(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ លោក វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសកំណត់តំបន់ ធ្វើការវិនិច្ឆ័យការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ នៅភូមិចំណោតរាម ភូមិគគីរ និងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ដោយមានការចូលរួមពីសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ប្រធានក្រុមប្រឹក្សាក្រុងស្រុកលោកអភិបាលក្រុង ស្រុក ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោក គួច ចំរើន បានថ្លែងថា «តាងនាមរដ្ឋបាលខេត្តព្រះសីហនុ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយដែលបានចូលរួម ក្នុងកិច្ចប្រជុំស្តីពីការប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ នៅភូមិចំណោតរាម ភូមិគគីរ និងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ដែលជាភូមិចុងក្រោយ នៃការប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅខេត្តព្រះសីហនុ។ ជាការឆ្លើយតប ទៅនឹងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺកិច្ចការនេះយើងបានឈានដល់ការបញ្ចប់នូវភូមិចុងក្រោយក្នុងចំណោមភូមិទាំង១១១ ក្នុងខេត្តព្រះសីហនុ»

សូមជម្រាបជូនថា កន្លងមកភូមិដែលបានប្រកាសតំបន់វិនិច្ឆ័យចុះបញ្ជីជាប្រព័ន្ធ មានចំនួន ៨៨ ភូមិ ក្នុងនោះ៖

-វាស់វែងក្បាលដី ចំនួន ១៣២ ៩១៣ ក្បាលដី
-គូរក្បាលដីចំនួន ១៣២ ៩១៣ ក្បាលដី
-ប្រមូលទិន្នន័យ ចំនួន ១៣០ ៧១៥ ក្បាលដី
-បញ្ចូលទិន្នន័យ ចំនួន ១២៧ ៨២៤ ក្បាលដី។

*ភូមិដែលបានប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានចំនួន ៨៨ភូមិ ស្មើនឹង ១២១ ៨៣៤ ក្បាលដី

*ភូមិដែលបានបញ្ចប់ការបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានចំនួន ៨៧ ភូមិ ស្មើនឹង ១២០ ៨៧០ ក្បាលដី រួមមាន៖

ក្បាលដីគណៈកម្មការរដ្ឋបាលសម្រេចឱ្យចេញបណ្ណ ចំនួន១០៣ ៥៥១ក្បាលដី ក្នុងនោះក្បាលដីដែលបញ្ចប់ការបិទផ្សាយ និងត្រៀមចែកបណ្ណ មានចំនួន ១២ភូមិស្មើនឹង ១៧ ៣២០បណ្ណ។

ក្បាលដីដែលកំពុងដំណើការនីតិវិធីចែកបណ្ណ មានចំនួន ៧៥ ភូមិស្មើនឹង ៨៦ ២៣១ បណ្ណ រួមមាន៖

*បណ្ណដែលចុះហត្ថលេខារួច មានចំនួន ៧៨ ៨៣២ បណ្ណ ក្នុងនោះបណ្ណដែលចែកជូនម្ចាស់ដីរួច មានចំនួន ៧៦ ៩៥០ បណ្ណ
*បណ្ណដែលចុះហត្ថលេខារួច តែម្ចាស់ពុំទាន់មកយក មានចំនួន ១ ៨៨២បណ្ណ។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានដាក់ចេញនូវវិធានការ និងការណែនាំដូចខាងក្រោម៖

១-មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវរៀបចំជាបញ្ជី និងប្រគល់បណ្ណដែលចុះហត្ថលេខារួច តែម្ចាស់ពុំទាន់មកយក មានចំនួន ១ ៨៨២ បណ្ណ ទៅអភិបាលក្រុងស្រុក ដើម្បីទទួលខុសត្រូវក្នុងការផ្តល់ជូនទៅប្រជាពលរដ្ឋ ដោយទុករយៈពេល១ខែ

២-កន្លងមកដោយសារបងប្អូនប្រជាពលរដ្ឋ ខ្វះខាតឯកសារ មានដូចជាលិខិតបញ្ជាក់ប្រវត្តិដី ឯកសារបញ្ជាក់អត្តសញ្ញាណម្ចាស់ដី និងទំនាស់ ដែលធ្វើឱ្យក្បាលដីជា១ម៉ឺនក្បាលដីមិនទាន់អាចចេញបណ្ណបាន

៣-សូមបងប្អូនប្រជាពលរដ្ឋ ទាំងបីភូមិនៃឃុំបិតត្រាង ត្រៀមរៀបចំឯកសារឱ្យបានត្រឹមត្រូវ ដើម្បីធ្វើការចុះបញ្ជីដីបានលឿន និងទទួលបានបណ្ណកម្មសិទ្ធិ។ សូមមន្ត្រីយើងគ្រប់គ្រង និងទុកដាក់ឯកសារដែលទទួលបានពីបងប្អូនប្រជាពលរដ្ឋ ឱ្យបានត្រឹមត្រូវ។ មន្ត្រីពីរដ្ឋបាលខេត្ត ស្រុក និងឃុំ ត្រូវត្រៀមឯកសារឱ្យបានគ្រប់គ្រាន់ ដើម្បីផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋ

៤-សូមបងប្អូនប្រជាពលរដ្ឋ រៀបចំបោះបង្គោលព្រំដីឱ្យបានរួចរាល់ នៅពេលក្រុមការងារទៅដល់គឺអាចធ្វើការបានលឿន

៥-ករណីនៅភូមិ១ និងភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ យើងបានវាស់វែង និងចុះបញ្ជីដីជាង១ម៉ឺនក្បាលដី នៅសល់៥៣៩ជាងក្បាលដី ទៀតមិនទាន់យកឯកសារមកចុះបញ្ជី។ ដូច្នេះសូមកំណត់ត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ បិទបញ្ចប់ការចុះបញ្ជីសង្កាត់លេខ១ ដើម្បីធ្វើការប្រជុំគណៈកម្មការរដ្ឋបាល

៦-ជម្រុញការចុះបញ្ជីដីនៅឃុំបិតត្រាំងឱ្យបានចប់មុនចូលឆ្នាំខ្មែរ ឆ្នាំ២០២៤ខាងមុខនេះ។ បន្ទាប់មកក្រុមការងារប្រព័ន្ធ នឹងបន្តត្រឡប់ទៅធ្វើការងារចុះបញ្ជីបំពេញបន្ថែមនៅតាមបណ្តាឃុំសង្កាត់មួយចំនួនដែលនៅសេសសល់បងប្អូនប្រជាពលរដ្ឋ ចុះបញ្ជីមិនទាន់នាពេលកន្លងមក

៧-ជម្រុញការចុះបញ្ជីដីរដ្ឋនៅទូទាំងខេត្តព្រះសីហនុឱ្យបានឆាប់រួចរាល់

៨-សូមអំពាវនាវដល់ស្ថាប័នធនាគារ មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនអចលនវត្ថុ និងអ្នកពាក់ព័ន្ធនានា ឱ្យបានជ្រាបថា ដោយសារខេត្តព្រះសីហនុត្រូវបានប្រកាសជាតំបន់វិនិច្ឆ័យទូទាំងខេត្តរួចហើយ ដូច្នេះឯកសារដីធ្លីដែលអាចប្រើប្រាស់បានស្របតាមច្បាប់គឺមានតែបណ្ណកម្មសិទ្ធិតែមួយគត់ និងឯកសារកាន់កាប់ដីធ្លីផ្សេងៗមុនការប្រកាសតំបន់វិនិច្ឆ័យ គឺអាចប្រើប្រាស់បានត្រឹមតែសម្រាប់ការចុះបញ្ជីដីតែប៉ុណ្ណោះ គឺមិនអាចធ្វើលទ្ធកម្មបានទេ។

ជាចុងក្រោយ អភិបាលខេត្ត បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក នៃមន្ទីរររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី មិនខ្លាចភាពនឿយហត់ មិនគិតថ្ងៃឈប់សម្រាក់ប្រឹងប្រែងធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅទូទាំងខេត្តព្រះសីហនុ ទទួលបាននូវលទ្ធផលគួរជាទីមោទក។ ទាំងអស់នេះ គឺពិតជាបានចូលរួមចំណែក យ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្រសួង និងរដ្ឋបាលខេត្ត ក្នុងការលើកកម្ពស់សុវត្ថិភាពការកាន់កាប់ដីធ្លី ដែលជាបច្ច័យជួយជំរុញកំណើនសេដ្ឋកិច្ចសង្គម ប្រកបដោយនិរន្តរ៍ភាព និងសុខដុមនីយកម្ម ជាពិសេសស្របតាមគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាលកម្ពុជា៕