(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសនូវែលសេឡង់ចំនួន ៣០រូប ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផ្សេងទៀតផងដែរ។

ក្នុងជំនួបនាឱកាសនេះ លោករដ្ឋមន្ត្រី បានចូលរួមសម្តែងនូវការអបអរសាទរ កោតសរសើរចំពោះនិស្សិតជ័យលាភីទាំងអស់ និងបានជំរុញលើកទឹកចិត្តឱ្យប្អូនៗផ្ដោតសំខាន់លើការខិតខំប្រឹងប្រែងរៀនសូត្រទាំងនៅក្នុងសាលា ទាំងការស្វែងយល់ចំណេះដឹងបន្ថែមពីមជ្ឈដ្ឋានខាងក្រៅឱ្យអស់ពីលទ្ធភាព និងសមត្ថភាពដែលខ្លួនមាន ដើម្បីទទួលបានលទ្ធផលល្អប្រសើរ និងក្លាយជាផ្នែកមួយចូលរួមកសាងប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាល នៅពេលវិលត្រឡប់មកមាតុប្រទេសវិញ។

លោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានគូសបញ្ជាក់ថា ការចូលរួមកសាងប្រទេសជាតិ មិនចាំបាច់តែត្រឡប់មកបម្រើការក្នុងវិស័យរដ្ឋតែមួយមុខប៉ុណ្ណោះទេ សំខាន់គឺមានមនសិការស្នេហាជាតិមាតុភូមិពិតប្រាកដ និងចិត្តគំនិតចង់ឃើញមាតុភូមិរបស់ខ្លួនមានការអភិវឌ្ឍរីកចម្រើន។

បន្ថែមពីនោះលោករដ្ឋមន្ត្រី បានចែករំលែកអំពីបទពិសោធន៍ និងផ្តល់អនុសាសន៍ក្នុងការប្រណិប័តន៍ខ្លួនក្នុងនាមជានិស្សិតអាហារូបករណ៍ ដែលទាំងអស់នេះជាទស្សនទានដ៏មានតម្លៃបំផុតសម្រាប់យកទៅអនុវត្តដើម្បីជាការផ្សព្វផ្សាយវប្បធម៌ អរិយធម៌ និងការអភិវឌ្ឍរបស់ជាតិ ក្នុងគោលបំណងឱ្យពិភពលោកបានដឹងបានយល់អំពីប្រទេសកម្ពុជាកាន់តែច្បាស់។

សូមជម្រាបដែរថា៖ និស្សិតអាហារូបករណ៍ទាំង ៣០រូប (នារី១៧រូប) នឹងត្រូវបន្ដការសិក្សាថ្នាក់បណ្ឌិត និងអនុបណ្ឌិត នៅប្រទេសនូវែលសេឡង់ ក្នុងនោះមានមន្ត្រីរាជការមកពីក្រសួងនានា និងអង្គការសង្គមស៊ីវិល ដែលនឹងសិក្សាលើមុខជំនាញដូចជា៖ អប់រំ ភាសាអង់គ្លេសសម្រាប់ការបង្រៀន គ្រប់គ្រងធនធានធម្មជាតិ គោលនយោបាយសាធារណៈ គ្រប់គ្រងសាធារណៈ ធុរកិច្ចឌីជីថល ទំនាក់ទំនងអន្តរជាតិ គណនេយ្យ នគរូបនីយកម្ម គ្រប់គ្រងខ្សែសង្វាក់ផលិតកម្ម គ្រប់គ្រងកសិធុរកិច្ច វិទ្យាសាស្រ្តទិន្នន័យ វិទ្យាសាស្ត្រចំណីអាហារ វិស្វកម្មសំណង់ស៊ីវិល ថាមពលកកើតឡើងវិញ វិទ្យាសាស្រ្តប្រែប្រួលអាកាសធាតុ និងគោលនយោបាយ អភិរក្សសមុទ្រ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕