នៅព្រឹកថ្ងៃស្អែកលោកស្រី ឆន សុគន្ធា ប្រធានផ្នែកស្ត្រីនៃសមាគមអាដហុក ចូលបំភ្លឺក្នុងនាមសាក្សី ករណីសូកប៉ាន់សាក្សី
23-08-2016 18:16
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃស្អែកទី២៤ ខែសីហា ឆ្នាំ២០១៦នេះ លោកស្រី ឆន សុគន្ធា ប្រធានផ្នែកស្ត្រីនៃសមាគមអាដហុក ចូលបំភ្លឺក្នុងនាមសាក្សី ករណីសូកប៉ាន់សាក្សី ពាក់ព័ន្ធសំណុំរឿងស្រីមុំ និងលោក កឹម សុខា។ លោកស្រីប្រធានផ្នែកស្ត្រី នៃសមាគមអាដហុក នឹងចូលបំភ្លឺក្នុងនាមសាក្សី នៅចំពោះមុខចៅក្រមស៊ើបសួរ លោក ធាម ច័ន្ទពិសិដ្ឋ។
សូមបញ្ជាក់ថា មន្រ្តីអាដហុក ៤រូប រួមមាន លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេត សមាគមអាដហុក, លោក យី សុខសាន្ត អនុប្រធាន ផ្នែកស៊ើបអង្កេត សមាគម អាដហុក, លោក ណៃ វ៉ងដា អនុប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក, លោកស្រី លឹម មុនី មន្រ្តីអង្កេត ជាន់ខ្ពស់អាដហុក និងលោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប កំពុងជាប់ឃុំបណ្តោះអាសន្ន នៅពន្ធធនាគារព្រៃស ពាក់ព័ន្ធនឹងបទល្មើសស៊កប៉ាន់សាក្សី និងសមគំនិតស៊កប៉ាន់សាក្សី ក្រោយពីមាន ការសាកសួរពីតុលាការ និង អង្គភាពប្រឆាំងអំពើពុករលួយ៕
ការឃុំខ្លួនមន្រ្តីទាំងអស់នេះបានធ្វើឡើងក្រោយពីកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលមានទំនាក់ទំនងស្នេហាជាមួយ លោក កឹម សុខា បានចេញលិខិតចំហរមួយ ដោយបានសរសេររៀបរាប់អំពីរឿងរ៉ាវ ដែលនាំឱ្យនាងលាក់បាំង មិនឆ្លើយការពិតប្រាប់សមត្ថកិច្ច អំពីទំនាក់ទំនងស្នេហាស៊ីជម្រៅ ជាមួយលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ដោយក្នុងនោះ នាងអះអាងថា ពាក់ព័ន្ធនឹងអ្នកទាំង ៥ខាងលើនេះ និងអ្នកដទៃ ជាអ្នកបង្គាប់ កុំឱ្យនាងនិយាយការពិតប្រាប់សមត្ថកិច្ច៕