(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃកម្ពុជានាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ បានទទួលជួបលោក កាវ អ៊ីនឡុង អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចជា ផ្លូវការនៅកម្ពុជា នៅវិមានព្រឹទ្ធសភា។

ក្នុងឱកាសនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានស្វាគមន៍ដ៏កក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ដែលបានរួមចំណែកដ៏ធំធេងអភិវឌ្ឍន៍ចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងប្រទេស និងសភាទាំងពីរ ឱ្យកាន់តែរឹងមាំស៊ីជម្រៅជាងទៀត នាំមកនូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ ទាំងពេលបច្ចុប្បន្ន និងពេលអនាគត៕