(ក្រចេះ)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ បានចាត់ឲ្យមន្ត្រីបច្ចេកទេស ចុះស្ដារប្រព័ន្ធលូឡើងវិញទូទាំងក្រុងក្រចេះ ដើម្បីបញ្ជៀសការស្ទះលូ និងជន់លិចដោយសារទឹកភ្លៀង និងដាក់ស្លាកសញ្ញាបញ្ជៀស គ្រោះថ្នាក់ចរាចរណ៍។

មន្រ្តីជំនាញបានបញ្ជាក់ថា ចំពោះការចុះស្ដារប្រព័ន្ធលូឡើងវិញនេះ និងដាក់ស្លាកសញ្ញាបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ខាងលើ មន្ទីរចាប់ផ្ដើមចុះធ្វើបានរយៈពេល ៣ថ្ងៃហើយ តែមិនទាន់រួចរាល់នៅឡើយទេ ប្រហែលជាង ១សប្ដាហ៍ទៀតទើបរួចរាល់។

លោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ បញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ថា ការស្ដារប្រព័ន្ធលូឡើងវិញនេះ គឺស្ដារតាមទំហំលូចាស់ ហើយមិនមែនតាមការស្នើសុំរបស់ប្រជាពលរដ្ឋនោះទេ។

លោកថា មន្ទីរមានផែនការស្ដារប្រព័ន្ធលូឡើងវិញទូទាំងក្រុងក្រចេះក្នុងខែ១២នេះ គ្រាន់តែនៅក្នុងវេទិកាសាធារណៈ ប្រជាពលរដ្ឋបានស្នើសុំស្ដារប្រព័ន្ធលូឡើងវិញ ស្របពេល និងផែនការមន្ទីរដាក់ស្ដារលូឡើងវិញដែរ។

លោក ស្រី កុសល ចៅសង្កាត់រកាកណ្តាល បានបញ្ជាក់ថា ក្រោយរៀបចំការងារនេះ ប្រជាពលរដ្ឋមានការត្រេកអរយ៉ាងខ្លាំង។ ពួកគាត់អរគុណលោកអភិបាលខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត ក៏ដូចជាប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្ត ដែលបានចុះស្តារប្រព័ន្ធលូរឡើងវិញ ដើម្បីកុំមានការស្ទះលូ និងជន់លិច។

លោកចៅសង្កាត់បញ្ជាក់ទៀតថា លោក និងក្រុមការងារ នឹងណែនាំប្រជាពលរដ្ឋតាមខ្នងផ្ទះឲ្យពួកគាត់ពង្រឹងការរៀបចំវេចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលដល់ក្រុមអ្នកប្រមូលសម្រាម ចៀសវាងការចោល សំរាមពាសវាលពាសកាល បង្កឲ្យប៉ើង និងហូរសំរាមចូលទៅក្នុងលូរបង្ហូបង្កឲ្យមានការកកស្ទះបន្តទៀត៕