(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងក្រើនរំលឹកដល់ប្រព័ន្ធធនាគារយកចិត្តទុកដាក់ពង្រឹងប្រព័ន្ធសុវត្ថិភាព។ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ពេលអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារ ធនាគារវីងថៅវើ (Wing Bank Tower) នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។

សម្តេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា «អីចឹងប្រព័ន្ធទូរទាត់ (ឌីជីថល​) សំខាន់ណាស់ ប៉ុន្តែទាមទារ ដើម្បីសុវត្ថិភាព លឿន ប្រសិទ្ធភាព តែសុវត្ថិភាពផងដែរ។ ដរាបណា យើងប្រើប្រាស់ឌីជីថលហើយ បើមិនមានសុវត្ថិភាព យើងគ្រោះថ្នាក់។ មានបទពិសោធន៍ច្រើនណាស់ ធនាគារពិភពលោក ដែលថា Hacker អាច Hack ធ្វើឲ្យប្រព័ន្ធច្របូកច្របល់។ អីចឹងការយកចិត្តទុកដាក់ ទៅលើការវិនិយោគ ទៅលើប្រព័ន្ធការពារ ធ្វើម៉េចឲ្យ កុំឲ្យថាបើកកុង ហើយព្រឹកឡើង (បាត់លុយ) ទៅណាអស់។ ការវិនិយោគប្រព័ន្ធធនាគារ ក៏នឹងជួយដល់ e-government របស់យើង»

ក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ធនាគារជាតិកម្ពុជា បានធ្វើទំនើបកម្មប្រព័ន្ធធនាគារច្រើនណាស់ ក្នុងនោះមានទូទាត់ផ្សេងៗដោយប្រើ QR Code ដែលធ្វើឱ្យការទូទាត់សេវាផ្សេងៗ កាន់តែងាយស្រួល។ សម្តេចធិបតី បានបន្ថែមថា ប្រព័ន្ធឌីជីថលងាយស្រួល តែការរក្សាប្រព័ន្ធសុវត្ថិភាព ក៏ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា «ទោះជាយ៉ាងនេះក្ដី ប្រព័ន្ធឌីជីថលលឿន ប្រសិទ្ធិភាព តែត្រូវមានសុវត្ថិភាពផងដែរ ព្រោះដរាបណាយើងប្រើប្រាស់ប្រព័ន្ធឌីជីថលហើយ ប្រសិនជាមិនមានសុវត្ថិភាព យើងនឹងមានគ្រោះថ្នាក់ ក្នុងនោះមានបទពិសោធនច្រើនណាស់ ធនាគារនៅលើពិភពលោក ដែលត្រូវបានអ្នកជំនាញលួចយក ដែលបង្កឲ្យប្រព័ន្ធមានភាពរច្របូកច្របល់»

សូមជម្រាបថា ធនាគារជាតិនៃកម្ពុជាបានដាក់ឲ្យដំណើរការ ការទូទាត់ឆ្លងដែនតាមប្រព័ន្ធ QR Code ជាមួយប្រទេសថៃប្រកបដោយភាពជោគជ័យ ទាំងទូទាត់នៅក្នុងប្រទេសថៃ និងការទូទាត់នៅកម្ពុជា បន្ដបន្ទាប់ទៅទៀតកម្ពុជា នឹងសហការជាមួយប្រទេសឡាវ, ចិន, ឥណ្ឌា។ ថ្មីៗនេះធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាមបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ការទូទាត់ឆ្លងដែនតាម​ QR Code រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម៕