(ជប៉ុន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា ហើយបាននិងកំពុងជួយកម្ពុជាលើគ្រប់វិស័យ រួមទាំងកិច្ចចរចាសន្តិភាព ប្រតិបត្តិការរក្សាសន្តិភាព ការពង្រឹងប្រព័ន្ធតុលាការ និងច្បាប់ រួមទាំងកិច្ចការផ្សេងៗជាច្រើនទៀត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ នាឱកាសដែលសម្តេចបានថ្លែងសុន្ទរកថា ក្នុងសិក្ខាសាលាអំពីវិនិយោគនៅកម្ពុជាឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណ និងដឹងគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជា តាំងពីដើមរៀងមក។ មិត្តជប៉ុនបាននិងកំពុងជួយកម្ពុជាលើគ្រប់វិស័យ រួមទាំងកិច្ចចរចាសន្តិភាព ប្រតិបត្តិការរក្សាសន្តិភាព ការពង្រឹងប្រព័ន្ធតុលាការ និងច្បាប់ ការអភិវឌ្ឍធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ទំនាក់ទំនងដ៏ល្អ និងយូរអង្វែងនេះត្រូវបានពង្រឹងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងការប្រាស្រ័យទាក់ទងទៀងទាត់រវាងប្រជាជនរបស់យើង ដែលបង្ហាញយ៉ាងច្បាស់នូវមិត្តភាពជាគំរូ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង ដោយផ្អែកលើគោលការណ៍នៃទំនុកចិត្ត ការគោរព និងការគាំទ្រគ្នាទៅវិញទៅមកក្នុងវិស័យសេដ្ឋកិច្ចសង្គម ពាណិជ្ជកម្ម នយោបាយ និងការទូត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា ទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារ ប្រទេសជប៉ុនបានពង្រីកកម្ចីសម្បទានសម្រាប់ការអភិវឌ្ឍកំពង់ផែអន្តរជាតិ និងបណ្តាញដឹកជញ្ជូនដែលតភ្ជាប់ប្រទេសកម្ពុជាជាមួយប្រទេសជិតខាង និងមជ្ឈមណ្ឌលនាំចេញសំខាន់ៗនៅក្នុងតំបន់ ដែលរួមចំណែកដល់ការសន្សំពេលវេលា និងការចំណាយ ដែលពាក់ព័ន្ធនឹងការដឹកជញ្ជូន។

ជាក់ស្តែងកាលពីឆ្នាំ២០២២ ប្រទេសជប៉ុនបានផ្តល់ប្រាក់កម្ចីសម្បទាន សម្រាប់គម្រោងពង្រីកស្ថានីយកុងតឺន័រថ្មីមួយនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ នៅឆ្នាំ២០២៣នេះ នៅថ្ងៃទី២២ សម្តេច និងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា នឹងសម្ពោធការពង្រីកដំណាក់កាលទី១ ដែលជាផ្នែកនៃការពង្រីកបីដំណាក់កាល ដែលនឹងអនុញ្ញាតឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុក្លាយជាកំពង់ផែមួយក្នុងចំណោមកំពង់ផែក្នុងតំបន់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ក្នុងអំឡុងពេលកិច្ចប្រជុំរបស់សម្តេច ជាមួយជាមួយនាយករដ្ឋមន្ត្រី Kishida សម្តេចក៏បានស្នើគំនិតនៃការឱ្យប្រទេសជប៉ុន អភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ មិនត្រឹមតែជាកំពង់ផែដ៏សំខាន់ប៉ុណ្ណោះទេ ប៉ុន្តែតំបន់នេះនឹងក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់នាពេលអនាគត។ ដូច្នេះវានឹងក្លាយជាគម្រោងដ៏សំខាន់មួយរវាងកម្ពុជា និងជប៉ុនសម្រាប់រយៈពេលវែង មិនត្រឹមតែសម្រាប់សេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ទំនាក់ទំនងរយៈពេលវែងផងដែរ។

តាមរយៈកម្ចីសម្បទានពីប្រទេសជប៉ុន សម្តេចមហាបវរធិបតី បានគូសបញ្ជាក់ដែរថា ថ្មីៗនេះសម្តេចក៏បានសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ដែលមានប្រវែង ៣០០គីឡូម៉ែត្រ តភ្ជាប់ពីរាជធានីភ្នំពេញ ផ្លូវជាតិលេខ១ និងស្ពាន Tsubasa។ គម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ដែលត្រូវបានអភិវឌ្ឍក្រោមកម្ចីសម្បទានពីប្រទេសជប៉ុន បម្រើក្នុងការតភ្ជាប់ផ្លូវហាយវេអាស៊ានទី១។ វាជាច្រករបៀងសេដ្ឋកិច្ចដ៏អស្ចារ្យ និងភាគខាងត្បូងនៃអនុតំបន់មេគង្គ ដែលសម្រួលដល់ការដឹកជញ្ជូនឆ្លងកាត់ប្រទេសថៃ កម្ពុជា និងវៀតណាម។ ដូច្នេះតាមរយៈគម្រោង ដូចជា កំពង់ផែ ផ្លូវថ្នល់ ស្ពាន កម្ពុជាអាចតភ្ជាប់ខ្លួន ជាផ្នែកមួយនៃការពង្រីកបណ្តាញភស្តុភារអាស៊ានដ៏យូរអង្វែង។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា បន្ថែមពីលើការផ្តល់ជំនួយអភិវឌ្ឍន៍ជាផ្លូវការ ប្រទេសជប៉ុនតែងតែធ្វើការវិនិយោគយ៉ាងច្រើននៅកម្ពុជា បង្កើតឱកាសការងារជាច្រើន និងទូលំទូលាយ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ភាពស្និទ្ធស្នាល និងភាពជឿជាក់ដែលមិនអាចកាត់ថ្លៃបានរវាងកម្ពុជា និងជប៉ុន បង្កើតបាននូវមូលដ្ឋានគ្រឹះដ៏រឹងមាំមួយសម្រាប់ការបណ្តុះទំនុកចិត្តក្នុងចំណោមពាណិជ្ជករ និងអ្នកវិនិយោគនៃប្រទេសទាំងពីរ។ នេះបង្ហាញឱ្យឃើញពីការកើនឡើងនៃវត្តមានរបស់គម្រោងវិនិយោគជប៉ុនទាំងតូច និងធំ និងសហគ្រាសពាណិជ្ជកម្មនៅកម្ពុជាផងដែរ៕