(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានកិត្តិយសក្រុមការងារសកម្មភាពជនមានពិការភាពក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកមានពិការភាព របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ ក្រោមប្រធាន «ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌»។

ពិធីសំណេះសំណាលនេះមានគោលបំណងអបអរសាទរភាពជោគជ័យនៃវិស័យពិការភាពនៅកម្ពុជា និងបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិ និងការចូលរួមរបស់ជនមានពិការភាព ព្រមទាំងដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣ ដោយមានការចូលរួមពីសំណាក់រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន ជាថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកមានពិការភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ សរុបចំនួន៧២រូប។

យោងតាមរបាយការណ៍របស់លោក សុខ ម៉េង អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសកម្មភាពជនមានពិការភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា ក្រោមឱវាទក្រសួងអភិវឌ្ឍន៍ជនបទមានមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកជាជនមានពិការភាព សរុបចំនួន៣៨នាក់ ស្មើ៣.៨% ធៀបនឹងចំនួនមន្ដ្រីរាជការសរុបនៃក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនោះនៅទីស្ដីការក្រសួងមានចំនួន១១នាក់ និងនៅតាមបណ្ដាមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្តមានចំនួន២៧នាក់។

លោក បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានឡើងអានព្រះរាជសាររបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១។

លោក ឆាយ ឫទ្ធិសែន បានពាំនាំសេចក្តីនឹករលឹក និងការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកមានពិការភាពទាំងអស់ ព្រមទាំងបានមានប្រសាសន៍ថា មន្ត្រីដែលមានពិការភាពទាំងអស់បានចូលរួមចំណែកធ្វើឱ្យសម្រេចបានជោគជ័យរបស់ក្រសួងលើការងារអភិវឌ្ឍន៍ជនបទផងដែរ។ ក្រសួងនឹងបន្តលើកទឹកចិត្តដល់មន្ត្រីមានពិការភាពឱ្យចូលរួមគ្រប់សកម្មភាពរបស់ក្រសួង។

ឆ្លៀតក្នុងពិធីសំណេះសំណាលនោះ លោករដ្ឋមន្ត្រីបានផ្ដាំផ្ញើជូនមន្ដ្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកមានពិការភាពទាំងអស់ដូចខាងក្រោម៖

* សូមបន្ដខិតខំអនុវត្តតួនាទី ភារកិច្ច គោរពវិន័យការងារ ក្រមសីលធម៌មន្ដីរាជការ ដោយអនុវត្តតាមគោលការណ៍ ផ្អែកលើសមិទ្ធផលដែលមានស្រាប់ បន្ដខិតខំបង្កើនសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីចូលរួមចំណែកសម្រេចបាននូវយុទ្ធសាស្រ្តបញ្ចកោណ និងចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០។

* សូមចូលរួមផ្សព្វផ្សាយនូវគោលនយោបាយ គោលការណ៍ ច្បាប់ និងបទដ្ឋានគតិយុត្តនានាដល់ប្រជាជននៅតំបន់ជនបទនៅពេលបំពេញការងារ។

* សូមបន្ដចូលរួមថែរក្សាសន្ដិភាព សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងសហការគ្នាដើម្បីអនុវត្តការងារ សំដៅសម្រេចការងារអភិវឌ្ឍន៍ជនបទឱ្យទទួលបានជោគជ័យតាមផែនការដែលបានគ្រោងទុក៕