(ភ្នំពេញ)៖ អគារធនាគារ វីងថៅវើ ដែលជាសំណង់ស្ថាបត្យកម្មដ៏ល្អឯក និងជានិមិត្តរូបនៃភាពប៉ិនប្រសព្វក្នុងការច្នៃប្រឌិត បានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅចំកណ្តាល នៃរាជធានីភ្នំពេញ។ ជាមួយនឹងកម្ពស់រហូតដល់១២០ម៉ែត្រ ស្ថិតនៅតាមមហាវិថីមមាញឹកមួយ អគារធនាគារ វីងថៅវើ គឺជាសក្ខីភាព ដែលបានបង្ហាញពីភាពរីកចម្រើននៃវិស័យធនាគារឌីជីថលនៅក្នុងប្រទេសកម្ពុជា។

ពិធីសម្ពោធជាផ្លូវការនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃតី២០ ខែធ្នូ ឆ្នាំ២០២៣នេះ រួមជាមួយវត្តមានអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់មន្រ្តីរាជរដ្ឋាភិបាលជាន់ខ្ពស់ និងធុរជនជាច្រើនរូបទៀត ដែលបានធ្វើឲ្យកម្មវិធីនេះក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា «យើងខ្ញុំពិតជាមានមោទកភាពយ៉ាងក្រៃលែង ចំពោះការសម្ពោធបើកឲ្យដំណើរការអគារធនាគារ វីងថៅវើ នាឱកាសនេះដែលជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត ឥតឈប់ឈរក្នុងការជំរុញវឌ្ឍនភាព និងការធ្វើបរិវត្តកម្មវិស័យធនាគារនៅក្នុងប្រទេសកម្ពុជា។ សំណង់អគារដ៏លេចធ្លោនេះ បង្ហាញពីការយកចិត្តទុកដាក់របស់យើងខ្ញុំ ក្នុងការផ្តល់ដំណោះស្រាយធនាគារឌីជីថលដ៏ទំនើប សំដៅជំរុញបរិយាបន្នហិរញ្ញវត្ថុ ក៏ដូចជាជួយសម្រួលទៅដល់ប្រជាពលរដ្ឋគ្រប់រូប អាចទទួលបានឱកាសរីកចម្រើនឆ្ពោះទៅមុខ ក្នុងយុគសម័យឌីជីថល»

អគារធនាគារ វីងថៅវើ មានទីតាំងស្ថិតនៅលើមហាវិថីព្រះមុនីវង្ស ដែលនៅមិនឆ្ងាយពីអគារពាណិជ្ជកម្មសំខាន់ៗ កន្លែងស្នាក់នៅប្រណីតៗ និងតំបន់ហាងទំនិញដ៏ពេញនិយមជាច្រើន។ លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានលើកឡើងថា «ការប្តេជ្ញាចិត្តរបស់យើងខ្ញុំក្នុងការផ្តោតយកចិត្តទុកដាក់លើអតិថិជន ការលើកកម្ពស់បរិយាបន្ន និងភាពងាយស្រួលប្រើប្រាស់សេវាហិរញ្ញវត្ថុ បានជំរុញចក្ខុវិស័យរបស់យើងឲ្យក្លាយជា ធនាគារសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ដោយផ្តល់លទ្ធភាពដល់អតិថិជនគ្រប់មជ្ឍដ្ឋាន ឲ្យទទួលបាននូវដំណោះស្រាយឌីជីថលដ៏ទំនើប ដែលការលើកកម្ពស់សុខុមាលភាពហិរញ្ញវត្ថុរបស់ពួកគេឲ្យបានកាន់តែប្រសើរ»

អគារធនាគារ វីងថៅវើ ដែលប្រកបដោយភាពលេចធ្លោ ត្រូវបានរចនាឡើងដោយមានការគិតគូរពីនិរន្តភាពនៅលើផ្ទៃអគារទាំងមូល។ ជាមួយនឹងការប្រើប្រាស់ផ្ទៃជញ្ជាំងកញ្ចក់ដ៏ទំនើប ដោយបំពាក់នូវកញ្ចក់ពីរផ្នត់ផ្អឹបជាប់គ្នា ដែលអាចឲ្យពន្លឺធម្មជាតិអាចជះចូលបានយ៉ាងគ្រាប់គ្រាន់ទៅក្នុងអគារ និងអាចកាត់បន្ថយកម្តៅបានយ៉ាងល្អប្រសើរផងដែរ។ ហេតុផលនេះ គឺបានជួយដល់ការកាត់បន្ថយការប្រើប្រាស់ថាមពល និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ដោយផ្តល់ផលល្អសម្រាប់បរិស្ថាន ដែលកត្តានេះស្របតាមការប្តេជ្ញាចិត្តរបស់ធនាគារ វីង ចំពោះនិរន្តរភាពបរិស្ថាន និងក្នុងនាមជាសាជីវកម្មដែលមានទំនួលខុសត្រូវចំពោះសង្គម។

អគារធនាគារ វីងថៅវើ ដែលមានកម្ពស់ ២៥ជាន់ ជាទីស្នាក់ការកណ្តាលរបស់ធនាគារ វីង ជាទីមោទកភាព ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយបានវិវត្តខ្លួន ពីក្រុមហ៊ុនផ្តល់សេវាផ្ទេរប្រាក់ ទៅជាធនាគារពាណិជ្ជពេញលេញ។ ផ្នែកនៃអគារនេះចំនួន៣ជាន់ ត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីផ្តល់សេវាកម្មធនាគារជូនដល់អតិថិជនទូទៅ ក៏ដូចជាភ្ញៀវ VIP និង VVIP ក្នុងការទទួលបានសេវាធនាគារប្រកបដោយប្រណីតភាព និងឯកជនភាពបំផុត។

បន្ថែមលើភាពទាក់ទាញទាំងនេះ អគារធនាគារ វីងថៅវើ ក៏មានមជ្ឈមណ្ឌលនវានុវត្តន៍ ដែលជាទីតាំងសម្រាប់ធនាគារ វីង បន្តនូវចក្ខុវិស័យយ៉ាងសកម្មរបស់ខ្លួន ក្នុងការដឹកនាំបង្កើតនូវដំណោះស្រាយឌីជីថល សម្របតាមតម្រូវការប្រជាជនកម្ពុជាគ្រប់រូប។ ការគិតឆ្ពោះទៅមុខ ដើម្បីក្លាយជាធនាគារដែលមានការរួមបញ្ចូលគ្នារវាងសេវាធនាគារបែបប្រពៃណី និងសមត្ថភាពឌីជីថល របស់ធនាគារ វីង បានបង្ហាញយ៉ាងច្បាស់នៅលើជញ្ជាំងអគារធនាគារ វីងថៅវើ។

តាមរយៈកម្មវិធី Wing Bank App ដ៏ទំនើបរបស់ខ្លួនដែលដំណើរការដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត អតិថិជនអាចរីករាយជាមួយសេវាកម្មហិរញ្ញវត្ថុដ៏សំបូរបែប នៅលើចុងម្រាមដៃរបស់ពួកគេបានយ៉ាងងាយស្រួល។ ការប្តេជ្ញាចិត្តរបស់ធនាគារ វីង ចំពោះបរិយាបន្ន និងការផ្តល់សិទ្ធិអំណាចផ្នែកហិរញ្ញវត្ថុ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈកំណើនប្រតិបត្តិការអាជីវកម្មរបស់ខ្លួនដ៏គួរឲ្យកត់សម្គាល់។

បច្ចុប្បន្នធនាគារ វីង មានការិយាល័យប្រតិបត្តិការចំនួន ២១ទីតាំង រួមជាមួយបណ្តាញវីង ១៥,០០០កន្លែង ដែលបានបម្រើសេវាកម្មទៅដល់អ្នកប្រើប្រាស់ជាង ១៤,៥លានគណនី។ សមិទ្ធផលដ៏គួររឲ្យកត់សម្គាល់នេះ អាចសម្រេចទៅបានដោយសារកម្លាំងសាមគ្គី និងការចូលរួមរបស់ក្រុមការងារ និងបុគ្គលិកទាំងអស់ ដែលបច្ចុប្បន្នមានចំនួនជិត ៣,០០០នាក់ ជាមួយនឹងការយកចិត្តទុកដាក់ចំពោះសមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចទៅដល់ស្រ្តីនៅក្នុងវិស័យធនាគារ។

បន្ថែមលើនេះ កិច្ចសហការជាយុទ្ធសាស្ត្រជាមួយដៃគូធំៗជាច្រើនដូចជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Prudential (Cambodia) Life Assurance ក្រុមហ៊ុន UnionPay ក្រុមហ៊ុនវីសា និងក្រុមហ៊ុនម៉ាស្ទ័រកាត ក្រុមហ៊ុន Alipay ក្រុមហ៊ុនWeChat ក្រុមហ៊ុន MoneyGram ក្រុមហ៊ុន Western Union ក្រុមហ៊ុន Ria និងក្រុមហ៊ុន Oracle ជាដើម បានធ្វើឲ្យធនាគារ វីង អាចបង្កើតបានជាប្រព័ន្ធធនាគារដ៏រឹងមាំមួយ។

ភាពជាដៃគូទាំងនេះ បានបង្កើតជាទិដ្ឋភាពហិរញ្ញវត្ថុមួយដែលផ្សាភ្ជាប់គ្នាទៅវិញទៅមកឥតអាក់ខាន ហើយបានជួយឲ្យអាជីវកម្មចំនួន១៧០,០០០ ស្ថាប័នរដ្ឋាភិបាលចំនួន១០ស្ថាប័ន សហគ្រាសធុនតូច និងមធ្យមចំនួន៣,០០០សហគ្រាស និងក្រុមហ៊ុនឯកជនចំនួន៦០០ ទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធធនាគារដ៏រឹងមាំមួយនេះ៕