(ភ្នំពេញ)៖ តាមរយៈសន្និសីទសារព័ត៌មាន ក្រោយប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ត្រឡប់មកដល់មាតុប្រទេសវិញនោះ នៅយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ លោក សូ ណារ៉ូ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី ទទួលបន្ទុកកិច្ចការអាស៊ាន បានបង្ហាញនូវអ្វីដែលជាលទ្ធផលក្នុងកិច្ចប្រជុំរំលឹកខួបលើកទី៥០ នៃទំនាក់ទំនងអាស៊ាន-ជប៉ុន។

លោកបណ្ឌិត សូ ណារ៉ូ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍លើកទី៥០នេះ ដោយមានវត្តមានរបស់លោក គីស៊ីដា ហ្វឺមីអូ នាយករដ្ឋមន្ដ្រីជប៉ុន និងមេដឹកនាំបណ្ដាប្រទេសអាស៊ានផ្សេងទៀតផងដែរ។

ក្នុងសុន្ទរកថាបើក លោក គីស៊ីដា ហ្វឺមីអូ បានលើកឡើងថា ទំនាក់ទំនងរវាងអាស៊ាន-ជប៉ុន បានចាប់ផ្ដើមកន្លះសតវត្សមកនេះ អាស៊ានបានពង្រីកទំនាក់ទំនងកាន់តែស៉ីជម្រៅក្លាយជាដៃគូពាណិជ្ជកម្ម វិនិយោគទុន និងវិស័យដទៃផ្សេងទៀត និងទំនាក់ទំនងតភ្ជាប់នៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន។

លោករំពឹងថា ក្នុងរយៈពេល៥០ឆ្នាំទៅមុខទៀត អាស៊ាន-ជប៉ុន នឹងបង្កើននូវការសន្ទានយ៉ាងជិតស្និត ដោយឈរលើភាពទុកចិត្តគ្នាដែលធ្លាប់កសាងកន្លងមក។ លោកនាយករដ្ឋមន្ដ្រីជប៉ុន បានអះអាងទៀតថា អាស៊ាន-ជប៉ុន នឹងរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងបច្ចុប្បន្ន និងអនាគត ដើម្បីធានា និងថែរក្សាតំបន់អាស៉ីប៉ាស៉ីហ្វិក ជាតំបន់សេរី បើកទូលាយ និងនាំមកនូវវិបុលភាព។

សម្រាប់លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៉ី និងជាប្រធានអាស៊ានប្ដូរវេន ឆ្នាំ២០២៣ បានកត់សម្គាល់ថា កិច្ចប្រជុំកំពូលទំនាក់ទំនងអាស៊ាន-ជប៉ុន លើកទី៥០ នៃមិត្តភាព និងសហប្រតិបត្តិការ នាឆ្នាំ២០២៣នេះ គឺគាប់ជួននៅពេលដែលអាស៊ាន និងជប៉ុន បានតម្លើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយ ដូច្នេះដើម្បីបន្ដទំនាក់ទំនងនេះកាន់តែស៉ីជម្រៅ ត្រូវបន្ដកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងនយោបាយ សន្ដិសុខ ពាណិជ្ជកម្ម វិនិយោគទុន កសិកម្ម សន្ដិសុខស្បៀង វិទ្យាសាស្ដ្រ បច្ចេកវិទ្យា ឌីជីថលជាដើម។

ក្នុងសម័យប្រជុំពេញអង្គលើកទី១ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើបទអន្ដរាគមន៍ដោយគូសបញ្ជាក់ថា ការរៀបចំកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន នៅពេលនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ នៃភាពជាដៃគូដ៏យូរអង្វែង និងជាការបើកទំព័រថ្មីមួយទៀត នៃទំនាក់ទំនងនេះ ក្នុងការលើកដម្កើងសន្ដិភាព ការរីកចម្រើនរួមគ្នា និងការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីបង្កើតមិត្តភាពមាស និងឱកាសមាស ដែលបម្រើផលប្រយោជន៍ឲ្យប្រជាជនយើងពិតប្រាកដ។

សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ថែមទៀតថា ឆ្នាំ២០២៣ ពិតជាមានអត្ថន័យធំធេងណាស់សម្រាប់ប្រជាជនកម្ពុជា ព្រោះអាស៊ាន-ជប៉ុន បានបង្កើតទំនាក់ទំនងដៃគូជាយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយទាំងកម្រិតអាស៊ាន ខណៈកម្ពុជានៅឆ្នាំនេះ ក៏ជាខួបលើកទី៧០ នៃទំនាក់ទំនងកាទូតរវាងជប៉ុន និងកម្ពុជា ហើយក៏បានតម្លើងកម្រិតដូចគ្នាផងដែរ។ សម្ដេចអះអាងថា «កម្ពុជា ត្រូវសប្បាយចិត្តទ្វេដងជាមួយមិត្តភាពដ៏ប្រពៃ និងប្រពៃណីជាមួយប្រទេសជប៉ុន»។

ដោយឡែក ចំពោះស្ថានការណ៍ពិភពលោកដែលកំពុងជួបប្រទះនូវវិបត្តិជាបន្ដបន្ទាប់ ការប្រកួតប្រជែងភូមិសាស្ដ្រនយោបាយទាំងមហាអំណាច និងប្រទេសអំណាចធុនកណ្ដាល រីករាលដាលដល់ទិដ្ឋភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ, សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មានចាំបាច់ដែលអាស៊ាន-ជប៉ុន ត្រូវរួមដៃគ្នាបង្ហាញនូវកម្លាំងសន្ដិភាព ហើយប្រជាជាតិក្នុងតំបន់អាស៊ីប៉ាស៉ីហ្វិក ត្រូវរួមគ្នាការពារឲ្យបាននូវសន្ដិភាព ស្ថេរភាព និងសន្ដិសុខតំបន់ និងធានាថាតំបន់របស់យើងមិនក្លាយទៅជាវេទិកាថ្មីមួយទៀត នៃជម្លោះប្រដាប់អាវុធ ឬសង្គ្រាមដោយតួអង្គតំណាង។

ក្រោយមកនៅសម័យប្រជុំលើកទី២ នៅល្ងាចថ្ងៃដដែលនោះ បានធ្វើឡើងផ្ដោតទៅលើប្រធានបទចំនួន២ រួមមាន៖ ទី១៖ ដៃគូចិត្ត និងចិត្ត ឆ្លងគ្រប់ជំនាន់ និងទី២៖ ដៃគូសម្រាប់សហបង្កើតសេដ្ឋកិច្ច និងសង្គមនៃអនាគត។ ក្នុងនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងនូវបទអន្ដរាគមន៍ចំនួន២ទៀតដាច់ដោយឡែកពីគ្នា ដោយបានបង្ហាញនូវក្ដីរីករាយ នៅពេលឃើញអ្វីដែលបានអនុវត្តកន្លងមកទទួលបានផ្លែផ្កា។

បើតាមលោកបណ្ឌិត សូ ណារ៉ូ, សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ភាពមិនប្រាកដនិយម និងមិនអាចប៉ាន់ប្រមាណបាន នៃក្របខ័ណ្ឌតំបន់ និងនៅលើពិភពលោក ធ្វើដៃគូសហប្រតិបត្តិការមិត្តភាពចិត្ត និងចិត្ត មានសារៈសំខាន់ក្នុងការជំរុញទំនាក់ទំនងប្រជាជន និងប្រជាជន ជំនឿទុកចិត្ត និងការយោគយល់សាមគ្គីរវាងអាស៊ាន-ជប៉ុន។ កាត់បន្ថយគម្លាត និងបច្ចេកវិទ្យាឌីជីថល ជំរុញការអភិវឌ្ឍរួម ការអភិវឌ្ឍធនធានមនុស្ស។

ត្រង់ចំណុចនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញនូវក្ដីរំពឹងថា ជប៉ុន នឹងបន្ដផ្ដល់អាហារូបករណ៍វគ្គខ្លី និងវែង បណ្ដុះបណ្ដាលវគ្គសិក្សាស្រាវជ្រាវ ក៏ដូចជាបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់កម្ពុជាផងដែរ។ លើសពីនេះ កម្ពុជាស្វាគមន៍ និងគាំទ្រការប្រកាសដាក់ចេញកម្មវិធីផ្លាស់ប្ដូរ ប្រជាជន និងប្រជាជនគ្រប់ជ្រុងជ្រោយ ដែលមានថវិកាចំនួន៤០ប៊ីលានយេន ប្រមូលផ្ដុំទៅដោយការផ្លាស់ប្ដូរធុរជនវ័យក្មេង មន្ដ្រីស៉ីវិល និងការស្រាវជ្រាវ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការកោតសរសើរដល់កិច្ចសហប្រតិបត្តិការរវាងជប៉ុន និងកម្ពុជាផងដែរ លើវិស័យអប់រំ បច្ចេកវិទ្យា វិទ្យាសាស្ដ្រ គាំពារសង្គម ការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា វប្បធម៌ សង្គមជាដើម។

ចំពោះប្រធានបទ «ដៃគូសម្រាប់សហបង្កើតសេដ្ឋកិច្ច និងសង្គមនៃអនាគត» សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា ពិភពលោកនឹងបាត់បង់ការប្រកួតប្រជែងដោយផ្អែកទៅលើគុណតម្លៃ និងគោលការណ៍សេដ្ឋកិច្ចទីផ្សារ ហើយបែរជាត្រូវពង្រឹងការពឹងអាស្រ័យទៅលើប្លុកណាមួយ ដើម្បីរស់រាននៃសេដ្ឋកិច្ចរបស់ខ្លួន។ ក្នុងស្ថានភាពបែបនេះ ដើម្បីកសាងអនាគតសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងភាពធន់ អាស៊ាន-ជប៉ុន ត្រូវខិតខំប្រឹងប្រែងធានាឲ្យបាននូវការគោរពខ្ជាប់ខ្ជួនគោលការណ៍ពាណិជ្ជកម្មពហុភាគី ដែលសេរី ហើយបើកជំហរ ផ្អែកលើវិធានច្បាប់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញការគាំទ្រគំនិតផ្ដួចផ្ដើមសហបង្កើតឧស្សាហ៍កម្មយានយន្ដជំនាន់ថ្មី អាស៊ាន-ជប៉ុន ដែលជាគំនិតផ្ដើមរបស់លោក គីស៊ីដា ហ្វឺមីអូ ដែលអាចគៀរគរមូលនិធិទាំងឯកជន និងរដ្ឋ ចំនួន៣៥ប៊ីលានដុល្លារ ក្នុងរយៈពេល៥ឆ្នាំខាងមុខ ហើយសម្ដេចប្រកាសថា កម្ពុជាសង្ឃឹមនឹងក្លាយទៅជាសមាសធាតុមួយក្នុងគំនិតផ្ដួចផ្ដើមនេះផងដែរ។

ក្នុងនោះសម័យប្រជុំបានបញ្ចប់ទៅនូវការអនុម័តឯកសារសំខាន់ៗ ចំនួន២ គឺសេចក្ដីប្រកាសចក្ខុវិស័យរួម អំពីមិត្តភាព និងសហប្រតិបត្តិការអាស៊ាន-ជប៉ុន ជាដៃគូទុកចិត្ត និងផែនការលម្អិតដើម្បីអនុវត្តសេចក្ដីប្រកាសនេះ៕