុំក្រសួងរៀបចំដែនដីបង្កើតក្រុមការងារចុះចំនួន៧ក្រុម ក្នុង១ក្រុម១៥នាក់ផងដែរ៕