(ភ្នំពេញ)៖ តាមរយៈសារលិខិតអបអរសាទរ វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២០ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្រៅពីការចូលរួមអបអរសាទរហើយនោះ ក៏បានផ្ដល់នូវអនុសាសន៍មួយចំនួនផងដែរ ដើម្បីជាមូលដ្ឋានក្នុងការពិភាក្សាការដោះស្រាយបញ្ហាប្រឈម ដែលពាក់ព័ន្ធការបំពានក្រមសីលធម៌ វិជ្ជាជីវៈ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បំភ្លៃការពិត មានចរិតបំពុលសង្គម ជេរប្រមាថ និងញុះញង់បង្កឲ្យកើតមាន អរិភាព ការបែកបាក់សាមគ្គីភាពជាតិ។

ក្នុងសារលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖

*ទី១៖ បន្តចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ ផ្អែកលើការអនុវត្តច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈឲ្យបានខ្ជាប់ខ្ជួន និងត្រូវលុបបំបាត់ជនឱកាសនិយម ដែលជ្រកក្រោមស្លាកសារព័ត៌មាន

*ទី២៖ ផ្ដល់ព័ត៌មានពិតដល់សាធារណជនជាតិ-អន្តរជាតិ អំពីសភាពការណ៍ពិតនៅកម្ពុជា និងផ្សព្វផ្សាយ គោលនយោបាយរបស់រាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និងនាំព័ត៌មានពីប្រជាពលរដ្ឋមកកាន់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់

*ទី៣៖ ធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងអំពីភាពពិតជាក់ស្ដែង និងភាពអសកម្មនៅក្នុងសង្គម ដើម្បីរាជរដ្ឋាភិបាល ដោះស្រាយបញ្ហាចំគោលដៅមានប្រសិទ្ធភាព ស្របតាមកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល

*ទី៤៖ ផ្សព្វផ្សាយអប់រំដល់សាធារណជនអំពីវិធានការបង្ការគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់នៃការប្រើប្រាស់ គ្រឿងញៀន ការជួញដូរមនុស្ស គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ ការប្រើប្រាស់គ្រឿងញៀន និងរក្សាសុវត្ថិភាពសង្គម

*ទី៥៖ បន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយដែលមានចរិតបំពុលសង្គម អាចធ្វើឲ្យប្រទេសជាតិ អស្ថិរភាពនយោបាយ ចលាចល ភាពវឹកវរ និងបាត់បង់សណ្តាប់ធ្នាប់សង្គម

*ទី៦៖ ប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈ ផ្សាយព័ត៌មានពិត មានតុល្យភាព គ្រប់ជ្រុងជ្រោយ ចៀសវាងការផ្សព្វផ្សាយព័ត៌មាន ដែលធ្វើឲ្យខូចផលប្រយោជន៍ជាតិ និងបាត់បង់ទំនុកចិត្តពីសាធារណជន

*ទី៧៖ បណ្តុះបណ្តាលសមត្ថភាពជំនាញរបស់អ្នកសារព័ត៌មានទាំងបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីលើកកម្ពស់គុណភាពព័ត៌មាន សណ្តាប់ធ្នាប់វិស័យព័ត៌មាន និងកិត្យានុភាពស្ថាប័នសារព័ត៌មាន។

សម្ដេចធិបតី នាយករដ្ឋមន្ដ្រី បានបោះនូវក្ដីសង្ឃឹមថា វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន» នឹងផ្តល់នូវលទ្ធផលប្រកបដោយផ្លែផ្កា ដើម្បីបន្តជំរុញអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ឲ្យកាន់តែមានការរីកចម្រើនមួយកម្រិតថែមទៀត៕