(ភ្នំពេញ)៖ លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួល​បន្ទុក​កិច្ច​ការ​បរទេស បានគូសបញ្ជាក់ថា ទំនាក់ទំនង កម្ពុជា-ជប៉ុន គ្មានការប្រួលប្រែឡើយ ទោះបីជាកម្ពុជា ទើបដូរនាយករដ្ឋមន្ត្រីក៏ដោយ ព្រោះថា ទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ មានចំនួន៧០ឆ្នាំមកហើយ។

ការគូសបញ្ជាក់បែបនេះ របស់លោក តាន់ ហ្សង់ហ្វ្រង់ស័រ ធ្វើឡើងក្នុងសន្និសីទ ស្ដីពីលទ្ធផល នៃដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូល រម្លឹកខួបអនុស្សាវរីយអាស៊ាន-ជប៉ុន របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ពិធីនេះ ធ្វើឡើងនៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ នាយប់ថ្ងៃទី១៩ ខែធ្នូ​ ឆ្នាំ២០២៣នេះ។

ឆ្លើយតបនឹងសំនួរ របស់អ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងទំនាក់ទំនង កម្ពុជា-ជប៉ុន លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានបញ្ជាក់ថា «មិនមែនអាស្រ័យ ទៅលើបុគ្គលិកលក្ខណៈ របស់នាយករដ្ឋមន្ត្រី ឆ្លងចេញពីសម្តេចតេជោ ហ៊ុន សែន ទៅសម្តេចធិបតី ហ៊ុន ម៉ាណែត នោះទេ គឺវាមានមូលហេតុមួយចំនួន ដែលធ្វើឲ្យទំនាក់ទំនង រវាងប្រទេសទាំងពីរ មានលក្ខណៈកាន់តែល្អប្រសើរ»។

លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានលើកឡើងថា កម្ពុជា និងជប៉ុន មានទំនាក់ទំនងការទូត ជាមួយនឹងគ្នា៧០ឆ្នាំកន្លងមកហើយ។ ហើយយើងត្រូវដឹងថា នៅចុងទស្សវត្ស៨០ ដើមទសវត្ស៩០ ប្រទេសជប៉ុន បានចូលរួមក្នុងការស្វែងរកសន្តិភាព និងរៀបចំឲ្យមានសន្តិភាព នៅក្នុងប្រទេសកម្ពុជា ថែមទៀតផង។

បន្ថែមពីនោះទៀត លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានបញ្ជាក់ថា កម្ពុជា-ជប៉ុន មានភាពដូចគ្នាច្រើន ដូចជាប្រវត្តិសាស្ត្រកម្ពុជា ក្រោយសម័យខ្មែរក្រហម ស្រដៀងគ្នាទៅនឹងប្រវត្ដិសាស្ដ្រជប៉ុន ក្រោយសង្គ្រាមលោកលើកទី២ ដែលប្រទេសទាំងមូលខ្ទេចខ្ទី និងស្លាប់អស់ប្រជាជនច្រើន។

លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានឲ្យដឹងទៀតថា តទៅថ្ងៃមុខក៏ដោយ យើងក៏មិនគួរបារម្ភនោះទេ ពីទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ទោះបីជាសព្វថ្ងៃនេះ កម្ពុជានឹងបន្តត្រូវការជំនួយពីជប៉ុនក៏ដោយ ព្រោះថា សព្វថ្ងៃនេះ ជប៉ុនសម្លឹងឃើញកម្ពុជា ជាប្រទេសមួយដែលមានការអភិវឌ្ឍសង្គម និងកំណើនសេដ្ឋកិច្ចខ្លាំងក្លា។

លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានថ្លែងបែបនេះថា «ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាស្គាល់កំណើនសេដ្ឋកិច្ចខ្លាំងក្លា ស្គាល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចខ្លាំងខ្លា គឺនៅពេលនោះហើយ ដែលជប៉ុនមើលឃើញកម្ពុជា ដូចជាដៃគូសេដ្ឋកិច្ចមួយខានមិនបាន»

លើសពីនោះទៀត លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានបញ្ជាក់ថា កម្ពុជាស្ថិតនៅក្នុងដំណាក់កាលថ្មី ដែលជាដំណាក់កាលមួយ កម្ពុជាចាប់ផ្ដើមស្គាល់ កំណើនសេដ្ឋកិច្ចខ្លាំងក្លា ស្គាល់លើការអភិវឌ្ឍសង្គមសេដ្ឋកិច្ចខ្លាំងក្លា ហើយសង្គមជប៉ុន ជាមួយនឹងសង្គមខ្មែរ គឺមានភាពប្រទាក់ក្រឡាគ្នា៕