(ភ្នំពេញ)៖ សម្តេចបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ មិនត្រឹមតែជាកំពង់ផែដ៏សំខាន់ប៉ុណ្ណោះទេ ប៉ុន្តែតំបន់នេះនឹងក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់នាពេលអនាគត។

សម្តេចនាយករដ្ឋមន្ត្រីថ្លែងបែបនេះ ក្នុងសិក្ខាសាលាអំពីវិនិយោគនៅកម្ពុជាឆ្នាំ ២០២៣ នៅទីក្រុងតូក្យូ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ រៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ប្រទេសជប៉ុន (JETRO) JBAC និងសភាពាណិជ្ជកម្មកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មិត្តជប៉ុន បាននិងកំពុងជួយកម្ពុជាលើគ្រប់វិស័យ រួមទាំងកិច្ចចរចាសន្តិភាព ប្រតិបត្តិការរក្សាសន្តិភាព ការពង្រឹងប្រព័ន្ធតុលាការ និងច្បាប់ ការអភិវឌ្ឍធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ។ ទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារ ប្រទេសជប៉ុនបានពង្រីកកម្ចីសម្បទានសម្រាប់ការអភិវឌ្ឍកំពង់ផែអន្តរជាតិ និងបណ្តាញដឹកជញ្ជូនដែលតភ្ជាប់ប្រទេសកម្ពុជាជាមួយប្រទេសជិតខាង និងមជ្ឈមណ្ឌលនាំចេញសំខាន់ៗនៅក្នុងតំបន់ ដែលរួមចំណែកដល់ការសន្សំពេលវេលា និងការចំណាយ ដែលពាក់ព័ន្ធនឹងការដឹកជញ្ជូន។

សម្តេចបានបញ្ជាក់បន្ថែមថា ជាក់ស្តែងកាលពីឆ្នាំមុន ប្រទេសជប៉ុនបានផ្តល់ប្រាក់កម្ចីសម្បទាន សម្រាប់គម្រោងពង្រីកស្ថានីយកុងតឺន័រថ្មីមួយ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ នៅឆ្នាំនេះ បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី ត្រឡប់ទៅកម្ពុជាវិញ ពោលគឺនៅថ្ងៃទី២២ សម្តេចនិងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជានឹងសម្ពោធការពង្រីកដំណាក់កាលទី ១ ដែលជាផ្នែកនៃការពង្រីកបីដំណាក់កាល ដែលនឹងអនុញ្ញាតឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្លាយជាកំពង់ផែមួយក្នុងចំណោមកំពង់ផែក្នុងតំបន់។

«កាលពីម្សិលមិញ ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ខ្ញុំ ជាមួយនាយករដ្ឋមន្ត្រី Kishida ខ្ញុំបានស្នើគំនិតនៃការឱ្យប្រទេសជប៉ុនអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ មិនត្រឹមតែជាកំពង់ផែដ៏សំខាន់ប៉ុណ្ណោះទេ ប៉ុន្តែតំបន់នេះនឹងក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់នាពេលអនាគត។ ដូច្នេះ វានឹងក្លាយជាគម្រោងដ៏សំខាន់មួយរវាងកម្ពុជា និងជប៉ុនសម្រាប់រយៈពេលវែង មិនត្រឹមតែសម្រាប់សេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ទំនាក់ទំនងរយៈពេលវែងផងដែរ»។ នេះបើតាមប្រសាសន៍សម្តេចធិបតី។

សូមជម្រាបថា កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន អតីតនាយក​រដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ចំណតផែ​កុងតឺន័រថ្មី​នៅ​កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ការសាងសង់ចំណតកំពង់ផែថ្មីដែល​ចំណាយ​​ថវិការហូតដល់ទៅជិត ១ពាន់លានដុល្លារអាមេរិកនេះ គឺដើម្បីពង្រីកសមត្ថភា​ព​​ដឹក​ជញ្ជូន​ទំនិញតាមផ្លូវសមុទ្រឱ្យកាន់តែខ្លាំងក្លាថែមទៀត ឆ្លើយតមកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា។

គម្រោងសាងសង់ចំណតផែ​កុងតឺន័រ​ថ្មី នឹងប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែល​បច្ចុប្បន្នជាកំពង់ផែអន្តរជាតិខ្នាតតូច (Feeder Port) ឱ្យទៅជាកំពង់ផែ​អន្តរជាតិ​ខ្នាតធំ (Hub Port) ដែលអនុញ្ញាតឱ្យនាវាកុងតឺន័រធុនធំ ដែលមានផ្លូវដឹកជញ្ជូន​ពីគ្រប់តំបន់នៅក្នុងពិភពលោកអាចចូលចតបាន ដោយពុំមានឧបសគ្គលើជម្រៅទឹក ទៀតឡើយ។ គម្រោងទាំងនេះនឹងផ្តល់ផលចំណេញសេដ្ឋកិច្ច (EIRR) ប្រមាណ ២៣.៣ភាគរយ និងផលប្រយោជន៍ហិរញ្ញវត្ថុ (FIRR) ប្រមាណ ៧.៧% ផងដែរ។

ចំពោះចំណតផែកុងតឺន័រជំហានទី១ នៅពេលដាក់ឱ្យដំណើរការនឹងអនុញ្ញាត​ឱ្យនា​វា​ប្រមាណ ៩៣ភាគរយ ក្នុងតំបន់ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែល​បច្ចុប្បន្នមានត្រឹមតែ ១៨ភាគរយប៉ុណ្ណោះអាចចូលចតបាន ហើយតម្លៃដឹក​ជញ្ជូន​តាម​សមុទ្រ (Ocean Freight) នឹងមានតម្លៃប្រហាក់ប្រហែល​ជាមួយបណ្តា​ប្រទេស​ក្នុងតំបន់ផងដែរ។ ជាងនេះទៀត ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី២ និងជំហានទី៣ នឹងផ្តល់លទ្ធភាពបន្ថែមសម្រាប់ការនាំ ទំនិញចេញ-ចូល​ដោយផ្ទាល់​ពីកម្ពុជាទៅកាន់បណ្តាកំពង់ផែក្នុងតំបន់អឺរ៉ុប និងអាមេរិក ដោយពុំចាំបាច់ឆ្លងកាត់​បណ្តាកំពង់ផែផ្សេងៗ នៅក្នុងតំបន់ទៀតឡើយ៕