(កំពង់ចាម)៖ អភិបាលរងខេត្តកំពង់ចាមលោក ឡោ ចាន់លី នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធី ទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងជនមានពិការភាពអន្តរជាតិលើកទី៤១ ដោយពិធីនេះធ្វើឡើងនៅបរិវេណសាលាស្រុកព្រៃឈរ មានការចូលរួមពីស្ថាប័នមន្ទីរអង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋ ជនមានពិការភាព ក្នុងស្រុកព្រៃឈរជាង២០០នាក់។

ស្ថិតក្នុងឱកាសនោះលោក ឡោ ចាន់លី បានលើកឡើងថា ទិវាជនមានពិការភាព ត្រូវបានកំណត់ជាសាកល ដោយអង្គការសហប្រជាជាតិ ដែលចាប់ផ្តើមប្រារព្ធឡើង តាំងពីឆ្នាំ១៩៨២មកម្ល៉េះ។ ដោយឡែកកម្ពុជា បានរៀបចំទិវានេះជាផ្លូវការចាប់តាំងពីឆ្នាំ១៩៩៩ ជារៀងរាល់ឆ្នាំនាដើមខែធ្នូ ក្រោមប្រធានបទផ្សេងៗគ្នា ក្នុងគោលបំណងលើកកម្ពស់ការគោរពសិទ្ធិសេរីភាពលុបបំបាត់ការរើសអើង ជំរុញការអភិវឌ្ឍ និងធ្វើបរិយាបន្ន ជនមានពិការភាព ក្នុងការងារសេដ្ឋកិច្ច សង្គម វប្បធម៌នយោបាយ ស្របតាមច្បាប់ ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ ដែលជាគន្លឹះធានាការលើកកម្ពស់សិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូរ និងគ្មានឧបសគ្គរារាំង។

ជាមួយគ្នានេះដែរ ទិវានេះក៏ជាពិធីជួបជុំប្រចាំឆ្នាំមួយ ដើម្បីរំលឹកអំពីមហាវិនាសកម្មកើតឡើងដោយសារសង្គ្រាម ជាពិសេសដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើនរួមមាន៖ ស្ត្រីមេម៉ាយ កុមារកំព្រា ជនមានពិការភាព ព្រមទាំងបន្សល់នូវគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម រាប់លានតោន ដែលនេះជា សោកនាដកម្មមួយរបស់កម្ពុជា ដែលប្រជាជនកម្ពុជាធ្លាប់ទទួលរងពីការទម្លាក់ គ្រាប់បែករាប់លានតោន ហើយធ្វើឱ្យរបួស ពិការស្លាប់ រាប់លាននាក់ ដែលជាបន្ទុកយ៉ាងធ្ងន់របស់សង្គមជាតិទាំងមូល។

លោកអភិបាលរងខេត្តបន្តថា ដោយសារកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ បានជម្រុញឱ្យប្រទេសជាតិមានការអភិវឌ្ឍជាបន្តបន្ទាប់ ជាកត្តាបានផ្តល់នូវអត្ថប្រយោជន៍ដល់បងប្អូនមានពិការភាពទទួលបានផ្លែផ្កា និងការគាំទ្រពីគ្រប់អ្នកពាក់ព័ន្ធ ក្រោមកិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់របស់ រាជរដ្ឋាភិបាលកម្ពុជា៕