(ភ្នំពេញ)៖ មជ្ឈមណ្ឌលថ្មីសម្រាប់ទទួលពាក្យសុំទិដ្ឋាការទៅប្រទេសបារាំង និងប្រទេសផ្សេងៗទៀតនៅអឺរ៉ុប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ នៅជាន់ទី៥ នៃអគាវឌ្ឍនៈ។

ពិធីនេះសម្ពោធមជ្ឈមណ្ឌលនេះ លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានថ្លែងថា ចាប់ពីថ្ងៃទី១៣ ខែធ្នូ ការដាក់ពាក្យសុំទិដ្ឋាទៅប្រទេសបារាំង និងប្រទេស១២ទៀតនៅអឺរ៉ុប (តំបន់ស៊ែនហ្គែន) ត្រូវធ្វើឡើងនៅមជ្ឈមណ្ឌល TLScontact នៅភ្នំពេញ ដែលត្រូវបានជ្រើសរើសឱ្យទទួលសាធារណជន ផ្តល់ព័ត៌មាន រៀបចំការណាត់ ទទួលពាក្យសុំទិដ្ឋាការ និងប្រមូលថ្លៃសេវា។ ការដកលិខិតឆ្លងដែនក៏ធ្វើនៅមជ្ឈមណ្ឌលនេះផងដែរ។

លោកបានបន្តថា ការជ្រើសរើសមជ្ឈមណ្ឌលខាងលើ ឲ្យទទួលពាក្យសុំទិដ្ឋាការ គឺបានបង្ហាញពីឆន្ទៈរបស់ ស្ថានទូតបារំាងក្នុងការកែលម្អលក្ខខណ្ឌទទួលស្វាគមន៍អ្នកស្នើសុំទិដ្ឋាការដែលមានចំនួនកើនឡើងជាលំដាប់ ក៏ដូចជាជួយកាត់បន្ថយថេរវេលានៃការណាត់ និងផ្តល់សេវាផ្សេងៗបន្ថែម ដើម្បីធានាផាសុកភាពប្រសើរបំផុតរបស់អ្នកស្នើសុំទិដ្ឋាការ។

មជ្ឈមណ្ឌល TLScontact បើកទ្វារទទួលស្វាគមន៍អ្នកស្នើសុំទិដ្ឋាការពីថ្ងៃចន្ទដល់ថ្ងៃសុក្រ (ពីម៉ោង៨ព្រឹកដល់ម៉ោង៤រសៀល) ឬនៅម៉ោងណាមួយក្រៅពីនេះបើមានតម្រូវការ និងនៅព្រឹកថ្ងៃសៅរ៍។ មជ្ឈមណ្ឌលនេះក៏ផ្តល់ផងដែរនូវសេវាផ្សេងៗទៀត ដូចជាការជួយរៀបចំឯកសារ ឬការទៅយកស្នាមខ្ចៅដៃ(ស្នាមម្រាមដៃ)ដល់គេហដ្ឋានអ្នកស្នើសុំទិដ្ឋាការ។ ទោះយ៉ាងណាក្តី ការប្រើប្រាស់សេវាបន្ថែមទាំងនេះ មិនធានានូវការទទួលបានទិដ្ឋាការ ឬការណាត់ជួបឆាប់រហ័ស ឬការពិនិត្យពាក្យសុំលឿនជាងអ្នកផ្សេងដោយសា្ថនទូតបារាំងនោះទេ។ ការបង់ថ្លៃពិនិត្យពាក្យសុំ និងសេវាផ្សេងទៀតអាចធ្វើឡើងតាមប្រព័ន្ធបាគងផងដែរ។

ប្រភេទអ្នកស្នើសុំទិដ្ឋាការខាងក្រោម នៅតែបន្តអាចដាក់ពាក្យសុំនៅការិយាល័យទិដ្ឋាការនៅស្ថានទូតបារាំងដដែលបើពួកគេចង់ ដើម្បីចៀសវាងបង់ថ្លៃសេវាផ្សេងៗ ៖ ទី១៖ គឺជនបរទេសដែលជាប្តី ឬប្រពន្ធរបស់ជនជាតិបារាំង (ត្រូវផ្តល់ច្បាប់ដើមនៃសេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍បារាំងដែលមានកាលបរិច្ឆេទក្រោមបីខែ) ទី២៖ គឺជនបរទេសដែលជាប្តី ឬប្រពន្ធរបស់ពលរដ្ឋនៃប្រទេសសមាជិកសហភាពអឺរ៉ុបឬស្វ៊ីស (ត្រូវផ្តល់ច្បាប់ដើមនៃសេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍) និងទី៣ គឺនិស្សិតទៅរៀនរយៈពេលវែងនៅប្រទេសបារាំង (ច្រើនជាងបីខែ)។ ប៉ុន្តែ អ្នកស្នើសុំទាំងនេះត្រូវទាក់ទងមជ្ឈមណ្ឌល TLScontact ដើម្បីរៀបចំការណាត់ជួបជាមួយស្ថានទូតបារាំង។

សូមរម្លឹកជូនថា ប្រជាពលរដ្ឋកម្ពុជាទាំងអស់ត្រូវស្នើសុំទិដ្ឋាការដើម្បីអាចធ្វើដំណើរទៅប្រទេសបារាំង មិនថារយៈពេលស្នាក់នៅប៉ុន្មានថ្ងៃ ឬកាន់ឯកសារធ្វើដំណើរអ្វីនោះទេ (លិខិតឆ្លងដែនធម្មតា ផ្លូវការ ឬការទូត) លើកលែងតែករណីពួកគេមានប័ណ្ណស្នាក់នៅបារាំងដែលនៅមានសុពលភាព សម្រាប់ការស្នាក់នៅប្រទេសបារំាង ឬប្រទេសណាមួយនៃតំបន់ស៊ែនហ្គែន។

ស្ថានទូតបារាំងប្រចាំកម្ពុជា ពិនិត្យលើពាក្យសុំទិដ្ឋាការស្នាក់នៅរយៈពេលខ្លី ទៅកាន់ប្រទេសនៃតំបន់ស៊ែនហ្គែនទាំងនេះផងដែរ រួមមាន៖ បែលហ្សិក អេស្ប៉ាញ អេស្តូនី ក្រិច ហុងគ្រី អ៊ីស្លង់ ឡេតូនី ម៉ាល់ត៍ ន័រវេស ព័រទុយហ្កាល់ ស្លូវ៉េនី និងសាធារណរដ្ឋឆែក៕