(ភ្នំពេញ)៖ លោក សាន់តូ ដារម៉ូស៊ូម៉ារតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៉ីប្រចាំកម្ពុជា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូចុះទស្សនកិច្ច ដើម្បីឈ្វេងយល់ពីច្រវាក់ផលិតកម្មផលិត នំស្រួយលីលី ដែលជាសហគ្រាសបង្កើតដោយកូនខ្មែរមួយរូប គឺឧកញ៉ា កែវ មុំ។

ទស្សនកិច្ចនេះ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅ ដោយលោកស្រីឧកញ៉ា កែវ មុំ អភិបាល នៃក្រុមហ៊ុន លីលី ហ្វ៊ូដ អ៉ិនដាសទ្រី ខូលអិលធីឌី កញ្ញា អ៉ឹង ឈីវលី ហៅ លីលី អគ្គនាយិកាក្រុមហ៊ុនផលិតនំស្រួយលីលី និងក្រុមការងាររបស់លោកស្រី។

ក្នុងឱកាសនោះ លោក សាន់តូ ដារម៉ូស៊ូម៉ារតូ បានបង្ហាញការកោតសរសើរ ពីការរីកចម្រើនយ៉ាងឆាប់រហ័ស របស់ SMEs នៅកម្ពុជា។ ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូត ក៏បានបង្ហាញពីបំណងចង់ឃើញកិច្ច សហប្រតិបត្តិការពាណិជ្ជកម្ម រវាងកម្ពុជា និងឥណ្ឌូនេស៉ីកើនឡើង ជាពិសេសលោកចង់ឃើញនំដែលផលិតដោយកូនខ្មែរ ដូចនំស្រួយលីលី ត្រូវបាននាំចេញទៅប្រទេសឥណ្ឌូនេស៉ី។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់ប្រជាជនឥណ្ឌូនេស៉ី ខ្ញុំគិតថា មានឱកាសច្រើនណាស់ សម្រាប់ធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូនេស៉ី។ មានផលិតផលឥណ្ឌូនេស៉ីជាច្រើន កំពុងចូលទីផ្សារកម្ពុជា។ ខ្ញុំក៏សូមជម្រាបជូន ប្រជាជនឥណ្ឌូនេស៉ី មិត្តភក្តិ ក៏ដូចជាគ្រួសាររបស់ខ្ញុំថា មានផលិតផលមានគុណភាព និងល្អៗ របស់កម្ពុជា ជាច្រើន អាចត្រូវបាននាំចេញ និងទទួលទានដោយប្រជាជនឥណ្ឌូនេស៉ី ដូច្នេះសង្ឃឹមយ៉ាងមុតមាំថា យើងនឹងអាចឃើញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកើនឡើង រវាងឥណ្ឌូនេស៉ី និងកម្ពុជា តាមរយៈការងារនៃក្រុមហ៊ុននានា ដូចជា លីលី ហ្វ៊ូដ»

ព័ត៌មានលម្អិត សូមទស្សនាវីដេអូខាងក្រោម៖