(ភ្នំពេញ)៖ ក្រសួងបរិស្ថាន នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ បានរៀបចំពិធីបើក «សន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤»

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងបរិស្ថាន តំណាង ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរបរិស្ថានរាជធានី ខេត្ត នៅទីស្តីការក្រសួងបរិស្ថាន។

លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ការជួបជុំគ្នានេះ គឺជាឱកាសដ៏មានអត្ថប្រយោជន៍សម្រាប់យើងទាំងអស់គ្នា ទាំងក្រសួង បរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព មន្ទីរបរិស្ថានរាជធានី-ខេត្ត ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីចូលរួម និងធ្វើការពិនិត្យវាយតម្លៃលើលទ្ធផលការងារបរិស្ថាន បញ្ហាប្រឈម និងកាលានុវត្តភាព ក៏ដូចជាចូលរួមពិភាក្សាផ្លាស់ប្ដូរយោបល់ ចែករំលែកបទពិសោធន៍ បច្ចេកទេស និងចំណេះដឹងថ្មីៗ ជាពិសេសពង្រឹងចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការសម្រាប់ឈានទៅអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងកំណត់ទិសដៅការងារឱ្យកាន់តែមានភាព សមស្របស៊ីសង្វាក់ សំដៅសម្រេចបាននូវសុក្រឹតកម្មបរិស្ថានកិច្ច និងសមិទ្ធផលថ្មីៗបន្ថែមទៀត។

រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលផ្ដោតលើមូលដ្ឋានចំនួន៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ដើម្បីកំណើន និងលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ក៏ដូចជាសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិ ក្នុងការឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤ និងកសាងភាពធន់ នៃវិស័យសាធារណៈ វិស័យសេដ្ឋកិច្ច វិស័យហិរញ្ញវត្ថុ វិស័យមូលធនមនុស្សនិងសង្គម និងវិស័យបរិស្ថាន និងការឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ។ ជាមួយគ្នានេះដែរ យុទ្ធសាស្ត្រនេះបានកំណត់ការគ្រប់គ្រងធនធាន ធម្មជាតិ និងបរិស្ថាន ជាការងារអាទិភាពមួយ និងបានដាក់ចេញនូវក្របខណ្ឌការងារក្រសួងបរិស្ថាន ដូចជា៖ ការកាត់បន្ថយការបំពុលបរិស្ថាន ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ការអប់រំផ្សព្វផ្សាយបរិស្ថាន ការប្រែប្រួលអាកាសធាតុការធ្វើទំនើបកម្មរដ្ឋបាលឌីជីថល និរន្តរភាពហិរញ្ញវត្ថុ និងការលើកកម្ពស់ការទូតបៃតង។

លោករដ្ឋមន្ត្រី បានឱ្យដឹងថា នៅក្នុងរយៈពេលជាង ១០០ថ្ងៃ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពបាននិងកំពុង ខិតខំយ៉ាងសស្រាក់សស្រាំសហការគ្នាយ៉ាងពេញទំហឹង និងបានសម្រេចនូវសមិទ្ធផលសំខាន់ៗដូចខាងក្រោម៖

ទី១៖ ក្រសួងបានផ្តួចផ្ដើម យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកម្លាំងគ្នាការពារបរិស្ថានកម្ពុជា» «លាហើយប្លាស្ទិក» នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងគោលបំណងដោះស្រាយបញ្ហាសំណល់ប្លាស្ទិក។ យុទ្ធនាការនេះ ជាមួយនឹង សារដ៏សាមញ្ញ ប៉ុន្តែស៊ីជម្រៅ បានលើកទឹកចិត្តប្រជាពលរដ្ឋម្នាក់ៗឱ្យពិចារណាឡើងវិញនូវជម្រើស និងទម្លាប់ប្រចាំថ្ងៃ ដែលជាការបោះជំហានយ៉ាងសំខាន់មួយឆ្ពោះទៅរកការកាត់បន្ថយសំណល់ ប្លាស្ទិក។ ក្រសួងបរិស្ថាន ក៏បាននិងកំពុងពង្រីកវិសាលភាពយុទ្ធនាការនេះ ទៅគ្រប់វិស័យទូទាំង ប្រទេស និងបន្តកៀរគរការចូលរួមពីស្ថាប័នអន្តរជាតិ និងបញ្ហាប្រទេសក្នុងតំបន់ ដើម្បីសហការគ្នាក្នុងការដោះស្រាយបញ្ហាសំណល់ប្លាស្ទិក។

ទី២៖ ក្រសួងក៏បានផ្តួចផ្តើមយុទ្ធនាការ «ដាំដើមឈើ ១លានដើម ក្នុង ១ឆ្នាំ» នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ក្នុងគោលបំណងពង្រីកគម្របព្រៃឈើនៅទូទាំងប្រទេស។ យើងបានលើកទឹក ចិត្តឱ្យសាធារណជនចូលរួមដាំដើមឈើ ដោយក្រសួងបរិស្ថានបានរៀបចំថ្នាលបណ្ដុះកូនឈើ ព្រមទាំងប្រកាសចែកកូនឈើដោយឥតគិតថ្លៃដល់សាធារណជនដែលមានបំណងចង់ចូលរួមដាំដើមឈើ។

ទី៣៖ ក្រសួងបានដាក់ចេញវិធានការម៉ឺងម៉ាត់បំផុត ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោយបញ្ចប់រាល់វប្បធម៌ចុះកិច្ចសន្យាដោះលែងអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ជំរុញការអនុវត្តច្បាប់ ១០០ភាគរយ។

ទី៤៖ ក្រសួងបានទទួលការអនុញ្ញាតដាក់ឱ្យប្រើប្រាស់នូវ «យុទ្ធសាស្ត្រចក្រវិស័យបរិស្ថាន» ឆ្នាំ២០២៣-២០២៨ ដោយមានមុំចំនួនបី រួមមាន «ការពង្រឹងគោលនយោបាយ ការកសាងរដ្ឋបាល ឌីជីថល និងការពង្រីកការផ្សព្វផ្សាយ សំដៅឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០ភាគរយ នៅឆ្នាំ២០៥០» ក្នុងការចូលរួមឆ្លើយតបនឹងកិច្ចខិតខំប្រឹងប្រែងជាសកល និង សម្រេចនូវគោលដៅយុទ្ធសាស្ត្របញ្ចកោណ។

ទី៥៖ ក្រសួងបានបន្តគាំទ្រ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន តាមរយៈការជំរុញទេសចរណ៍ធម្មជាតិ និងកៀរគរការចូលរួមពីវិស័យឯកជន ដើម្បីបង្កើនមុខរបរ ក៏ដូចជាលើកទឹកចិត្ត ឱ្យសហគមន៍តំបន់ការពារធម្មជាតិ ដាំឈើដែលមានប្រយោជន៍ និងឈានទៅកា្លយជាសហគមន៍ អព្យាក្រឹតកាបូន។

ទី៦៖ ក្រសួងបានធ្វើការកែសម្រួលការគ្រប់គ្រងឯកសារឱ្យមានរបៀបរៀបរយ និងមានភាព ប្រសើរជាងមុនតាមបទដ្ឋានរដ្ឋបាល ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការគ្រប់គ្រងលិខិត។ បន្ថែមពីនេះ យើងក៏បានរៀបចំប្រព័ន្ធអ៉ីម៉ែលដល់មន្ត្រីក្រសួងបរិស្ថានគ្រប់រូបដើម្បីប្រើប្រាស់ផ្លូវការក្នុងទំនាក់ទំនង ជាមួយស្ថាប័នជាតិ អន្តរជាតិ និងដៃគូហើយអាចប្រើប្រាស់ចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងបរិស្ថានកិច្ច របស់ក្រសួងបរិស្ថាន ដើម្បីរៀបចំកាលវិភាគទទួលបានឯកសារព័ត៌មាន និងរាយការណ៍ ព្រមទាំងរបាយការណ៍ ស្របតាមគោលនយោបាលរដ្ឋាភិបាលឌីជីថល។

ទី៧៖ ក្រសួងបានរៀបចំប្រព័ន្ធអ៊ីនធឺណេត ដែលមានល្បឿនលឿនជាងមុន សុវត្ថិភាព និង អាចគ្របដណ្តប់ការប្រើប្រាស់ទូទាំងអគាររដ្ឋបាលក្រសួង ដែលនេះជាជំហានមួយដ៏ចាំបាច់ក្នុងការធ្វើទំនើបកម្មស្ថាប័ន និងឆ្លើយតបនឹងការវិវត្តនៃឧស្សាហកម្មបច្ចេកវិទ្យា៤.០។

ទី៨៖ ក្រសួងបានបន្តពង្រឹងកិច្ចសហប្រតិបត្តិការវិស័យបរិស្ថានជាលក្ខណៈទ្វេភាគី និងពហុភាគី ក្នុងការដោះស្រាយបញ្ហាសកល និងទទួលបានការគាំទ្រ
និងសហការបន្ថែមក្នុងការពង្រីកវិសាលភាព យុទ្ធនាការ និងអាទិភាពរបស់ក្រសួងបរិស្ថាន ជាពិសេស ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការពង្រីក គម្របព្រៃឈើ និងការលើកស្ទួយជីវភាពសហគមន៍មូលដ្ឋាន។

បើយោងតាមរបាយការណ៍របស់លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន បានឱ្យដឹងថា សំដៅលើកកម្ពស់ការចូលរួមអនុវត្តយុទ្ធសាស្ត្រចក្រវិស័យបរិស្ថាន ឆ្នាំ ២០២៣-២០២៨ ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល ដែលជាចលករជំរុញការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាឱ្យបានកាន់តែប្រសើរឡើង។

ចំពោះលទ្ធផលការងាររបស់អង្គភាពជំនាញក្រោមឱវាទក្រសួងបរិស្ថាន ដែលសម្រេចបានក្នុងរយៈពេល ១ឆ្នាំ ដោយសង្ខេបដូចខាងក្រោម៖

ទី១៖ ការកសាងរដ្ឋបាលទំនើបតាមបបឌីជីថល៖ ដោយមានអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ជាសេនាធិការដើម្បីកសាងប្រព័ន្ធការងារមួយដែលមានភាពឆ្លើយតបដំណើរការការងារ ប្រកបដោយប្រសិទ្ធភាព ខ្ពស់ និងមានធនធានមនុស្សប្រកបដោយឧត្តមភាព ភាពជាអ្នកដឹកនាំ សុចរិតភាព ការទទួលខុសត្រូវខ្ពស់ មនសិការវិជ្ជាជីវៈ ការច្នៃប្រឌិត និងភាពម្ចាស់ការ

ទី២៖ ការអភិវឌ្ឍដោយចីរភាព៖ ក្នុងនាមជាសេនាធិការឱ្យក្រសួងទទួលបន្ទុកសិក្សា និងតាក់តែងគោលនយោបាយសំខាន់ៗក្នុងវិស័យបរិស្ថានសំដៅធានាបាននូវនិរន្តរភាពធនធានធម្មជាតិនិងបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព អគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្របានខិតខំអនុវត្តសម្រេចជោគជ័យ

ទី៣៖ ការងារគាំពារបរិស្ថាន៖ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ជាសេនាធិការ ដែលមានមុខងារក្នុងការធានាបានបរិស្ថានស្អាត និងបៃតងសំដៅទ្រទ្រង់ដល់ជីវភាពរស់នៅ និងលើកកម្ពស់សុខុមាលភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងគ្រប់ជំនាន់

ទី៤៖ ការងាការពារ និងអភិរក្សធនធានធម្មជាតិ៖ ដោយមានអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ជាសេនាធិការក្នុងការពង្រឹងការការពារ ការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ

ទី៥៖ ការងារអភិវឌ្ឍសហគមន៍មូលដា្ឋន៖ ដោយមានអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានជាសេនាធិការ ក្នុងការលើកកម្ពស់ប្រែក្លាយជីវភាពប្រជាសហគមន៍ ពីការប្រកបរបរកាប់ឈើ មកចូលរួមការពារព្រៃឈើនៅសហគមន៍មូលដ្ឋាន និងសហគមន៍តំបន់ការពារធម្មជាតិ

ទី៦៖ ការងារអប់រំ និងផ្សព្វផ្សាយព័ត៌មានបរិស្ថាន៖ ដោយមានអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថានជាសេនាធិការ

ទី៧៖ ការងារវិស័យបរិស្ថានក្នុងសង្គម៖ បានជំរុញការចូលរួមពីគ្រប់អង្គភាពក្នុងការអនុវត្តផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ក្នុងវិស័យបរិស្ថាន និងពង្រឹងសមត្ថភាពស្ថាប័ន ការបង្កើនការយល់ដឹង និងសមត្ថភាពមន្ត្រីថ្នាក់ជាតិ មន្ទីរបរិស្ថាន រាជធានី ខេត្ត និងសហគមន៍

និងទី៨៖ កិច្ចសហប្រតិបត្តិការ និងកិច្ចការបរទេសបានសម្របសម្រួលរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយក្រសួងស្ថាប័ន និងអង្គភាពពាក់ព័ន្ធដៃគូ អភិវឌ្ឍន៍ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាលចំនួន៥០លើក ក្នុងគោលបំណងតម្រង់ទិសការអនុវត្តគម្រោងឱ្យមានប្រសិទ្ធភាព និងស្របតាមផែនទីបង្ហាញផ្លូវរបស់ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាព៕