(ភ្នំពេញ)៖ ថ្លែងក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ ដើម្បីអបអរសាទរឆាំ្នទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឱ្យមានការដោះស្រាយឱ្យបានឆាប់រហ័សលើបញ្ហាចាប់ពង្រត់ជនជាតិជប៉ុន ដើម្បីពួកគេអាចវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារ។

នេះយោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីលទ្ធផលនៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ដើម្បីអបអរសាទរឆាំ្នទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន» ដែលបណ្តាព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានសម្តែងនូវកង្វល់ពីការបន្តបាញ់សាកល្បងមីស៊ីល អន្តរទ្វីប ដោយសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងបានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ ចូលរួមក្នុងកិច្ចសន្ទនាដែលមានលក្ខណៈស្ថាបនា និងដោយសន្តិវិធី ដើម្បីជំរុញការរំសាយអាវុធនុយក្លេអ៊ែរដោយពេញលេញ អាចផ្ទៀងផ្ទាត់បាន និងមិនអាចត្រឡប់ថយក្រោយ សំដៅធានាសន្តិភាព និងស្ថិរភាពយូរអង្វែងនៅឧបទ្វីបកូរ៉េ។

ជាមួយគ្នានោះពាក់ព័ន្ធនឹងបញ្ហាចាប់ពង្រត់ជនជាតិជប៉ុន សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «សូមអំពាវនាវឱ្យមានការដោះស្រាយ ឱ្យបានឆាប់រហ័សលើបញ្ហាចាប់ពង្រត់ជនជាតិជប៉ុន ដើម្បីពួកគេអាចវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារ»