(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារធនាគារវីងថៅវើ។
អគារធនាគារវីងថៅវើ ដែលជាសំណង់ស្ថាបត្យកម្មដ៏ល្អឯក និងជានិមិត្តរូបនៃភាពប៉ិនប្រសព្វក្នុងការច្នៃប្រឌិត បានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅចំកណ្តាលនៃរាជធានីភ្នំពេញ។ ជាមួយកម្ពស់រហូតដល់ ១២០ម៉ែត្រ ស្ថិតនៅតាមមហាវិថីមមាញឹកមួយ អគារធនាគារវីងថៅវើ គឺជាសក្ខីភាព ដែលបានបង្ហាញពីភាពរីកចម្រើននៃវិស័យធនាគារឌីជីថលនៅក្នុងប្រទេសកម្ពុជា។
អគារធនាគារ វីងថៅវើ មានទីតាំងស្ថិតនៅលើមហាវិថីព្រះមុនីវង្ស ដែលនៅមិនឆ្ងាយពីអគារពាណិជ្ជកម្មសំខាន់ៗ កន្លែងស្នាក់នៅប្រណីតៗ និងតំបន់ហាងទំនិញដ៏ពេញនិយមជាច្រើន។ អគារធនាគារវីងថៅវើ ដែលប្រកបដោយភាពលេចធ្លោ ត្រូវបានរចនាឡើងដោយមានការគិតគូរពីនិរន្តភាពនៅលើផ្ទៃអគារទាំងមូល។ ជាមួយការប្រើប្រាស់ផ្ទៃជញ្ជាំងកញ្ចក់ដ៏ទំនើប ដោយបំពាក់កញ្ចក់ពីរផ្នត់ផ្អឹបជាប់គ្នា ដែលអាចឱ្យពន្លឺធម្មជាតិអាចជះចូលបានយ៉ាងគ្រាប់គ្រាន់ទៅក្នុងអគារ និងអាចកាត់បន្ថយកម្តៅបានយ៉ាងល្អប្រសើរផងដែរ។
ហេតុផលនេះ គឺបានជួយដល់ការកាត់បន្ថយការប្រើប្រាស់ថាមពល និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ដោយផ្តល់ផលល្អសម្រាប់បរិស្ថាន ដែលកត្តានេះស្របតាមការប្តេជ្ញាចិត្តរបស់ធនាគារ វីង ចំពោះនិរន្តរភាពបរិស្ថាន និងក្នុងនាមជាសាជីវកម្មដែលមានទំនួលខុសត្រូវចំពោះសង្គម។
អគារធនាគារវីងថៅវើ ដែលមានកម្ពស់២៥ជាន់ ជាទីស្នាក់ការកណ្តាលរបស់ធនាគារវីង ជាទីមោទកភាព ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយបានវិវត្តខ្លួនពីក្រុមហ៊ុនផ្តល់សេវាផ្ទេរប្រាក់ទៅជាធនាគារពាណិជ្ជពេញលេញ។ ផ្នែកនៃអគារនេះចំនួន ៣ជាន់ត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីផ្តល់សេវាកម្មធនាគារជូនដល់អតិថិជនទូទៅ ក៏ដូចជាភ្ញៀវ VIP និង VVIP ក្នុងការទទួលបានសេវាធនាគារប្រកបដោយប្រណីតភាព និងឯកជនភាពបំផុត។ បន្ថែមលើភាពទាក់ទាញទាំងនេះ អគារធនាគារ វីងថៅវើ ក៏មានមជ្ឈមណ្ឌលនវានុវត្តន៍ ដែលជាទីតាំងសម្រាប់ធនាគារវីង បន្តនូវចក្ខុវិស័យយ៉ាងសកម្មរបស់ខ្លួនក្នុងការដឹកនាំបង្កើតដំណោះស្រាយឌីជីថលសម្របតាមតម្រូវការប្រជាជនកម្ពុជាគ្រប់រូប។
ការគិតឆ្ពោះទៅមុខ ដើម្បីក្លាយជាធនាគារដែលមានការរួមបញ្ចូលគ្នារវាងសេវាធនាគារបែបប្រពៃណី និងសមត្ថភាពឌីជីថល របស់ធនាគារវីង បានបង្ហាញយ៉ាងច្បាស់នៅលើជញ្ជាំងអគារធនាគារវីងថៅវើ។ តាមរយៈកម្មវិធី Wing Bank App ដ៏ទំនើបរបស់ខ្លួនដែលដំណើរការដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត អតិថិជនអាចរីករាយជាមួយសេវាកម្មហិរញ្ញវត្ថុដ៏សម្បូរបែបនៅលើចុងម្រាមដៃរបស់ពួកគេបានយ៉ាងងាយស្រួល។
ការប្តេជ្ញាចិត្តរបស់ធនាគារវីង ចំពោះបរិយាបន្ន និងការផ្តល់សិទ្ធិអំណាចផ្នែកហិរញ្ញវត្ថុ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈកំណើនប្រតិបត្តិការអាជីវកម្មរបស់ខ្លួនដ៏គួរឲ្យកត់សម្គាល់។ បច្ចុប្បន្នធនាគារវីង មានការិយាល័យប្រតិបត្តិការចំនួន២០ទីតាំង។ សមិទ្ធផលដ៏គួររឲ្យកត់សម្គាល់នេះ អាចសម្រេចទៅបានដោយសារកម្លាំងសាមគ្គី និងការចូលរួមរបស់ក្រុមការងារ និងបុគ្គលិកទាំងអស់ ដែលបច្ចុប្បន្នមានចំនួនជិត ៣,០០០នាក់ ជាមួយនឹងការយកចិត្តទុកដាក់ចំពោះសមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចទៅដល់ស្រ្តីនៅក្នុងវិស័យធនាគារ។
បន្ថែមលើនេះ កិច្ចសហការជាយុទ្ធសាស្ត្រជាមួយដៃគូធំៗជាច្រើនដូចជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតព្រូដិនសល ក្រុមហ៊ុន UnionPay ក្រុមហ៊ុនវីសា និងក្រុមហ៊ុនម៉ាស្ទ័រកាតជាដើម បានធ្វើឲ្យធនាគារវីង អាចបង្កើតបានជាប្រព័ន្ធធនាគារដ៏រឹងមាំមួយ។
ភាពជាដៃគូទាំងនេះបានបង្កើតជាទិដ្ឋភាពហិរញ្ញវត្ថុមួយដែលផ្សាភ្ជាប់គ្នាទៅវិញទៅមកឥតអាក់ខាន ហើយបានជួយឲ្យអាជីវកម្មចំនួន១៧,០០០ ស្ថាប័នរដ្ឋាភិបាលចំនួន ១០ស្ថាប័ន សហគ្រាសធុនតូច និងមធ្យមចំនួន៣.០០០សហគ្រាស និងក្រុមហ៊ុនឯកជនចំនួន៦០០ ទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធធនាគារដ៏រឹងមាំមួយនេះ៕