(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានថ្លែងណែនាំ និងដាក់បទបញ្ជាដល់អាជ្ញាធរ ក្រុង ស្រុក ទាំង៨ ត្រូវខិតខំបង្រ្កាបបទល្មើសគ្រប់ប្រភេទ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធិភាព ដើម្បីឆ្លើយតបតាមការចង់បានរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន។

ការថ្លែងណែនាំរបស់លោក គីម រិទ្ធី ក្នុងឱកាសដែលលោកដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាអភិបាលរងខេត្ត ប្រធានសាលាដំបូង ព្រះរាជអជ្ញាអមសាលាដំបូង កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាល ក្រុង-ស្រុកទាំង៨ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងមេឃុំ ចៅសង្កាត់ មេប៉ុស្ដិ៍ ឃុំ-សង្កាត់ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនាពេលនេះ បានលើកឡើងអំពីរបាយការណ៍ បញ្ហាប្រឈម ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈប្រចាំឆ្នាំ២០២៣ សន្តិសុខសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន បទល្មើសធនធានធម្មជាតិ ការជួញដូរមនុស្ស និង បទល្មើសផ្សេងៗ។

ថ្លែងក្នុងឱកាសនោះ លោក គីម រិទ្ធី បានកោតសរសើរគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត ក្រុង ស្រុក ដែលបានខិតខំបំពេញការងារនាពេលកន្លងមក សម្រេចបានលទ្ធផល ល្អប្រសើរ និងបានទប់ស្កាត់បានយ៉ាងល្អនូវអំពើឆក់ប្លន់ ការជួញដូរគ្រឿងញៀន និងបទ ល្មើសផ្សេងៗ នៅក្នុងភូមិសាស្រ្តខេត្ត ជាពិសេសនៅតាមបន្ទាត់ព្រំដែននាពេលកន្លងមក និង បន្ដខិតខំប្រឹងប្រែងបំពេញការងារ ដើម្បីរក្សាបាននូវសុខសុវត្ថិភាព និងភាពសុខុដុមរម្យជូន ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន។

លោកអភិបាលខេត្តព្រះវិហារ ក៏បានថ្លែងផ្តាំផ្ញើដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត-ក្រុង-ស្រុក ត្រូវពង្រឹងអនុវត្តន៍តួនាទីភារកិច្ចជំនាញ លើការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់ តែប្រសើរ រៀបចំឲ្យមានមន្រ្តីប្រចាំការ ទទួលខុសត្រូវ ដើម្បីដោះស្រាយការស្នើសុំសេវាផ្សេងៗ ពីប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ពង្រឹងយន្តការតាមដាន ត្រួតពិនិត្យបញ្ហាដឹកនាំការអនុវត្ត របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត-ក្រុង-ស្រុក ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និង ស្រាវជ្រាវបង្ក្រាបបទល្មើស ឲ្យមានប្រសិទ្ធភាព។

ពិសេសលើកកម្ពស់គុណភាព និងសមត្ថភាពរបស់មន្ត្រីនគរបាលយុត្តិធម៌ និងប៉ុសិ៍្តនគរបាលរដ្ឋបាលឃុំ-សង្កាត់ ពង្រឹង និងពង្រីកប្រជាការពារ បន្ថែមឲ្យសមស្របតាមតម្រូវការ និងភូមិសាស្រ្តជាក់ស្តែងរបស់មូលដ្ឋាន បង្កើនការអប់រំ ផ្សព្វផ្សាយអំពីច្បាប់ពាក់ព័ន្ធ និងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី និងបង្កើនការផ្លាស់ប្តូរព័ត៌មានជា មួយដៃគូជាតិ និងអន្តរជាតិ ដើម្បីស្រាវជ្រាវទប់ស្កាត់បទល្មើសផ្សេងដែលកើតមានឡើង៕