(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញក្តីរំពឹងថា នៅពេលកម្ពុជាទទួលបានអ្នកវិនិយោគ និងមានកំណើនពាណិជ្ជកម្ម ធនាគារនៅក្នុងស្រុកទាំងអស់នឹងពង្រឹងសមត្ថភាពចាប់ យកឱកាសពីការវិនិយោគនានា។ ដូចនេះដើម្បីឱ្យការវិនិយោគ និងការធ្វើពាណិជ្ជកម្ម អាចដំណើរទៅបានអាស្រ័យដោយមានការសម្រួលសម្រួលពីវិស័យធនាគារ។

ការបង្ហាញក្តីសង្ឃឹមបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការ អគារធនាគារវីងថៅវើ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ អាចដើរទៅបានលុះត្រាតែមានការគាំទ្រពីប្រព័ន្ធធនាគារ។ ដូច្នេះនៅពេលលំហូរពាណិជ្ជកម្ម និងវិនិយោគចូលកាន់តែច្រើនថែមទៀត នៅក្នុងប្រទេសកម្ពុជា។

សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា វិស័យពាណិជ្ជកម្មដើរ នោះវិស័យវិនិយោគក៏ដើរ ដែលទាមទារឱ្យមានការសម្របសម្រួលពីវិស័យធនាគារ។ សម្តេចធិបតី បានលើកឡើងថា ប្រព័ន្ធសេដ្ឋកិច្ចកម្ពុជា មិនអាចដើរបានឡើយ បើគ្មានលុយ។ សម្តេចក៏បានបង្ហាញអារម្មណ៍រីករាយចំពោះការរីកចម្រើនរបស់ធនាគារវីង និងធនាគារដទៃទៀតនៅកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសង្ឃឹមថា ពេលដែលចរន្តនៃវិនយោគមក ក៏ដូចជាចរន្តពាណិជ្ជកម្មយើងកើន អញ្ចឹងវិស័យធនាគារយើងក៏នឹងដើរតួនាទីកាន់តែសំខាន់ក្នុងការសម្រួលនូវកិច្ចការងារនេះ អញ្ចឹងទាមទារឱ្យធានាគាររបស់យើងត្រូវធ្វើម៉េចរៀបចំ ដើម្បីត្រៀមព្រោះស្តង់ដាទូទាត់ក្នុងប្រទេសកម្រិតមួយ ប៉ុន្តែបើសិនគាំទ្រដល់ការធានានូវពាណិជ្ជកម្ម ក្រៅប្រទេស គឺត្រូវកម្រិតមួយទៀត ទោះជាយ៉ាងណា ខ្ញុំសង្ឃឹមថាជាឱកាសបន្ថែមទៀតសម្រាប់ពង្រីក និងពង្រឹងវិស័យធនាគារ និងវិស័យហិរញ្ញវត្ថុក្នុងប្រទេសរបស់យើង»

បន្ថែមពីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ដើម្បីអាចសម្របសម្រួលបញ្ហាខាងលើនេះវិស័យធនាគារ ត្រូវតែត្រៀមខ្លួនឱ្យបានល្អ។ ប្រមុខរាជរដ្ឋាភិបាល បានកត់សម្គាល់ថា ការបម្រើសេវាកម្មរបស់វិស័យធនាគារ ក្នុងការទូទាត់ប្រាក់ក្នុងប្រទេស អាចស្ថិតក្នុងស្ដង់ដាល្អមួយ តែបើការទូទាត់ប្រាក់ឆ្លងប្រទេស ឬការធ្វើពាណិជ្ជកម្មក្រៅប្រទេស ត្រូវបង្កើនកម្រិតស្ដង់ដាមួយកម្រិតទៀត។ ដើម្បីឱ្យការវិនិយោគ និងការធ្វើពាណិជ្ជកម្ម អាចដំណើរទៅបានអាស្រ័យ ដោយមានការសម្រួលសម្រួលពីវិស័យធនាគារ។

ទន្ទឹមនឹងនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នៅពេលមានការធ្វើពាណិជ្ជកម្ម និងការវិនិយោគកាន់តែកើនឡើងនោះ ក៏អាចជាឱកាសសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ ពង្រឹង និងពង្រីកសេវាកម្មរបស់ខ្លួនឱ្យកាន់តែល្អប្រសើរឡើងថែមទៀត៕