(ភ្នំពេញ)៖ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងបញ្ជាក់ថា ការផលិត ការផ្ទេរ និងការប្រើប្រាស់បច្ចេកវិទ្យាដែលមានមេត្រីភាពបរិស្ថាន (environmentally friendly technology) ក្នុងខ្សែច្រវ៉ាក់ផលិតកម្ម កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមកាត់បន្ថយបញ្ហាប្រឈមនេះ។ ទន្ទឹមនឹងនេះ ការផ្ទេរបច្ចេកវិទ្យាអំណោយផលដល់បរិស្ថាន គឺជាការផ្តួចផ្តើមឧស្សាហកម្មបៃតង ដើម្បីជំរុញនិរន្តរភាព និងការប្រកួតប្រជែងរវាងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ហើយក៏នឹងជាឧត្តមានុវត្តន៍មួយ លើការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យឧស្សាហកម្ម និងសិប្បកម្មផងដែរ។ ជាក់ស្តែង យើងឃើញថា ការប្រែប្រួលអាកាសធាតុ បានបង្ហាញឲ្យឃើញផលប៉ះពាល់អវិជ្ជមានជាសាកល។

ការថ្លែងរបស់លោករដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាព ក្នុងអង្គសិក្ខាសាលាកម្មវិធីបិទបញ្ចប់គម្រោង ស្តីពី «ការអភិវឌ្ឍដែលបញ្ចេញកាបូនតិចដើម្បីបង្កើនផលិតភាព និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈការផ្ទេរបច្ចេកវិទ្យាអំណោយផលល្អដល់បរិស្ថាន» ដែលបានប្រារព្ធឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខា ភំ្នពេញ។

លោករដ្ឋមន្ត្រីបន្តថា លោកមានសោមនស្សក្រៃលែង ដែលបានចូលរួមជាអធិបតី ក្នុងអង្គសិក្ខាសាលាកម្មវិធីបិទបញ្ចប់គម្រោងស្តីពី «ការអភិវឌ្ឍដែលបញ្ចេញកាបូនតិច ដើម្បីបង្កើនផលិតភាព និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈការផ្ទេរបច្ចេកវិទ្យាអំណោយ ផលល្អដល់បរិស្ថាន» ដែលជាកិច្ចសហប្រតិបត្តិការរវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយក្រសួងបរិស្ថាន, អង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (ហៅកាត់ថា UNIDO) និងជំនួយហិរញ្ញប្បទានពីមូលនិធិបរិស្ថានពិភពលោក (ហៅកាត់ថា GEF) ដែលបានរៀបចំ, អនុវត្ត, និងបច្ចុប្បន្ននេះ ឈានមកដល់ការបញ្ចប់គម្រោង ប្រកបដោយជោគជ័យ។

គម្រោងនេះ គឺជាគម្រោងទីមួយដែលដាក់ឲ្យអនុវត្តនៅក្រោមក្របខ័ណ្ឌកម្មវិធីភាពជាដៃគូប្រចាំប្រទេស ដែលបានចុះហត្ថលេខាដោយផ្ទាល់រវាង ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម នៅទីក្រុងវីយែន ប្រទេសអូទ្រីស នៅឆ្នាំ២០១៧។ ឆ្លៀតក្នុងឱកាសនេះ លោកសូមអរគុណ និងវាយតម្លៃខ្ពស់ ជូនដល់ស្ថាប័នពាក់ព័ន្ធ, លោករដ្ឋលេខាធិការទទួលបន្ទុក, ថ្នាក់ដឹកនាំ, ក្រុមការងារ, និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមរៀបចំ, ដឹកនាំ, សម្របសម្រួល, និងអនុវត្តគម្រោង ជាពិសេសចំពោះមូលនិធិបរិស្ថានពិភពលោក ដែលបានផ្តល់ហិរញ្ញប្បទានសម្រាប់ដំណើរការអនុវត្តគម្រោង។ ទន្ទឹមនេះដែរ លោកសូមអរគុណ អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម ដែលបានជួយផ្តល់ជាការប្រឹក្សាយោបល់ និងជំនួយបច្ចេកទេស ធ្វើឲ្យគម្រោងនេះបញ្ចប់ដោយជោគជ័យ និងទទួលបានជាផ្លែផ្កា នាថ្ងៃនេះ។

ជាសង្ខេប «គម្រោងការផ្ទេរបច្ចេកវិទ្យាអំណោយផលល្អដល់បរិស្ថាន» (ដែលភាសាអង់គ្លេសហៅថា Transfer of Environmentally Sound Technologies ហៅកាត់ថា TEST) នេះ បានជួយដល់វិស័យឯកជន រោងចក្រ សហគ្រាស និងសិប្បកម្ម នៅក្នុងវិស័យកម្មន្តសាល នៃព្រះរាជាណាចក្រកម្ពុជា លើការពង្រឹងប្រសិទ្ធភាពធនធាននិងថាមពល, ការគ្រប់គ្រងបរិស្ថាន, ការបង្កើនផលិតភាពនិងគុណភាព, ដែលជាកាតាលីករ រួមចំណែកក្នុងការកាត់បន្ថយសំណល់ និងផលប៉ះពាល់ដល់បរិស្ថាន, កាត់បន្ថយថ្លៃដើម ដើម្បីបង្កើនឱកាសបង្កើតនិងបង្កើនប្រាក់ចំណេញ និងបង្កើនភាពប្រកួតប្រជែង សម្រាប់ទីផ្សារក្នុងស្រុក, តំបន់ និងទីផ្សារអន្តរជាតិ។ ទាំងអស់នេះ ជាកត្តាដែលនាំឲ្យមានប្រសិទ្ធផលផ្នែកសេដ្ឋកិច្ច និងបរិស្ថានកាន់តែប្រសើរឡើងដល់រោងចក្រ, សហគ្រាស, និងសិប្បកម្ម។ គម្រោងនេះក៏បានជួយអភិវឌ្ឍធនធានមនុស្សទាំងក្នុងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្នុងវិស័យបច្ចេកវិទ្យា និងបរិស្ថានជារួម។

លោករដ្ឋមន្រ្តីក្រសួងឧស្សាហកម្មរូបនេះ បន្តថា ជាការពិតណាស់ ដំណើរការការងារទាំងអស់នេះ អាចសម្រេចប្រកបដោយជោគជ័យទៅបាន គឺដោយមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងស៊ីសង្វាក់គ្នា ជាមួយលោក-លោកស្រី ដែលជាម្ចាស់រោងចក្រ សហគ្រាស និងសិប្បកម្ម ក្នុងការខិតខំជួយខ្លួនឯងមួយផ្នែកធំ ក្រោមសេចក្តីណែនាំ និងវិធានកែលម្អនានា ជាមួយជំនួយបច្ចេកទេស និងការកសាងសមត្ថភាពពីក្រសួង តាមរយៈកម្មវិធីនៃគម្រោងអភិវឌ្ឍន៍ដែលបញ្ចេញកាបូនតិច ដើម្បីបង្កើនផលិតភាព និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈការផ្ទេរបច្ចេកវិទ្យាអំណោយផលល្អដល់បរិស្ថាន (TEST) សម្រាប់ការអនុវត្ត និងការផ្ទេរបច្ចេក-វិទ្យាដ៏ប្រសើរនេះនៅកម្រិតរោងចក្រ សហគ្រាស។

ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រទេសជាតិយើងបានឈានចូលដល់ដំណាក់កាលថ្មីមួយទៀត ជាមួយការធានានូវសុខសន្តិភាពរយៈពេលវែង ការឈានឆ្ពោះទៅរកប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ តាមរយៈការដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ឆ្នាំ២០២៣-២០២៨។ ក្នុងនោះមានការជំរុញវិស័យឧស្សាហកម្ម សហគ្រាសធុនមីក្រូ តូច មធ្យម និងសិប្បកម្ម ឲ្យមានការរីកចម្រើនប្រកបដោយចីរភាព និងបរិយាប័ន្ន មានប្រសិទ្ធភាព ការការពារបរិស្ថាន និងសុខមាលភាពសង្គម ដូចមានរំលេចក្នុងមុំទី៣ (Pentagon 3) ស្តីពីការជំរុញរោងចក្រ សហគ្រាសធុនមីក្រូ តូច និងមធ្យម និងមុំទី២ (Pentagon 2) ស្តីពីការពង្រឹងប្រសិទ្ធភាព និងភាពទាក់ទាញនៃតំបន់សេដ្ឋកិច្ចពិសេស គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម គោលនយោបាយអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម គោលនយោបាយប្រសិទ្ធភាពថាមពល ផែនការយុទ្ធសាស្ត្រប្រែប្រួលអាកាសធាតុកម្ពុជា ផែនការយុទ្ធសាស្រ្ត និងសកម្មភាពនៃប្រសិទ្ធភាពធនធាន និងផលិតកម្មស្អាត ផែនការសកម្មភាពប្រែប្រួលអាកាសធាតុក្នុងវិស័យឧស្សាហកម្ម និងសិប្បកម្មជាដើម។ល។

ស្របពេលនេះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រមុខបណ្តាប្រទេសជាសមាជិកអាស៊ាន បាននិងកំពុងយកចិត្តទុកដាក់លើចក្ខុវិស័យអាស៊ានរួមមួយអំពីឧស្សាហកម្ម ៤.០ (ASEAN Vision for Industry 4.0) ការជំរុញផ្នែកឌីជីថល ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងបរិយាប័ន្ន ដោយផ្អែកលើគំនិតផ្តួចផ្តើមរបស់អាស៊ានដែលមានស្រាប់ ព្រមទាំងរួមបញ្ចូលកម្មវិធីអភិវឌ្ឍន៍សំខាន់ៗលើផ្នែកបច្ចេកវិទ្យា ការអភិវឌ្ឍ ធនធានមនុស្ស ក្របខណ្ឌគតិយុត្ត ហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់និងរឹង របស់បច្ចេកវិទ្យាព័ត៌មាន និងកម្មវិធីកែទម្រង់របស់អាស៊ាន ក្នុងន័យបន្តអភិវឌ្ឍវិស័យឧស្សាហកម្ម ក៏ដូចជាសម្រេចបានកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម របស់ប្រទេសជាសមាជិកនីមួយៗ នៅក្នុងសហគមន៍ប្រជាជាតិនេះ។

លោករដ្ឋមន្រ្តីបានគូសរំលេចថា ដោយបានត្រៀមខ្លួនត្រឹមត្រូវ ឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងបរិស្ថាន បានអនុវត្តគម្រោងវិធីសាស្រ្ត TEST នេះ រួមគ្នា ដោយជោគជ័យ និងសម្រេចបានលទ្ធផលនានា មានដូចជា៖
*ទី១. ភាពអនុលោមនៃផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពនៃប្រសិទ្ធភាពធនធាន និងផលិតកម្មស្អាត ២០២១-២០៣០។
*ទី២. ភាពអនុលោមនៃគោលការណ៍ណែនាំ កម្មវិធីពានរង្វាន់ឧស្សាហកម្មបៃតង ដែលជាកម្មវិធីដំបូងគេសម្រាប់វិស័យនេះនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
*ទី៣. ការអនុវត្តកម្មវិធីប្រកួតប្រជែងពានរង្វាន់ឧស្សាហកម្ម បៃតងបានចំនួនបីដង តាំងពីឆ្នាំ២០២១ មក និងគ្រោងអនុវត្តបន្តនៅឆ្នាំខាងមុខទៀត។
*ទី៤. ការកសាងសមត្ថភាព និងផ្តល់ជំនួយបច្ចេកទេសដល់រោងចក្រសហគ្រាសចំនួន៥៥ ដែលក្នុងនោះមានបុគ្គលិក និងនិយោជិត ចំនួន ១៣០.០០០នាក់។
*ទី៥. ការលើកកម្ពស់សមត្ថភាព និងការយល់ដឹងដល់មន្រ្តី អ្នកជំនាញក្នុងស្រុក បុគ្គលិករោងចក្រសហគ្រាស គ្រូបង្រៀន បុគ្គលិកមន្ទីរពិសោធន៍ អ្នកចូលរួមកម្មវិធីនានារបស់គម្រោង មានចំនួនសរុបជាង ២.៧០០នាក់។

ការអនុវត្តគម្រោងនេះក៏បានកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ដោយផ្ទាល់ តាមរយៈការកាត់បន្ថយការប្រើប្រាស់ថាមពល ដោយបច្ចេកវិទ្យាមានប្រសិទ្ធភាព និងស្អាតជាងមុន យន្តការកែលម្អនានានៅក្នុងរោងចក្រសហគ្រាស ដែលនាំទៅរកការសន្សំសំចៃថាមពល ការប្រើប្រាស់ថាមពលកកើតឡើងវិញ ការកាត់បន្ថយកាកសំណល់នានា ដែលមានបច្ច័យអាក្រក់ដល់បរិស្ថាន ដូច្នេះនាំឲ្យមានផលចំណេញផ្នែកសេដ្ឋកិច្ចផងដែរ។

យោងទៅតាមសមិទ្ធផលនៃគម្រោងនេះ លោករដ្ឋមន្ត្រីសូមជំរុញ និងគាំទ្រដល់មន្ត្រីជំនាញនៃក្រសួងទាំងពីរឲ្យចូលរួមសហការជាបន្តទៀត ជាមួយអង្គការ UNIDO ក៏ដូចជា ជាមួយបណ្តាអង្គការដៃគូនានាដែលមានបេសកកម្ម និងគោលដៅដូចគ្នា និងយកសមត្ថភាព និងប្រព័ន្ធឧស្សាហកម្មបៃតងទៅកែច្នៃអនុវត្ត និងពង្រីកបន្ថែម នៅតាមខ្សែច្រវ៉ាក់ផលិតកម្មរបស់ខ្លួន ក្នុងន័យរក្សាបានផលិតភាពខ្ពស់, ដណ្តើមនិងរក្សាបានប្រៀបប្រកួតប្រជែង, និងភាពអនុលោមទៅតាមតម្រូវការទីផ្សារក្នុងនិងក្រៅប្រទេស។ ម្យ៉ាង កិច្ចខិតខំប្រឹងប្រែងដើម្បីពង្រីកឧត្តមានុវត្តន៍នៅដំណាក់កាលនេះ ក៏នឹងផ្តល់ជាគំរូឧទាហរណ៍ល្អ ទាក់ទាញជាបន្តដល់បណ្តារោងចក្រ សហគ្រាសផ្សេងទៀត ដែលមិនទាន់បានចូលរួមចំណែក និងទទួលបានការយល់ដឹងពីវិធីសាស្រ្ត TEST នេះ ហើយដែលជាតួលេខមានចំនួន ប្រមាណជាង ២.០០០ រោងចក្រ និង ប្រមាណ ៦០.០០០ សហគ្រាសធុនតូចនិងមធ្យម នៅទូទាំងប្រទេស។ ដោយយល់ពីលក្ខណៈល្អ និងភាពជោគជ័យក្នុងគម្រោងនេះ លោកសូមជំរុញឲ្យមានការតាំងចិត្តខ្ពស់ និងការចូលរួមជាសកម្មភាពជាក់ស្តែងបន្ថែមទៀត ដើម្បីជំរុញវិស័យកម្មន្តសាលនៅប្រទេសកម្ពុជា ឲ្យឈានឆ្ពោះទៅជាកម្មន្តសាលបៃតង ប្រកបដោយចីរភាព និងបរិយាប័ន្ន។ ពិតប្រាកដណាស់ យើងទាំងអស់គ្នា ចង់បានសហគ្រាសធុនតូច និងមធ្យមកម្ពុជាយើង មានប្រសិទ្ធភាពធនធាននិងផលិតកម្មស្អាត នៅក្នុងខ្សែច្រវ៉ាក់ផលិតកម្មរបស់ខ្លួន ហើយយើងក៏ចង់ឲ្យតំបន់រោងចក្រសហគ្រាសទាំងអស់នៅកម្ពុជា ក្រៅពីជាតំបន់នៃផលិតភាព ប្រសិទ្ធភាពសេដ្ឋកិច្ច និងប្រសិទ្ធផលទីផ្សារ ក្លាយទៅជាសួនឧស្សាហកម្មបៃតង (Eco-Industrial Park) ប្រកបដោយផាសុកភាព ចីរភាព និងវឌ្ឍនភាពសង្គមផងដែរ។ ដើម្បីគាំទ្រគំនិតផ្តួចផ្តើមនិងការតាំងចិត្តនេះ លោកសូមអំពាវនាវដល់ដៃគូអភិវឌ្ឍន៍អន្តរជាតិ និងជាតិ វិស័យសាធារណៈនិងឯកជន ក៏ដូចជាស្ថាប័នបច្ចេកទេសនិងជំនាញ និងមន្ទីរចំណុះឲ្យក្រសួងមេត្តាផ្តល់ការគាំទ្រ ទាំងធនធាននិងបច្ចេកទេស ជំរុញនិងសហការអនុវត្តឲ្យបានបន្ថែមទៀត ដើម្បីឈានឆ្ពោះទៅរកគោលដៅ កម្ពុជាជាប្រទេសឧស្សាហកម្មជឿនលឿន និងបៃតង ជាមួយកំណើនសេដ្ឋកិច្ចរឹងមាំក្នុងរយៈពេលវែង៕