(ឧត្តរមានជ័យ)៖ អភិបាលខេត្តឧត្តរមានជយ័ លោក ស ថាវី នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះ រួមជាមួយមន្ទីរជំនាញ និងលោកអភិបាលស្រុកចុងកាល់ បានចុះមូមទឹកបញ្ចូលស្រែ​ជូនប្រជាពលរដ្ឋប្រមាណ ៦៥០ហិកតា នៅក្នុងស្រុកចុងកាល់ ដែលកំពុងជួបគ្រោះរាំងស្ងួត។

លោក រឹទ្ធិ ប៉ាក់ អភិបាលស្រុកចុងកាល់ បានរាយការណ៍ឲ្យដឹងថា នៅទូទាំងស្រុកចុងកាល់តំបន់ ដែលស្រូវប្រជាពលរដ្ឋជួបគ្រោះរាំងស្ងួតមានចំនួន៦៥០ហិកតា គឺស្ថិតក្នុងឃុំជើងទៀន រងគ្រោះចំនួន ៥ភូមិ។ លោកឲ្យដឹងថា តំបន់នេះមិនបានទទួលទឹកភ្លៀងរយៈពេលជាងមួយខែកន្លងមកហើយ។

លោក ស ថាវី បានសំដែងការសោកស្តាយចំពោះគ្រោះធម្មជាតិ ដែលបានបានធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់ដំណាំរបស់ប្រជាកសិករ។ ទោះបីជាមានគ្រោះរាំងស្ងួតក៏ដោយ ក្នុងនាមអជ្ញាធរខេត្ត លោកបានចាត់ឲ្យក្រុមអន្តរាគមន៍មន្ទីរធនធានទឹក និងឧត្តុនិយមខេត្តចុះបូមទឹកស្រោចសង្គ្រោះស្រូវជូនប្រជាពលរដ្ឋ ដែលការបូមទឹកនេះមិនគិតថវិកាពីប្រជាពលរដ្ឋនោះទេ និងមិនប្រកាន់និន្នាករគណបក្សនយោបាយផងដែរ។

ផ្អែកតាមសំណូមពររបស់ប្រជាពលរដ្ឋ លោក ស ថាវី បានឲ្យមន្ទីរធនធានទឹកដាក់ម៉ាស៊ីនបូមទឹកមួយគ្រឿងទៀត និងបានចែកថវិកាដល់ប្រជាពលរដ្ឋដែលចូលរួមមួយចំនួនផងដែរ៕