(ក្រចេះ)៖ សិស្សសាលាវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ក្រុងក្រចេះចំនួន៧នាក់ ដែលនាំគ្នាដុតផាវគ្រាប់បែក នៅក្នុងបរិវេណសាលាបង្កភាពភ្ញាក់ផ្អើល ត្រូវនគរបាល នាំខ្លួនមកអប់រំ ហើយជាការបង្ហាញដល់សិស្សដទៃទៀតកុំធ្វើតម្រាប់តាម។

យោងតាមរបាយការណ៍នគរបាលក្រុងក្រចេះ បានឱ្យដឹងថា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ មានជនមិនស្គាល់អត្តសញ្ញាណ បានដុតបំផ្ទុះ (ផាវគ្រាប់បែក) បង្កឱ្យមានសម្លេងខ្លាំងនៅចំណុចវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ។ បន្ទាប់ពីធ្វើការស្រាវជ្រាវ នៅថ្ងៃទី១៩ ខែធ្នូ កម្លាំងអធិការក្រុង បានហៅអ្នកពាក់ព័ន្ធចំនួន៧នាក់ រៀននៅសាលាខាងលើមកសួរនាំ។

ក្រោយពីអប់រំណែនាំរួច សិស្សសាលាទាំង៧នាក់ ត្រូវបាននគរបាលប្រគល់ឱ្យឪពុកម្ដាយនាំមកផ្ទះវិញដើម្បីអប់រំបន្ត៕