(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងឲ្យដឹងថា ធនាគារជាតិនៃកម្ពុជា បានធ្វើទំនើបកម្មប្រព័ន្ធធនាគារច្រើនណាស់ ក្នុងនោះមានការទូទាត់ផ្សេងៗ ដោយប្រើ QR Code ធ្វើឱ្យការទូទាត់សេវាកាន់តែមានភាពងាយស្រួល ប៉ុន្ដែទោះជាប្រព័ន្ធឌីជីថលងាយស្រួល តែការរក្សាប្រព័ន្ធសុវត្ថិភាព ក៏ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ផងដែរ។

ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ធ្វើឡើងក្នុងឱកាសសម្ដេច អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ អគារធនាគារវីងថៅវើ (Wing Bank Tower) នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ធនាគារជានៃកម្ពុជា មិនត្រឹមតែដើរតួនាទីក្នុងការជួយសម្រួលគាំទ្រដល់ប្រតិបត្តិការ ដល់ប្រពន្ធធនាគារនោះទេ តែថ្មីៗនេះធនាគារជាតិនៃកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចរចារជាមួយបណ្ដាប្រទេសទាំងអស់ ក្នុងការរៀបចំប្រព័ន្ធទំនាក់ទំនង ជួយដល់ការធ្វើពាណិជ្ជកម្ម ទេសចរណ៍ផ្សេងៗ តាមរយៈការរៀបចំប្រព័ន្ធទូរទាត់ត្រង់ ក៏ដូចជាការរៀបចំដាក់ចេញប្រព័ន្ធ QR Code ផ្សេងៗ ទៅគ្រប់បណ្ដាប្រទេសផ្សេង។ ជាក់ស្ដែងអំឡុងពេលនៅក្នុងប្រទេសជប៉ុនយើងបានឃើញ»

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា និន្នាការពិភពលោកឥឡូវការកាន់លុយដើរមិនមានទៀតនោះទេ ព្រោះនេះទាក់ទងនឹងសុវត្ថិភាព, ច្បាប់ទម្លាប់នៃប្រទេសនីមួយៗ ដូច្នេះការទូទាត់បែបនេះជារបត់នាពេលបច្ចុប្បន្ន និងពេលអនាគត ជាក់ស្ដែងកាលអំឡុងពេលកូវីដ១៩ ប្រសិនជាកម្ពុជាមិនមានប្រព័ន្ធអេឡិចត្រូនិកនោះទេ នឹងបង្កផលលំបាកជាខ្លាំង។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា ទោះជាយ៉ាងនេះក្ដី ប្រព័ន្ធឌីជីថលលឿន ប្រសិទ្ធិភាព តែត្រូវមានសុវត្ថិភាពផងដែរ ព្រោះដរាបណាយើងប្រើប្រាស់ប្រព័ន្ធឌីជីថលហើយ ប្រសិនជាមិនមានសុវត្ថិភាព យើងនឹងមានគ្រោះថ្នាក់ ក្នុងនោះមានបទពិសោធនច្រើនណាស់ ធនាគារនៅលើពិភពលោក ដែលត្រូវបានអ្នកជំនាញលួចយក ដែលបង្កឲ្យប្រព័ន្ធមានភាពរច្របូកច្របល។

សម្ដេចធិបតីបានថ្លែងបញ្ជាក់ថា «ដូច្នេះការយកចិត្តទុកដាក់លើការវិនិយោគ លើប្រព័ន្ធការពារ ត្រូវធ្វើយ៉ាងណារក្សាឲ្យមានសុវត្ថិភាព បច្ចុប្បន្ននេះខ្ញុំឃើញថា ទូទាំងពិភពលោកវិនិយោគខ្លាំងណាស់លើការការពារនេះ ហើយការការពារលើប្រព័ន្ធធនាគារ ក៏នឹងជួយដល់រាជរដ្ឋាភិបាលផងដែរ ដូច្នេះសូមយកចិត្តទុកដាក់លើប្រព័ន្ធវិនិយោគ ដើម្បីការពារ សូមលើកទឹកចិត្ត និងអរគុណ ចំពោះធនាគារទាំងអស់ ពិសេសធនាគារក្នុងស្រុក ដែលបានរីកចម្រើន»

សូមជម្រាបថា ធនាគារជាតិនៃកម្ពុជាបានដាក់ឲ្យដំណើរការ ការទូទាត់ឆ្លងដែនតាមប្រព័ន្ធ QR Code ជាមួយប្រទេសថៃប្រកបដោយភាពជោគជ័យ ទាំងទូទាត់នៅក្នុងប្រទេសថៃ និងការទូទាត់នៅកម្ពុជា បន្ដបន្ទាប់ទៅទៀតកម្ពុជា នឹងសហការជាមួយប្រទេសឡាវ, ចិន, ឥណ្ឌា។

ថ្មីៗនេះធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាមបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ការទូទាត់ឆ្លងដែនតាម​ QR Code រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម៕