(ក្រុងរីយ៉ូ)៖ តុលាការកីឡា ដែលហៅកាត់ថា CAS បានធ្វើការច្រានចោលចំពោះបណ្តឹងរបស់ប្រទេសរុស្ស៊ី ជុំវិញការប្តឹងគណៈកម្មាធិការប៉ារ៉ាឡាំពិក ដែលបានដាក់បម្រាមអត្តពលិកជនពិការរបស់ខ្លួន មិនឲ្យចូលរួមប្រកួតក្នុង Rio Paralympic 2016 នាខែក្រោយនេះ។
សារព័ត៌មាន BBC បានចេញផ្សាយនៅមុននេះថា CAS មិនទទួលបណ្តឹងរបស់រុស្ស៊ីឡើយ នោះមានន័យថា អត្តពលិកជនពិការរុស្ស៊ី នឹងមិនអាចមានសិទ្ធិចូលរួមប្រកួត Rio Paralympic 2016 នៅប្រទេសប្រេស៊ីលនាខែក្រោយបានទេ។
សូមបញ្ជាក់ផងដែរថា អត្តពលិករុស្ស៊ីទាំងអស់ត្រូវបានគណៈកម្មាធិការ Paralympic ប្រកាសដាក់បម្រាមព្យួរការប្រកួតកាលពីថ្ងៃទី១៥ ខែសីហា ក្រោយពីរកឃើញថា អត្តពលិកនៃប្រទេសបានលួចប្រើសារធាតុហាមឃាត់នាពេលកន្លងមក។
ថ្មីៗនេះដែរ អត្តពលិករុស្ស៊ី ចំនួន ១១៨នាក់ ក៏ត្រូវបាន IOC ពិន័យមិនឲ្យចូលប្រកួតដែរក្នុងព្រឹត្តិការណ៍កីឡា Rio Olympic Games 2016 ដែលទើបតែបញ្ចប់កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ នៅប្រទេសប្រេស៊ីលដូចគ្នា៕