(ព្រះសីហនុ)៖ លោក ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងលោកសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៨​ ខែធ្នូ​ ឆ្នាំ២០២៣​ បានអញ្ជើញប្រកាសមុខដំណែង អភិបាលរងខេត្តព្រះសីហនុ ដោយលោក ហែម ដារិទ្ធ​ ត្រូវជំនួសលោក លៀម សូដា ដែលត្រូវផ្លាស់ទៅខេត្តបន្ទាយមានជ័យ។

ពិធីនេះបានធ្វេីឡេីងនៅមជ្ឈមណ្ឌលមង្គលសេដាច័ន្ទ ដោយមានការចូលរួមពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ លោក វង្ស ណាផាត ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលក្រុង/ស្រុក កងកម្លាំប្រដាប់អាវុធ ព្រមទាំងមន្ត្រីរាជការជាច្រើនរូបទៀត។

ក្នុងឱកាសនោះលោក ប្រាក់ សំអឿន បានធ្វើការផ្តាំផ្ញើលោក ហែម ជារិទ្ធិ ត្រូវខិតខំបំពេញការងារឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីបំរើសង្គមជាតិ និងប្រជាពលរដ្ឋ ត្រូវសាមគ្គីភាពផ្ទៃក្នុងជាមួយគណៈអភិបាលខេត្ត គណៈអភិបាលក្រុង ស្រុក ពិសេសមន្រ្តីរាជការក្រោមឱវាទ និងមន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ចូលរួមចំណែកយ៉ាងសកម្មក្នុងការដឹកនាំចាត់ចែងការងារប្រចាំថ្ងៃនៅរដ្ឋបាលខេត្តព្រះសីហនុ ពិសេសការអនុវត្តគោលនយោបាយបញ្ចកោណតំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា គឺសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ត្រូវបានថែរក្សាយ៉ាងរឹងមាំ បង្កលក្ខណៈធ្វើឱ្យជីវភាពសង្គមមានការរីកចម្រើនលើគ្រប់វិស័យប្រកបដោយភាពវិជ្ជមាន។

នាឱកាសនោះដែរលោក ហែម ដារិទ្ធ ក៏បានឡើងប្តេជ្ញាចិត្ត និងជាសក្ខីភាព ឆ្លើយតបទៅនឹងទំនុកចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល ដូចខាងក្រោម៖

*ទី១៖​ ប្តេជ្ញាគោរព និងប្រតិបត្តិដោយភក្តីភាពចំពោះ «ជាតិ សាសនា ព្រះមហាក្សត»​ និងប្តេជ្ញាការពាររាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ដោយអនុវត្តយ៉ាងម៉ឹងម៉ាត់ស្របតាម
រដ្ឋធម្មនុញ្ញ ច្បាប់ បទបញ្ជា និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីធានាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ផលប្រយោជន៍ជាតិ
និងប្តេជ្ញាថែរក្សា សន្តិភាព» ទោះក្នុងតម្លៃណាក៏ដោយ ដោយមិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយធ្វើឱ្យប៉ះពាល់ដល់ «សន្តិភាព» និងដំណើរការដឹកនាំជាតិមាតុភូមិរបស់រាជរដ្ឋាភិបាល បានឡើយ។

*ទី២៖​ ប្ដេជ្ញាចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពនូវកម្មវិធីនយោបាយ សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដោយផ្តល់កិច្ចសហការល្អជាមួយក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ ជាពិសេសប្ដេជ្ញាអនុវត្តរាល់សេចក្ដីសម្រេច គោលនយោបាយ ក្របខណ្ឌយុទ្ធសាស្ត្រ និងគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)។

ទី៣៖​ ប្តេជ្ញាចូលរួមពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពល្មើសច្បាប់ ក្រុមជនទំនើង និងយកចិត្តទុកដាក់អនុវត្តយុទ្ធនាការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងការគ្រប់គ្រងគ្រោះមហន្តរាយ។

*ទី៤៖​ ប្តេជ្ញាចូលរួមពង្រឹងសាមគ្គីភាពផ្ទៃក្នុងគណៈអភិបាលខេត្តព្រះសីហនុ និងមន្ត្រី-បុគ្គលិកក្រោមឱវាទរដ្ឋបាលខេត្តព្រះសីហនុ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ អភិបាលខេត្តព្រះសីហនុ និងប្ដេជ្ញាចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការល្អ ជាមួយនឹងបណ្តាក្រសួង-ស្ថាប័ន អង្គភាពរដ្ឋ អង្គការសង្គមស៊ីវិលក៏ដូចជាវិស័យឯកជន ដើម្បីពន្លឿនការអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យកាន់តែរីកចម្រើន៕