(ភ្នំពេញ)៖ លោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន បានថ្លែងថា កន្លងទៅសាលាខណ្ឌចំការមន បានជូនដំណឹងឲ្យម្ចាស់សំណង់ ធ្វើការរុះរើរបងថ្ម ដោយស្ម័គ្រចិត្ត ប៉ុន្តែលោកស្រី សាយ សុផា ដែលជាម្ចាស់ សំណង់មិនព្រម នៅរឹងរូស មិនអនុវត្តតាមការជូនដំណឹង ទើបនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ និងទទួលបានបញ្ជាពីលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន, លោកដឹកនាំកម្លាំង និងគ្រឿងចក្រចុះធ្វើការវាយរបងថ្មនេះតែម្តង។

ខណៈកម្លាំងកំពុងបញ្ជាគ្រឿងចក្រ វាយរបងថ្មរំលោភផ្ទៃបឹងនោះ លោកស្រីម្ចាស់សំណង់ បានចេញមុខប្រកែក និងតវ៉ា ដោយបងបង្ហាញថា មានឯកសារទិញ-លក់ត្រឹមត្រូវ ហេតុអ្វីក៏ចុះមកវាយរបងផ្ទះគាត់បែបនេះ។ ពាក់ព័ន្ធនឹងការតវ៉ានេះ លោក អាំង សិរីពិសិដ្ឋ បានពន្យល់លោកស្រីថា បើលោកស្រីមានលិខិតទិញ-លក់នេះ លោកស្រីអាចបន្តបណ្តឹងទៅលើបាន។

ចុងក្រោយមក លោកស្រី សាយ សុផា ម្ចាស់សំណង់រំលោភចំណីបឹងនេះ យល់ព្រមតាមអាជ្ញាធរ ក្នុងការរុះរើ វាយរបងថ្មនោះ។ សូមបញ្ជាក់ថា យោងលិខិតរបស់រដ្ឋបាលខណ្ឌចំការមន បានចេញលិខិតឲ្យលោកស្រី សាយ សុផា ដែលសាងសង់របងថ្មរឹងមាំ ក្នុងផ្ទៃបឹងធម្មជាតិបឹងត្របែក (បឹងធំ) រុះរើចេញជាច្រើនលើកមកហើយ។

ផ្អែកតាមការចុះពិនិត្យរបស់ក្រុមការងាររដ្ឋបាលខណ្ឌចំការមន និងរបាយការណ៍របស់រដ្ឋបាលសង្កាត់ផ្សារដើមថ្កូវ ឃើញថា លោកស្រី បាននិងកំពុងសាងសង់របងអំពីឥដ្ឋចូលក្នុងបរិវេណផ្ទៃបឹងធម្មជាតិបឹងត្របែក (បឹងធំ) ស្ថិតនៅ ផ្ទះលេខ៥០៦ ភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលជាអាងស្តុកទឹកសម្រាប់រំដោះទឹក។

នៅរដូវវស្សា និងជាតំបន់ដែលរដ្ឋបាលរាជធានីភ្នំពេញ បានហាមឃាត់។ ដើម្បីចូលរួមក្នុងការគោរពច្បាប់ និងរក្សាសណ្តាប់ធ្នាប់សាធារណៈ រដ្ឋបាលខណ្ឌចំការមន សូមឱ្យលោកស្រី ធ្វើការវាយរបងថ្ម ដែលបានសាងសង់រួច ចេញដោយខ្លួនឯង ក្នុងរយៈពេល១សប្តាហ៍ បន្ទាប់ពីបានទទួលលិខិត ជូនដំណឹងនេះ។

ក្នុងករណី លោកស្រី មិនព្រមវាយចេញទេនោះ រដ្ឋបាលខណ្ឌ និងចាត់ក្រុមការងារចុះវាយចេញ និង មិនទទួលខុសត្រូវចំពោះការខូចខាត ឫបាត់បង់សម្ភារៈឡើយ៕