(ភ្នំពេញ)៖ ឆ្លើយនឹងសំណួរក្រុមអ្នកសារព័ត៌មាន ដែលចោទសួរទាក់ទងនឹងការវិនិយោគរបស់ជប៉ុនថា មានភ្ជាប់ជាមួយគោលការណ៍ប្រជាធិបតេយ្យ ឬយ៉ាងណានោះ លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងខ្លីថា ជប៉ុនវិនិយោគគ្រប់កន្លែងមិនថាក្នុងប្រទេសកុម្មុយនីស្ត ឬប្រជាធិបតេយ្យ ដោយសារតែលុយគ្មានក្លិនប្រជាធិបតេយ្យ ឬកុម្មុយនីស្តនោះទេ។

ការលើកឡើងរបស់ លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានធ្វើឡើងនៅក្នុងសន្និសីទកាសែត នាយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីបង្ហាញលទ្ធផល របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសជប៉ុន។

លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានលើកឡើងថា វិនិយោគិនជប៉ុន មាននៅគ្រប់ទីកន្លែង មាននៅចិន វៀតណាម ភូមា និងប្រទេសដទៃទៀត។ លោកបញ្ជាក់ដូច្នេះថា៖ «កុំនិយាយពីរឿងរបបនយោបាយ លុយអត់មានក្លិនប្រជាធិបតេយ្យ លុយជាលុយ លុយអត់មានក្លិនផ្តាច់ការទេ ទីណាដែលគេរកបានគេទៅហើយ»

បើតាម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីរូបនេះ ពេលនេះ សម្តេចធិបតី កំពុងតែបំពេញការងារការទូតសេដ្ឋកិច្ច ឬការដើរទាក់ម៉ូយ ហើយការដើរទាក់ម៉ូយ​នេះ ត្រូវតែដឹកនាំដោយ ដោយថ្នាក់ដឹកនាំកំពូល អមដោយរដ្ឋមន្ត្រីខ្ពស់បំផុតពាក់ព័ន្ធ ក្នុងគោលដៅ២ រួមមាន៖​

* គោលដៅទី១៖ ការទូតសេដ្ឋកិច្ចមានគោលដៅចម្បង គឺធ្វើយ៉ាងណាឱ្យក្រុមហ៊ុនធំៗរបស់ជប៉ុន ដែលមានសាខានៅកម្ពុជា ចាប់ផ្តើមបង្កើនទុនវិនិយោគ។

* គោលដៅទី២៖ គឺធ្វើយ៉ាងណា ឱ្យក្រុមហ៊ុនដែលមិនទាន់រកស៊ីនៅកម្ពុជា មកដាក់ទុនរកស៊ីនៅកម្ពុជា ដែលក្នុងនោះ ក្រុមហ៊ុនអ៉ីអន និងមីនីបៀ ក៏ជាកម្លាំងទាក់ទាញមួយ ដោយគាត់អាចបង្ហាញថាកម្ពុជាអាចរកស៊ីបាន៕