(ភ្នំពេញ)៖ ឯកអគ្គរាជទូតច្រកភពអង់គ្លេស បានបញ្ជាក់យ៉ាងច្បាស់ៗ ជាមួយកម្ពុជាថា ការផ្លាស់ប្តូររចនាសម្ព័ន្ធ និងសមាសភាពគណៈរដ្ឋមន្រ្តី នៅអង់គ្លេស មិនប៉ះពាល់ដល់ទំនាក់ទំនងអង់គ្លេស និងកម្ពុជាឡើយ ពោលគឺទំនាក់ទំនង រវាងប្រទេសទាំងពីរនឹង នៅតែរឹងមាំជានិច្ច។ នេះបើតាម លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស។
ការបញ្ជាក់ជំហរនេះ បានធ្វើឡើងនៅក្នុងជំនួបរវាង លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយ លោក William (Bill) Jesse Longhurst ឯកអគ្គរាជទូតច្រកភពអង់គ្លេស ប្រចាំនៅកម្ពុជា នៅល្ងាច ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះ។
ការលើកឡើងរបស់ ឯកអគ្គរាជទូតច្រកភពអង់គ្លេស បានធ្វើឡើង ក្រោយពេលដែលប្រទេសអង់គ្លេស បានផ្លាស់ប្តូររចនាសម្ព័ន្ធ និងសមាសភាពគណៈរដ្ឋមន្រ្តី ដើម្បីដឹកនាំប្រទេស ជាថ្មីក្រោយពី ប្រទេសមួយនេះ បានប្រកាសដកខ្លួន ចេញពីសហភាពអឺរ៉ុប។
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានថ្លែងអំណរគុណដល់ភាគីអង់គ្លេស ដែលបានសហការជាមួយកម្ពុជាបានយ៉ាងល្អទាំងការផ្តល់ព័ត៌មានលើគ្រប់វិស័យរួមមានផ្នែកសេដ្ឋកិច្ចពាណិជកម្មទេសចរណ៍ជាដើម ហើយក៏អរគុណដល់ ឯកអគ្គរាជទូតច្រកភពអង់គ្លេស បានចូលរួមចំណែកពង្រីកទំនាក់ទំនងមិត្តភាព ជាមួយកម្ពុជាយ៉ាងស្និទរមូតផងដែរ។
លោក ប្រាក់ សុខុន ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការដែលកំពុងតែ មានការកើនឡើងលើគ្រប់វិស័យ៕