(ឧត្តរមានជ័យ)៖ ឧត្តមសេនីយ៍ឯក សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងារគណៈកម្មការចំពោះកិច្ចដោះស្រាយបញ្ហាដំណើរចេញ-ចូលរបស់ពលករខ្មែរតាមព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំក្រុមការងារទី២ នៃគណៈកម្មការចំពោះកិច្ច ចុះត្រួតពិនិត្យច្រកទ្វារអន្តរជាតិជាំស្រងាំ ស្ថិតក្នុងខេត្តឧត្តរមានជ័យ។

ការចុះពិនិត្យរបស់ប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិនេះ គឺដើម្បីពង្រឹងការអនុវត្តការងាររបស់មន្ត្រីសមត្ថកិច្ចឈរជើងនៅច្រកទ្វារព្រំដែន និងជួបជាមួយកម្លាំងបញ្ជាការទិសរបស់ភាគីថៃ ក្នុងនាមជាប្រទេសភូមិផងរបង ជាមួយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការងារសម្របសម្រួល និងផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ ដែលឆ្លងកាត់ចេញចូលនៅច្រកអន្តរជាតិជាំស្រងាំ។

ឆ្លៀតក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក សៀក សុជាតិ ក៏បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យសំណង់អគារច្រកចេញចូលតែមួយប្រចាំច្រកជាំស្រងាំ ដែលបានសាងសង់រួច៦០ភាគរយ និងនៅសល់៤០ភាគរយទៀត។ លោក សៀក សុជាតិ បានស្នើសូមប្រធានស្នាក់ការច្រកបន្តជួយសាងសង់ ដើម្បីបញ្ជាប់នាឆ្នាំ២០២៤ខាងមុខនេះផងដែរ។

សូមបញ្ជាក់ថា មុនចុះទៅពិនិត្យស្ថានភាពទូទៅនៅច្រកទ្វារអន្តរជាតិជាំស្រងាំនោះ កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ លោក សៀក សុជាតិ បានបើកកិច្ចប្រជុំ នៅរដ្ឋបាលសាលាខេត្តឧត្តរមានជ័យ ដើម្បីពង្រឹងការអនុវត្តការងាររបស់មន្ត្រីសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ ឈរជើងនៅច្រកទ្វារព្រំដែន ក្នុងការសម្របសម្រួលការឆ្លងដែនជូនប្រជាពលរដ្ឋដោយស្របច្បាប់។

នៅក្នុងកិច្ចប្រជុំនោះលោក សៀក សុជាតិ បានដាក់ចេញវិធានការដល់មន្ត្រីឈរជើងតាមច្រកទ្វារព្រំដែន ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធដូចខាងក្រោម៖

*ទី១៖ ត្រូវបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋដែលធ្វើការឆ្លងដែនចេញចូលក្នុងទឹកដីថៃ ឱ្យបានទាន់ពេលវេលា ចៀសវាងកុំឱ្យមានកកស្ទះនៅតាមច្រកទ្វារព្រំដែន ពិសេសច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត
*ទី២៖ សមត្ថកិច្ចទាំងអស់ត្រូវបញ្ឈប់ជាបន្ទាន់ការយកប្រាក់កម្រៅក្រៅផ្លូវការ និងត្រូទទួលខុសត្រូវលើសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយតាមច្រកទ្វារព្រំដែន
*ទី៣៖ តាមដានជាប្រចាំអំពីស្ថានភាព នៃការធ្វើដំណើរចេញចូលរបស់ពលករខ្មែរ និងរាយការណ៍មកក្រុមការងារត្រួតពិនិត្យដំណើរចេញចូលរបស់ពលករខ្មែរតាមព្រំដែន ឱ្យបានមុនម៉ោង ៤៖៣០នាទីល្ងាច
*ទី៤៖ គ្រប់គ្រងស្ថិតិ និងលំហូរពលករចេញចូលឆ្លងកាត់ព្រំដែនឱ្យបានច្បាស់លាស់ និងចាត់វិធានការទប់ស្កាត់ បង្ក្រាបសកម្មភាពមេខ្យល់ និងអ្នកសមគំនិតដែលអូសទាញពលករឆ្លងដែនខុសច្បាប់តាមគ្រប់រូបភាព
*ទី៥៖ ត្រូវបិទច្រករបៀងខុសច្បាប់ទាំងអស់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីបញ្ជៀសកុំឱ្យពលករចាញ់បោកមេខ្យល់ឆ្លងដែនខុសច្បាប់បន្តទៀត។

កាលពីថ្ងៃទី១៣​ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ ចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា។

គណៈកម្មការចំពោះកិច្ចនេះ មានសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ជាប្រធាន អមដោយអនុប្រធានប្រចាំការ១រូប អនុប្រធាន២រូប និងសមាជិកជាច្រើនរូបផ្សេងទៀត។

គណៈកម្មការចំពោះកិច្ចមានតួនាទី និងភារកិច្ចដូចខាងក្រោម៖

* តាមដាន និងត្រួតពិនិត្យការអនុវត្តវិធានការនានាដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីលុបបំបាត់ភាពមិនប្រក្រតី និងបាតុភាពផ្សេងៗ ក៏ដូចជាបញ្ហាប្រឈមនានាចំពោះពលករខ្មែរ ក្នុងការចេញ ចូល និងឆ្លងកាត់ព្រំដែន
* ជំរុញដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅតាមព្រំដែន ដើម្បីជួយសម្រួលដំណើរចេញ ចូលរបស់ពលករខ្មែរឲ្យបានត្រឹមត្រូវ
* ទទួល និងដោះស្រាយបណ្ដឹងតវ៉ានានារបស់ពលករខ្មែរពាក់ព័ន្ធនឹងដំណើរឆ្លងកាត់ព្រំដែន
* សិក្សាស្រាវជ្រាវលើប្រភពបញ្ញា ឬភាពមិនប្រក្រតីនានា ដែលបង្កការរំខានដល់ដំណើរចេញចូល ឬប៉ះពាល់ដល់ផលប្រយោជន៍របស់ពលករខ្មែរតាមព្រំដែន
* រៀបចំឲ្យមានប្រព័ន្ធឆ្លើយតបបន្ទាន់មិនប្រក្រតី
* ធ្វើការត្រួតពិនិត្យដើម្បីសម្រួលឲ្យពលករអាចទំនាក់ទំនង និងរាយការណ៍ភាពតាមដានការអនុវត្តតួនាទីភារកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងករណីមានបណ្ដឹងមិនសុខចិត្តពីពលករ
* ចុះពិនិត្យ សិក្សា និងវាយតម្លៃអំពីស្ថានភាពនៃការយកកម្រៃក្រៅផ្លូវការសម្រាប់ការធ្វើដំណើរចេញ ចូលនៅច្រកទ្វារព្រំដែន
* ដាក់ចេញវិធានការ ចុះប្រតិបត្តិការ ឬចេញសេចក្ដីណែនាំ ដើម្បីលុបបំបាត់ការយកកម្រៃក្រៅ ផ្លូវការសម្រាប់ការធ្វើដំណើរចេញចូលនៅច្រកទ្វារព្រំដែន សំដៅសម្រួលដល់ការធ្វើដំណើរចេញ ចូលរបស់ពលករនៅតាមព្រំដែន
* ធ្វើរបាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាលអំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមទាក់ទងនឹងការងារ
* លុបបំបាត់ការយកកម្រៃក្រៅផ្លូវការសម្រាប់ការធ្វើដំណើរចេញចូលនៅច្រកទ្វារព្រំដែន
* អនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីប្រមុខរាជរដ្ឋាភិបាល៕