(ឧត្តរមានជ័យ)៖ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ លោក សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចរបស់រាជរដ្ឋាភិបាល ត្រួតពិនិត្យនិងដោះស្រាយបញ្ហារដំណើរ ចេញចូលរបស់ពលករខ្មែរ តាមព្រំដែននៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំ នៅរដ្ឋបាលសាលាខេត្តឧត្តរមានជ័យ ដើម្បីពង្រឹងការអនុវត្តការងាររបស់មន្ត្រីសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ ឈរជើងនៅច្រកទ្វារព្រំដែន ក្នុងទឹកដីខេត្តឧត្តរមានជ័យ ក្នុងការសម្របសម្រួលការឆ្លងដែនជូនប្រជាពលរដ្ឋដោយស្របច្បាប់។

កិច្ចប្រជុំនេះមានសមាសភាពចូលរួមពីលោក ហេង ចាន់ឌី រដ្ឋលេខាធិការក្រសួងអធិការកិច្ច, លោក សួន បវរ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ, លោក ឃុន សំបូរ អគ្គនាយករង អគ្គនាយកដ្ឋានអន្តោប្រវេសន៍, លោក ហោ ជិនវិរយុទ្ធ អភិបាលរងខេត្តឧត្តរមានជ័យ, លោក ណុប វុទ្ធី អភិបាលរងខេត្តព្រះវិហារ, មេបញ្ជាការរងយោធភូមិភាគទី៤ ប្រចាំទិសទី២ និងទី៣, ស្នងការនគរបាលខេត្តឧត្តរមានជ័យ និងសមាជិកក្រុមការងាទី២ នៃគណៈកម្មការចំពោះកិច្ច។

ឆ្លៀតក្នុងឱកាសនោះលោក សៀក សុជាតិ បានដាក់ចេញវិធានការដល់មន្ត្រីឈរជើងតាមច្រកទ្វារព្រំដែន ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធដូចខាងក្រោម៖

*ទី១៖ ត្រូវបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋដែលធ្វើការឆ្លងដែនចេញចូលក្នុងទឹកដីថៃ ឱ្យបានទាន់ពេលវេលា ចៀសវាងកុំឱ្យមានកកស្ទះនៅតាមច្រកទ្វារព្រំដែន ពិសេសច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត
*ទី២៖ សមត្ថកិច្ចទាំងអស់ត្រូវបញ្ឈប់ជាបន្ទាន់ការយកប្រាក់កម្រៅក្រៅផ្លូវការ និងត្រូទទួលខុសត្រូវលើសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយតាមច្រកទ្វារព្រំដែន
*ទី៣៖ តាមដានជាប្រចាំអំពីស្ថានភាព នៃការធ្វើដំណើរចេញចូលរបស់ពលករខ្មែរ និងរាយការណ៍មកក្រុមការងារត្រួតពិនិត្យដំណើរចេញចូលរបស់ពលករខ្មែរតាមព្រំដែន ឱ្យបានមុនម៉ោង ៤៖៣០នាទីល្ងាច
*ទី៤៖ គ្រប់គ្រងស្ថិតិ និងលំហូរពលករចេញចូលឆ្លងកាត់ព្រំដែនឱ្យបានច្បាស់លាស់ និងចាត់វិធានការទប់ស្កាត់ បង្ក្រាបសកម្មភាពមេខ្យល់ និងអ្នកសមគំនិតដែលអូសទាញពលករឆ្លងដែនខុសច្បាប់តាមគ្រប់រូបភាព
*ទី៥៖ ត្រូវបិទច្រករបៀងខុសច្បាប់ទាំងអស់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីបញ្ជៀសកុំឱ្យពលករចាញ់បោកមេខ្យល់ឆ្លងដែនខុសច្បាប់បន្តទៀត។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ ក៏បានបើកកិច្ចប្រជុំត្រួតពិនិត្យនៅច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់ ដើម្បីពង្រឹងការអនុវត្តការងាររបស់មន្ត្រីសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ ឈរជើងនៅច្រកទ្វារព្រំដែនក្នុងដំណើរការរសម្របសម្រួលពលរដ្ឋការឆ្លងដែនជូនប្រជាពលរដ្ឋដោយស្របច្បាប់ នៅទីស្នាក់ការ ច្រកអន្តរជាតិអូស្មាច់ ខេត្តឧត្តមានជ័យ៕