(ភ្នំពេញ)៖ លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា ក្នុងអំឡុងពេលដែលសម្តេចធិបតីអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំកំពូលជប៉ុន-អាស៊ាន សេដ្ឋកិច្ចក៏ជាប្រធានបទសំខាន់ជាងគេ ដែលត្រូវបានលើកឡើងក្នុងជំនួបទាំងអស់រវាងសម្តេច ជាមួយថ្នាក់ដឹកនាំប្រទេសផ្សេងទៀត និងជាមួយបណ្តាក្រុមហ៊ុនធំៗរបស់ជប៉ុននៅក្នុងគ្រប់ក្របខណ្ឌនៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ានជប៉ុន លើកទី៥០ និងក្រៅក្របខណ្ឌ។

លោក តាន់ ហ្សង់ហ្វ្រង់ស័រ លើកឡើងបែបនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត បានបញ្ចប់បេសកកម្មការងារ៥ថ្ងៃនៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។

លោកបានឱ្យដឹងថា ជាក់ស្តែង ក្នុងជំនួបអាហារពេលព្រឹកនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ រវាងនាយករដ្ឋមន្រ្តីកម្ពុជា ឡាវ និង វៀតណាម  សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តើចផ្តួចគំនិតពិភាក្សាទៅលើការបង្កើតកញ្ចប់ទេសចរណ៍ប្រទេសបីក្នុងគោលដៅតែមួយ។ នាយករដ្ឋមន្រ្តីនៃប្រទេសទាំងបី បានសម្រេចផ្តើមអភិក្រម ដែលនាំទៅដល់ការអនុវត្តកិច្ចសហប្រតិបត្តិការត្រីភាគី នៅក្នុងវិស័យទេសចរណ៍រវាងកម្ពជា ឡាវ និងវៀតណាម គឺកញ្ចប់ទេសចរណ៍ប្រទេស៣គោលដៅតែមួយ។

ដោយឡែកលើកនេះ មិនខុសលើកមុនដែរ អំឡុងពេលមានវត្តមាននៅប្រទេសជប៉ុន សម្តេចធិបតីតែងតែជួបសម្តែងការគួរសម ពីសំណាក់ក្រុមហ៊ុនធំៗរបស់ជប៉ុន។

លោកមានប្រសាសន៍បន្តថា «ជាលទ្ធផលរួមនៅគ្រប់ជំនួបទាំងអស់បណ្តាប្រធាន និងអគ្គនាយកក្រុមហ៊ុនរបស់ជប៉ុន សុទ្ធតែបានបង្ហាញពីបំណងក្នុងការពង្រីកទុនវិនិយោគបន្ថែម និងគម្រោងនៃការវិនិយោគលើវិស័យផ្សេងៗជាច្រើន។

ជាមួយគ្នានេះ ក្នុងវេទិកា វិនិយោគកម្ពុជាឆ្នាំ២០២៣ ដែលបានរៀបចំឡើងដោយ សភាពាណិជ្ជកម្មកម្ពុជាក្រុមហ៊ុនជប៉ុនប្រមាណ៥០០បានចូលរួម ដែលក្នុងឱកាសនោះសម្តេចបានបង្ហាញនូវសក្តានុពលវិនិយោគរបស់កម្ពុជាទៅកាន់ពួកគេផងដែរ៕