(បន្ទាយមានជ័យ)៖ មន្ដ្រីកាំកុងត្រូលខេត្តបន្ទាយមានជ័យ ដឹកនាំដោយ លោក ស៊ាន សីុណាត ប្រធានសាខា សហការជាមួយមន្ទីរពាណិជ្ជកម្ម នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត-ក្រសួង បានបើកប្រតិបត្តិការចុះរឹបអូស ណែមខូចគុណភាពជាង១០០គីឡូក្រាម នៅគល់ស្ពានទឹកថ្លា ក្រុងសិរីសោភ័ណ និងទឹកខ្មេះមានជាតិអាសីុត ព្រមទាំងទំនិញខូចគុណភាព ហួសកាលបរិច្ឆេទមួយចំនួន ទៀតផងដែរ នៅផ្សារកូនដំរី ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក ហុង លៀង អនុប្រធានទទួលបន្ទុកទីផ្សារ និងស្ថិតិ បានប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះថា «បន្ទាប់ពីធ្វើការស្រាវជ្រាវ មន្ដ្រីជំនាញបានធ្វើរឹបអូសបាន ណែម ដែលមានសារធាតុបូរ៉ាក់ជាង១០០គីឡូក្រាម ទឹកខ្មេះរូបទន្សាយ៥៤ដប ទឹកផ្លែឈើ៩យួរ ទឹកដោះគោប្រអប់៨យួរ នំស្រួយបំពងកញ្ចប់២២គីឡូក្រាម នំទាខ្វៃចៀន៣កញ្ចប់ មីសួរ៤កញ្ចប់ ផ្សិតកំប៉ុង៤កំប៉ុង ទឹកក្រូច៧ដប និងទឹកត្រី៦ដប ព្រមទាំងកំទេចមី មួយចំនួនផងដែរ»។
លោក បន្ដថា ក្រោយពីមន្ដ្រីជំនាញបានរឹបអូសរួចហើយនោះ ក៏បានធ្វើការអប់រំណែនាំ ដល់អាជីករទាំងអស់ ត្រូវតែយកចិត្តទុក និងមិនត្រូវការចរាចរ ទំនិញដែលមានសារធាតុគីមី និងទំនិញណាដែលហួសកាលបរិច្ឆេទ បន្ដទៀតនោះទេ ប្រសិនបើមិនដូច្នេះទេ មន្ដ្រីជំនាញនឹងចាត់ការតាមច្បាប់ជាមិនខាន។
សូមបញ្ជាក់ថា ទំនិញដែលមានសារធាតុគីមី និងទំនិញដែលខូចគុណភាព បន្ទាប់ពីរឹបអូសបាន កម្លាំងជំនាញបានយកទៅរក្សាទុក ដើម្បីដុតកំទេចចោល៕