(ជប៉ុន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងការគាំទ្រដល់គំនិតផ្តួចផ្តើមសហបង្កើតឧស្សាហកម្មយានយន្ត ជំនាន់ថ្មីអាស៊ាន-ជប៉ុន (ASEAN-Japan Next Generation Automotive Industry Co-Creation Initiative)។ នេះបើតាមសេចក្តីប្រកាសរបស់ ក្រសួងការបរទេស អំពីលទ្ធផល នៃទស្សនកិច្ចការងាររបស់សម្តេចធិបតី នៅប្រទេសជប៉ុនដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ចំពោះភាពជាដៃគូសម្រាប់សហបង្កើតសេដ្ឋកិច្ច និងសង្គមនាពេលអនាគត សម្តេចធិបតីបាន ក៏សង្កត់ធ្ងន់លើការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលសេរី បើកចំហ មានតម្លាភាព សមភាព និង ផ្អែកលើវិធានច្បាប់ ព្រមទាំងបញ្ជាក់នូវភាពចាំបាច់ក្នុងការពង្រឹងការប្រើប្រាស់ក្របខណ្ឌពាណិជ្ជកម្ម ពហុភាគីដឹកនាំដោយអាស៊ានដែលមានការចូលរួមយ៉ាងសកម្មពីដៃគូទាំងឡាយឱ្យអស់សក្តានុពល តួយ៉ាងដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន (AJCEP)។

សម្តេចធិបតី ក៏បានគាំទ្រផងដែរ ចំពោះគម្រោងរបស់ នាយករដ្ឋមន្ត្រីជប៉ុន ក្នុងការកៀរគរមូលនិធិ ៣៥ពាន់លាន ដុល្លារអាមេរិក សម្រាប់រយៈពេល ៥ឆ្នាំ តាមរយៈភាពជាដៃគូរវាងរដ្ឋនិងឯកជន ក្នុងតំបន់អាស៊ាន ដោយផ្តោតលើវិស័យសំខាន់ៗមួយចំនួន ដូចជា ការតភ្ជាប់ អន្តរកាលបៃតង ការប្រែប្រួលអាកាសធាតុ និងសហគ្រាសធុនមីក្រូ តូច និងមធ្យមជាដើម។

សម្តេចលើកឡើងថា ការគាំទ្រគំនិតផ្តួចផ្តើមទាំងអស់នេះនឹងរួមចំណែក ដល់ការអនុវត្តកម្មវិធីនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ជាពិសេសការលើក កម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការនាំមកនូវកាលានុវត្តភាពថ្មីៗ និងការបង្កើតឱកាស ការងារ។

នៅក្នុងឱកាសនោះ នាយករដ្ឋមន្ត្រីជប៉ុន ក៏បានប្រកាសផងដែរនូវសកម្មភាពថ្មីក្រោមកម្មវិធី «ភាពជាដៃគូដើម្បីកសាងអនាគត» ដែលមានទឹកប្រាក់ចំនួន ៤០ពាន់លានយ៉េន (ប្រមាណ ២៨១,៤៤លានដុល្លារអាមេរិក) សម្រាប់រយៈពេល ១០ឆ្នាំខាងមុខ និងគម្រោងដែលមានទឹកប្រាក់ចំនួន ១៥ពាន់លានយ៉េន (ប្រមាណ ១០៥,៥៤លានដុល្លារអាមេរិក) សម្រាប់កិច្ចការស្រាវជ្រាវ អន្តរ ជាតិ និងការផ្លាស់ប្តូរការបណ្តុះបណ្តាលមូលធនមនុស្ស។ ជាការឆ្លើយតប សម្តេចធិបតី បានគាំទ្រ គំនិតផ្ដួចផ្ដើមទាំងពីរនេះ និងបានបង្ហាញពីការត្រៀមខ្លួនជាស្រេចរបស់កម្ពុជា ដើម្បីចូលរួមចំណែក ក្នុងការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕