(ភ្នំពេញ)៖ កម្មវិធីអប់រំយុវជនស្ម័គ្រចិត្ត បេតិកភណ្ឌពិភពលោកឆ្នាំ២០១៦ ដែលមានរយៈពេល១២ថ្ងៃ នៅតំបន់អង្គរ ចាប់ផ្តើមពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ បានបិទបញ្ចប់ជាស្ថាពរហើយ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅសាលសន្និសីទអង្គរ ក្រោមអធិបតីភាពលោក ហុក ប៉េងសែ និងលោក ត័ន ប៊ុនស៊ុយ អគ្គនាយករង តំណាងលោក ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា។
កម្មវិធីយុវជនស្ម័គ្រចិត្ត ដើម្បីបេតិកភណ្ឌនេះ រៀបចំឡើងដោយកិច្ចសហការ រវាងអង្គការយូណេស្កូ អាជ្ញាធរជាតិអប្សរា សហភាពសហព័ន្ធយុវជនកម្ពុជា និងវិទ្យាស្ថានកូរ៉េ-អង្គរដើម្បីបេតិកភណ្ឌ ក្នុងគោលបំណងជំរុញឱ្យ យុវជនមានការចូលរួមការងារពាក់ព័ន្ធ នឹងបេតិកភណ្ឌតាមរយៈការបង្កើត កិច្ចទំនាក់ទំនងរវាងគ្នាទៅវិញទៅមក និងរវាងយុវជននិងសហគមន៍មូលដ្ឋាន។ លើសពីនេះទៀត ក៏ជំរុញឲ្យយុវជនបានយល់ដឹង កាន់តែច្បាស់អំពីសកម្មភាពប្រចាំថ្ងៃ នៃការគ្រប់គ្រងបេតិកភណ្ឌ អំពីជំនាញជាមូលដ្ឋាន នៃការងារថែរក្សានិងអភិរក្ស និងផ្លាស់ប្តូរបទពិសោធន៍ ជាមួយសហគមន៍មូលដ្ឋាន។
លោក ហុក ប៉េងសែ បានសម្តែងនូវសេចក្តីរីករាយជាខ្លាំង ចំពោះវត្តមានរបស់ក្រុមយុវជនស្ម័គ្រចិត្ត បេតិកភណ្ឌពិភពលោកទាំង៧ ប្រទេសដែលបានមកសិក្សាឈ្វេង យល់ពីកិច្ចការអភិរក្សបេតិកភណ្ឌ នៅតំបន់អង្គរអស់រយៈពេល១២ថ្ងៃ ពិសេសបានយកអាជ្ញាធរជាតិអប្សរា ធ្វើជាអ្នកចែករំលែកបទពិសោធន៍ អំពីការកិច្ចការទាំងនោះ ទុកជាចំណេះដឹងយកទៅអនុវត្ត នៅប្រទេសរបស់ខ្លួនវិញ ប្រកបដោយផ្លែផ្កា។
អាជ្ញាធរជាតិអប្សរា សូមកោតសរសើរចំពោះទឹកចិត្ត ស្មារតី និងឆន្ទៈរបស់យុវជនបេតិកភណ្ឌទាំងអស់ ដែលបានលះបង់ពេលវេលា ថវិកាផ្ទាល់ខ្លួនក្នុងការមកសិក្សា នៅសៀមរាបអង្គរ និងសូមឱ្យដំណើរត្រឡប់ទៅវិញ របស់យុវជនទាំងអស់ ប្រកបដោយសុខសុវត្ថិភាព។
លោក រ៉េត ណារិទ្ធ យុវជនស្ម័គ្រចិត្តបេតិកភណ្ឌ មកពីសហភាពសហព័ន្ធយុវជនកម្ពុជា មានមតិថា៖ កម្មវិធីយុវជនស្ម័គ្រចិត្តបេតិកភណ្ឌ ជាកម្មវិធីដ៏ល្អមួយ អាចជួយឱ្យយុវជនចែករំលែកបទពិសោធន៍ ចំណេះដឹងគ្នាទៅវិញ ទៅមកអំពីបេតិកភណ្ឌ នៅក្នុងប្រទេសរៀងៗខ្លួន ពិសេសគឺការជួសជុលអភិរក្ស និងក្រមប្រតិបត្តិនៃប្រទេសនីមួយៗដែលជួយគាំពារ ថែរក្សាបេតិកភណ្ឌឱ្យកាន់តែល្អប្រសើរ។ ខ្ញុំបានរៀនសូត្រច្រើន អំពីការអភិរក្ស និងក្រមប្រតិបត្តិអង្គរនៅទីនេះ និងចំណេះផ្សេងៗ ពីបណ្តាសិក្ខាកាមក្នុងវគ្គសិក្សានេះផងដែរ។
មិនខុសគ្នាពីនោះ កញ្ញា ស្រ៊ន ចន្ទវឌ្ឍនា បុគ្គលិកអាជ្ញាធរជាតិអប្សរាក៏បានបង្ហាញ ពីអត្ថប្រយោជន៍នៃរៀបចំកម្មវិធីយុវជនស្ម័គ្រចិត្តបេតិកភណ្ឌពិភពលោកថា ជាឱកាសមួយដ៏ល្អសម្រាប់ឱ្យយុវជនកម្ពុជា ក៏ដូចជាយុវជននៃបណ្តាប្រទេសផ្សេងៗធ្វើការទំនាក់ទំនងផ្លាស់ប្តូរបទពិសោធន៍ចំណេះដឹងគ្នាអំពីការងារបេតិកភណ្ឌ ព្រោះប្រទេសនីមួយៗតែងមានការគ្រប់គ្រងបេតិកភណ្ឌខុសប្លែកពីគ្នា។ វគ្គសិក្សានេះបានផ្តោតសំខាន់លើ ការជួសជុល អភិរក្សប្រាសាទនានានៅក្នុងតំបន់អង្គរ ការទៅរស់នៅក្នុងសហគមន៍រុនតាឯក ដើម្បីឈ្វេងយល់ពីវប្បធម៌រស់នៅរបស់ប្រជាជនក្នុងតំបន់អង្គរ ការចូលរួមដាំដើមឈើថែរក្សាបរិស្ថាន រួមទាំងកិច្ចការងារនិងតួនាទីរបស់អាជ្ញាធរជាតិអប្សរា ក្នុងតំបន់ឧទ្យានអង្គរ។
កញ្ញាបន្តទៀតថា តាមរយៈវគ្គសិក្សានេះ យុវជនមានការចាប់អារម្មណ៍និងភ្ញាក់ផ្អើលជាខ្លាំងចំពោះវប្បធម៌រស់នៅរបស់ខ្មែរ ក៏ដូចជាការងារគ្រប់គ្រង ជួសជុល អភិរក្សប្រាសាទក្នុងតំបន់អង្គរ ដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា៕