(បាត់ដំបង)៖ នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០២៣, អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបាត់ដំបង។

ពិធីនេះក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់អនុប្រធាន និងសមាជិកនៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង, លោក លោកស្រី ជាថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ, មន្រ្តីរាជការ នៃរដ្ឋបាលខេត្តបាត់ដំបង មន្ទីរ-អង្គភាពជុំវិញខេត្ត រួមទាំងកងកម្លាំងប្រដាប់អាវុធ គ្រប់ផ្នែក គ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ ដែលមានចំនួនសរុបប្រមាណ ១២៥៤នាក់ផងដែរ។

សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបាត់ដំបង បានប្រព្រឹត្តទៅរយៈពេល ១ថ្ងៃកន្លះ ដែលទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា និងជោគជ័យ ដើម្បីពិភាក្សា និងដោះស្រាយបញ្ហាប្រឈមនានា។

ក្នុងឱកាសពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤នេះ អភិសន្តិបណ្ឌិត ក៏បានផ្តល់នូវគោលការណ៍ណែនាំសំខាន់ៗជាច្រើនចំណុចដល់អង្គសន្និបាតសម្រាប់ជាទិសដៅ​ ការងារបន្តនាឆ្នាំ២០២៤ និងដើម្បីឆ្លើយតបនឹងបញ្ហាប្រឈម ដែលរដ្ឋបាលខេត្តបាត់ដំបង បាន និងកំពុងជួបប្រទះ។

ជាកិច្ចបញ្ចប់ នៃពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤នេះ, លោក កើត រិទ្ធ និងអភិសន្តិបណ្ឌិត ស សុខា ក៏បានផ្តល់កិត្តិយសបំពាក់នូវគ្រឿងឥស្សរិយយស និងមេដាយការងារដល់មន្រ្តីរាជការ នៃរដ្ឋបាលខេត្តបាត់ដំបងផងដែរ៕