(ភ្នំពេញ)៖ ជាលើកទីមួយហើយដែលនាយខ្វែកបានស្ដាប់សុន្ទរកថា និងការអត្ថាធិប្បាយរបស់ប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជាដ៏វែងអន្លាយលាយឡំ ជាមួយសំលេងនានាមកពីអង្គការសង្គមស៊ីវិល ដែលវាគ្មិនខ្លះ ត្រូវបានគេផាត់ពណ៌អោយក្លាយ ទៅជាខ្មៅ ជាប្រផេះ តួយ៉ាងដូចជាព្រះតេជគុណប៊ុត ប៊ុនតិញ កញ្ញាធី សុវណ្ណថា ជាដើម។
សុន្ទរកថា និងការអត្ថាធិប្បាយដែលមានរយៈពេលជាង៤ម៉ោងនៅក្នុងវេទិកាស្ដីពីការការពារ និង អភិរក្សធនធានធម្មជាតិកាលពីម្សិលមិញត្រូវបានគេចាត់ទុកថា គឺជាការថ្លែងសន្ទរកថា និងការធ្វើអត្ថាធិប្បាយរបស់ប្រមុខរាជរដ្ឋាភិបាលដ៏វែងជាងគេលំដាប់ទី២ បន្ទាប់ពីការថ្លែងសន្ទរកថា និងការធ្វើអត្ថាធិប្បាយពាក់ព័ន្ធបញ្ហាព្រំដែននៅក្នុងរដ្ឋសភាជាតិ កាលពីពេលកន្លងទៅដែលមានរយៈពេលរហូតដល់ជាង៥ម៉ោង។
ថ្វីត្បិតសន្ទរកថា និងការអត្ថាធិប្បាយរបស់ប្រមុខរាជរដ្ឋាភិបាលពេលនេះវែងក៏ពិតមែនតែនាយខ្វែកពេញចិត្តនឹងអង្គុយទស្សនាតាមរយៈ Fresh News TV តាំងពីដើមដល់ចប់ ហើយស្ដាប់ដោយជក់ចិត្តទៀតផង។
វាគ្មិន ប៊ុត ប៊ុនតិញ និងវាគ្មិន ធី សុវណ្ណថា គឺជាវាគ្មិនដែលគេមានការចាប់អារម្មណ៏ខ្លាំងជាងគេ នៅក្នុងចំណោមវាគ្មិនដែលឡើងធ្វើបទអន្តរាគមន៏នៅចំពោះមុខ នាយករដ្ឋមន្ត្រីដោយផ្ទាល់ ដោយគេចាត់ទុកវាគ្មិនទាំងពីររូបនេះប្រៀបបានទៅ នឹងផ្កាកូឡាបដែលមានពណ៌ផ្សេងៗគ្នាហើយមកដុះរីកចេញនៅលើដើមកូឡាប ដែលធ្លាប់តែមានផ្កាមួយពណ៌គឺពណ៌ក្រហមនោះ។
តាមពិតដើមផ្កាកូឡាបដែលធ្លាប់ចេញផ្កាពណ៌តែមួយ ដល់តែចេញផ្កាចម្រុះពណ៌ វាបានក្លាយទៅជាទីចាប់អារម្មណ៏ នៃភ្នែកមនុស្សម្នាទាំងពួង រួមទាំងបក្សា បក្សី ទាំងឡាយក៏នាំគ្នារីករាយហិចហើរឆ្វែលឆ្វ័តគយគន់នូវសម្រស់ និងក្លិនពិដោ នៃផ្កាដោយមិនចេះជិនណាយផងដែរ។
បទអន្តរាគមន៏របស់វាគ្មិន មកពីអង្គការសង្គមស៊ីវិលនានាក្នុងនោះមានទាំងវាគ្មិន ដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលនៅចំពោះមុខនាយករដ្ឋមន្ត្រី ដោយមានការថតរូបភាព និងសំលេងផ្សាយផ្ទាល់តាមប្រព័ន្ធផ្សព្វផ្សាយពាក់ព័ន្ធទៅនឹងការអភិរក្ស និងអភិវឌ្ឍធនធានធម្មជាតិ គឺសុទ្ធតែមានសារប្រយោជន៏ដល់សង្គមកម្ពុជាទាំងមូល ហើយក៏ប្រៀបដូចជា ចន្លុះច្រើនដើម ច្រើនពណ៌ ជួយដល់ប្រមុខរាជរដ្ឋាភិបាលយកទៅអុជបំភ្លឺ សំរាប់កាប់ឆ្កាធ្វើផ្លូវដើរទៅមុខទៀតបានដោយរលូន ដោយមិនឲ្យមានឧបសគ្គមករារាំងបាន ហើយក៏ជាលើកទីមួយផងដែរ ដែលវេទិកាឆ្លើយឆ្លងចំរុះពណ៌បែបនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលអនុញ្ញាតឲ្យធ្វើការថតផ្សាយផ្ទាល់ ដែលនេះបានបង្ហាញឲ្យគេមើលឃើញថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មិនខ្លាចប្រឈមមុខជាមួយអ្នកណាឡើយ ទោះអ្នកឯងជាអ្នកណា មកពីណា សឬខ្មៅ គឺនាយករដ្ឋមន្ត្រីហ៊ានប្រឈមមុខតទល់ ហើយហ៊ានទទួលខុសត្រូវ ជានិច្ចក្នុងនាមជាមេដឹកនាំមួយរូបកាន់អំណាច និងមានបទពិសោធយូរឆ្នាំជាងគេនៅលើពិភពលោក ជាពិសេសជាមួយព្រះសង្ឃប៊ុត ប៊ុនតិញ និងកញ្ញាធី សុវណ្ណថា តែម្ដង ដែលអ្នកទាំងពីរកន្លងមកត្រូវបានគេមើលឃើញថា មាននិន្នាការប្រឆាំងជាមួយរាជរដ្ឋាភិបាលជារៀងរហូតមក។
ប៉ុន្តែផ្ទុយពីនេះបែរជាវាគ្មិនទាំងពីរងាកមកផ្ដល់មតិយោបល់ល្អៗ ជួយដល់រាជរដ្ឋាភិបាលក្នុងការចូលរួមចំណែកជួយដល់សង្គម នៃកម្ពុជាឲ្យដើរឈាន ទៅរកវឌ្ឍនភាពទៅវិញ។ ក្នុងនោះសូម្បីតែប្រមុខរាជរដ្ឋាភិបាលក៏ពេញចិត្តពេញផ្លើមទៅលើខ្លឹមសារ នៃបទអន្តរាគមន៏របស់វាគ្មិនដែលមក ពីអង្គការសង្គមស៊ីវិលទាំងអស់អស់នោះផងដែរ ជាពិសេសវាគ្មិន ប៊ុត ប៊ុនតិញ និងកញ្ញាធី សុវណ្ណថា តែម្ដង។
បទពិសោធនៃការនិយាយទល់មុខគ្នាត្រង់ទៅ ត្រង់មកជាសាធារណៈរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដែលមាននិន្នាការផ្សេងៗគ្នាតែធ្វើការដើម្បី បុព្វហេតុជាតិតែមួយដូចគ្នាពាក់ព័ន្ធទៅ នឹងការការពារ និងអភិរក្សធនធានធម្មជាតិនៅកម្ពុជានាពេលនេះ គេគួរតែបន្តអោយរីករាលដាល តទៅមុខលើ ផ្នែក និងវិស័យផ្សេងៗទៀត ដោយមិនត្រូវបញ្ឈប់ត្រឹមនេះឡើយ។ កន្លងមករវាងរាជររដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលដែលគេយល់ថា មាននិន្នាការប្រឆាំង ធ្វើសកម្មភាព និងនិយាយប្រៀបដូចនៅម្ខាងម្នាក់ ខណ្ឌចែកដោយជញ្ជាំងបេតុងមិនអាចស្ដាប់ឮ និងឆ្លើយឆ្លងគ្នាបានឡើយ។ ភាគីរាជរដ្ឋាភិបាលនិយាយផ្សេង ភាគីសង្គមស៊ីវិលនិយាយផ្សឹងមិនបន្ស៊ីចូលគ្នាទេ តែឥឡូវបានខិតចូលជិតគ្នាហើយ ដោយគេសង្ឃឹមថា វប្បធម៌នេះនឹងបន្តរីកចំរើនទៅមុខទៀត ជាពិសេសពាក់ព័ន្ធទៅនឹងវិស័យវឌ្ឍនភាពសង្គមតែម្ដង៕