(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន CMA CGM (Cambodia) Co., Ltd. ដឹកនាំដោយអ្នកនាង Esra BORA នាយិកាគ្រប់គ្រងទូទៅប្រចាំប្រទេសកម្ពុជា/វៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ សម្រាប់ជំនួបនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធផងដែរ។

ជំនួបនេះបានប្រព្រឹត្តទៅក្រោមគោលបំណងដើម្បីស្វែងយល់អំពីទិដ្ឋភាពទូទៅ និងបច្ចុប្បន្នភាព នៃវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក៏ដូចជាប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា ដើម្បីបានជាគន្លឹះក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ និងពង្រីកការវិនិយោគ រវាងផ្នែករដ្ឋ និងវិស័យឯកជន។

នាឱកាសនោះ លោករដ្ឋមន្រ្តី ប៉េង ពោធិ៍នា បានចង្អុលបង្ហាញកាលានុវត្តភាពវិនិយោគជាច្រើនក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ដោយបានជម្រាបជូនអំពីគម្រោងសំខាន់ធំៗជាច្រើន ជាពិសេសគឺ ផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្ម ២០២៣-២០៣៣ ដែលរាជរដ្ឋាភិបាលទើបបានអនុម័ត មាន១៧៤គម្រោង និងត្រូវការទុនវិនិយោគប្រមាណ ៣៦,៦ ពាន់លានដុល្លារអាមេរិក។

បន្ទាប់ពីបានស្តាប់ការលើកឡើងរបស់លោករដ្ឋមន្រ្តី ប៉េង ពោធិ៍នា ភាគីក្រុមហ៊ុន បានសំដែងនូវចំណាប់អារម្មណ៍ខ្ពស់លើចក្ខុវិស័យក្នុងការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងវិស័យភស្តុភារកម្មនៅកម្ពុជា។ គណៈប្រតិភូក្រុមហ៊ុនបានសង្កត់ធ្ងន់លើគម្រោងធំៗចំនួន២ គឺ គម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណងខេត្តកំពត និងគម្រោងអភិវឌ្ឍន៍មជ្ឍមណ្ឌលភស្តុភារកម្មភ្នំពេញ ដោយរំពឹងថានឹងទទួលបានព័ត៌មានលម្អិតអំពីគម្រោងជាបន្តបន្ទាប់ ដើម្បីបានជាធាតុចូលក្នុងការសិក្សាឱ្យបានកាន់តែស៊ីជម្រៅ មុននឹងឈានទៅរកកិច្ចសហការណាមួយនាពេលអនាគត៕