(ភ្នំពេញ)៖ កម្លាំងនគរបាលអន្ដោប្រវេសន៍ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះ បានបន្ដប្រតិបត្ដិការឃាត់ខ្លួនជនជាតិបរទេសបាន៩នាក់ ក្នុងនោះស្រី៣នាក់ ដែលបានចូលមករស់នៅ និងធ្វើការខុសច្បាប់។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងបន្ទាប់ពីមានការណែនាំផ្ទាល់ពី នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ និងមានកិច្ចសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួល លោក សៀង សុខ ព្រះអាជ្ញារងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានចុះប្រតិបត្តិការត្រួតពិនិត្យនៅទីតាំងស្ថិតនៅផ្ទះលេខ៦៨AB និង៦៨A ផ្លូវលេខ១៣៥ សង្កាត់ទួលទំពូង ខណ្ឌចំការមន ដោយក្នុងនោះកម្លាំងជំនាញ បានធ្វើការឃាត់ខ្លួនបានជនជាតិ ហ្វីលីពីន៧នាក់ និងអូស្ត្រាលី២នាក់ ក្នុងនោះមានស្រី៣នាក់ផងដែរ។
លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា ក្នុងចំណោមជនបរទេសទាំង៩នាក់ខាងលើនេះ មានលិខិតឆ្លងដែន៨ក្បាល មានទិដ្ឋាការ E នៅមានសុពលភាព តែគ្មានសៀវភៅការងារ។
លោកបន្ដថា ក្រុមចំរុះបានដកយកលិខិតឆ្លងដែន៦ក្បាល យកមកធ្វើការផាកពិន័យតាមច្បាប់ការងារ និងបានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ Constanting Fisco Abitria អាយុ៤៨ឆ្នាំ ជនជាតិហ្វីលីពីន ដែលបានលួចស្នាក់នៅដោយខុសច្បាប់ រយៈពេល៩ឆ្នាំ ដោយគ្មានលិខិតឆ្លងដែន និងមានសកម្មភាព បង្កឡុកឡុក ក្នុងមូលដ្ឋានស្នាក់នៅផងដែរ។
បច្ចុប្បន្នជនជាតិហ្វីលីពីន និងជនជាតិអូស្ដ្រាលី ខាងលើនេះ ត្រូវបានបញ្ចូនខ្លូនទៅកាន់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីចាត់ការបន្ដ៕